ជំនួបកំពូល ត្រាំ-គីម លើកទីពីរអាចនឹងកើត​ឡើង ខណៈរដ្ឋ​មន្ត្រីការបរទេស​អាមេរិក ត្រៀមចេញ​ដំណើរ​ទៅព្យុងយ៉ាង! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ជំនួបកំពូល ត្រាំ-គីម លើកទីពីរអាចនឹងកើត​ឡើង ខណៈរដ្ឋ​មន្ត្រីការបរទេស​អាមេរិក ត្រៀមចេញ​ដំណើរ​ទៅព្យុងយ៉ាង!

03/07/2018
(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) នឹងធ្វើដំណើរទស្សនកិច្ច​ទៅកាន់ប្រទេសកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ ដើម្បីជួបពិភាក្សា​ការងារជាមួយមេដឹកនាំ លោក គីម​ ជុងអ៊ុន និងបន្តកិច្ចចរចា​ស្ដីពីការ លុបបំបាត់អាវុធនុយក្លេអ៊ែរ​ នៃរបបដឹកនាំ​ទីក្រុង​ព្យុងយ៉ាង ក៏ដូចជាលទ្ធភាព​នៅក្នុងការរៀបចំជំនួប ត្រាំ-គីម លើកទីពីរផងដែរ។ នេះបើតាម​​ប្រភពពីសេតវិមាន ដកស្រង់​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន យ៉ុនហាប់ នៅព្រឹក​ថ្ងៃអង្គារ ទី០៣ ខែកក្កដា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសន្និសីទ​សារព័ត៌មានដ៏ខ្លីមួយ ​នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅក្នុង​សេតវិមាន) អ្នកនាំពាក្យ​សេតវិមាន​លោកស្រី សារ៉ាហ៍ សេនដឺស៍ (Sarah Sanders) បានប្រកាសថា នេះគឺជាដំណើរ​ទស្សនកិច្ច​ជាលើកដំបូង​របស់លោក ប៉ុមប៉េអូ ទៅកាន់ទីក្រុង​ព្យុងយ៉ាង ចាប់តាំង​ពីជំនួបកំពូលរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ក្នុងប្រទេស​សិង្ហបុរី​កាល​ពីខែមិថុនា​កន្លងទៅ។
លោកស្រី​បន្ថែមថា លោករដ្ឋមន្ត្រី​ការបរទេស​អាមេរិក នឹងស្ថិតនៅក្នុង​ប្រទេសកូរ៉េខាងជើង​រហូតដល់ថ្ងៃសៅរ៍ ដើម្បីពិភាក្សា​ និង ពិគ្រោះយោបល់​ពីការអនុវត្តឱ្យបានពេញលេញ​​ នូវកិច្ចព្រមព្រៀង​រវាងមេដឹកនាំ​​ប្រទេសទាំងពីរ​​នៅ​សិង្ហបុរី។
គួរជម្រាបថា ទីប្រឹក្សាសន្តិសុខជាតិ​​អាមេរិក លោក ចន បូលតុន (John Bolton) បាននិយាយថា រដ្ឋបាល​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ មាន​ផែនការ​​លុបបំបាត់អាវុធនុយក្លេអ៊ែរ​​កូរ៉េខាងជើង​ យ៉ាងយូរក្នុងរយៈពេល​មួយឆ្នាំ។​ ដូច្នេះគេរំពឹងថា នៅក្នុង​ជំនួបជាមួយលោក គីម លោក ប៉ុមប៉េអូ អាចនឹងលើក​យកសំណើនេះ​មកពិភាក្សាឡើង​វិញ ហើយមិនតែប៉ុណ្ណោះ​គេក៏ជឿជាក់ថា ជំនួប ត្រាំ-គីម អាចត្រូវ​ធ្វើឡើងជាថ្មី​ផងដែរ៕