បន្ទាប់ពីឈ្នះរង្វាន់ស្បែកជើងមាស World Cup ២០១៨ ខ្សែប្រយុទ្ធ Harry Kane បានបង្ហើបថា ខ្លួនចង់ធ្វើព្យាយាមស៊ុតបញ្ចូលទីឲ្យបានក្នុងខែសីហាខាងមុខនេះ។
ក្នុងថ្ងៃនេះ កីឡាករបាននិយាយ៖ "ខ្ញុំសង្ឃឹមថាបានត្រលប់ទៅជួយក្លឹបវិញក្នុងប្រកួតទីមួយ ហើយសង្ឃឹមថាខ្ញុំអាចព្យាយាមរកគ្រាប់បានក្នុងខែសីហា។ ការឈ្នះរង្វាន់ស្បែកជើងមាស World Cup គឺជាជោគជ័យមួយធំណាស់ មិនសូវមានកីឡាករច្រើនទេធ្វើបានបែបនេះ"។
បន្ទាប់មក ខ្សែប្រយុទ្ធបានរម្លឹកអំពីពាក្យសំដីរបស់ខ្លួនមុន World Cup ២០១៨ ថា ខ្លួនចង់បង្ហាញថាខ្លួនជាកីឡាករមួយរូបដែលបានបង្ហាញសមត្ថភាពក្នុងព្រឹត្តិការណ៍ធំបែបនេះ បន្ទាប់ពីលេងមិនសូវបានល្អក្នុងព្រឹត្តិការណ៍ Euro កាលពី ពីរឆ្នាំមុន ដោយរកមិនបានសូម្បីតែមួយគ្រាប់កាលនោះ។ ដូច្នេះ ការណ៍ដែលអាចក្លាយជាម្ចាស់ស្បែកជើងមាស World Cup ធ្វើឲ្យ Kane មាន "មោទនភាព"។
សូមបញ្ជាក់ផងដែរថា Kane បានបង្ហាញទម្រង់លេងល្អក្នុងប្រកួតភាគច្រើន នៅ World Cup លើកនេះ។ កីឡាករស៊ុតចូល ៦ គ្រាប់ និងជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជួយឲ្យអង់គ្លេសឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកម្មវិធីនេះ។
ដោយឡែកទាក់ទងនឹងរឿងក្លឹបវិញ បើទោះជាបានបង្ហាញទម្រង់លេងយ៉ាងល្អឲ្យក្លឹប Tottenham Hotspur រយៈពេល ៤ រដូវកាលចុងក្រោយយ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធអង់គ្លេសមិនទាន់រកបានមួយគ្រាប់ឡើយឲ្យក្លឹបក្នុងខែសីហា៕
ប្រភព៖ Four Four Two
