ប្រទេសរុស្ស៊ីបានរងការវាយប្រហារ Cyber Attacks ប្រមាណ ២៥ លានដង ក្នុងគោលដៅអុកឡុកប្រព័ន្ធព័ត៌មាននិងហេដ្ឋារចនាសម្ព័ន្ធក្នុងរយៈពេល ៣០ ថ្ងៃ អំឡុងការប្រកួត FIFA World Cup។ នេះបើយោងតាមប្រធានាធិបតីលោក Vladimir Putin បានប្រកាសចេញជាសាធារណៈ។
លោក Putin បានមានប្រសាសន៍ថា៖ "យើងរងការវាយប្រហារពី Cyber Attacks ជិត ២៥ លានដង និងសកម្មភាពឧក្រិដ្ឋកម្មមួយចំនួនផ្សេងទៀត ដើម្បីប្រឆាំងទៅលើហេដ្ឋារចនាសម្ព័ន្ធព័ត៌មានរបស់រុស្ស៊ីដែលជាប់ពាក់ព័ន្ធក្នុងនាមយើងជាម្ចាស់ផ្ទះ World Cup”។
សង្កត់ធ្ងន់ក្នុងកិច្ចប្រជុំដ៏ធំមួយ លោកបានថ្លែងអំណរគុណដល់ភ្នាក់ងារពិសេសទាំង ៥៥ រូប និងភ្នាក់ងារអនុវត្តច្បាប់មកពី ៣៤ ប្រទេសដែលបានជួយធានានូវសន្តិសុខក្នុងរយៈពេលមួយខែកន្លងមកនេះ។ ខណៈការរៀបចំសេវាកម្មសន្តិសុខបានដំណើរការត្រួតពិនិត្យលើមនុស្សជាង ២ លាននាក់ រាប់ចាប់ពីកម្មករសាងសង់ដល់អ្នកស្ម័គ្រចិត្ត ដែលទទួលខុសត្រូវលើការគំរាមកំហែងគ្រប់បែបបទរួមមានវិទ្យុសកម្ម សារធាតុគីមី ជីវសាស្រ្ត និងអាវុធជាតិផ្ទះ។
បញ្ជាក់ថាការប្រកួត World Cup ឆ្នាំ ២០១៨ នេះបានដំណើរការចប់យ៉ាងរលូន ក្រោយរកឃើញម្ចាស់ជើងឯកនៃក្រុមមាន់គកបារាំង ជោគជ័យកាន់ពានជាលើកទី ២ ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
ប្រភព៖ RT
