គម្រោងសាងសង់ស្ពានអាកាសទី៦ និងផ្លូវក្រោមដីនៅរង្វង់ចោមចៅ ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ នឹងចំណាយថវិកាប្រមាណ ២២លានដុល្លារ។
ថ្លែងក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់នាព្រឹកនេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា៖ «នៅមិនយូរប៉ុន្មានទេ គឺយើងនឹងបានស្ពានអាកាសថ្មីទី៦ ព្រមទាំងផ្លូវក្រោមដីដើម្បីសម្រួលដល់ចរាចរណ៍ទូទៅកុំអោយកកស្ទះនៅម្តុំរង្វង់មូលចោមចៅតទៅទៀត។ ព្រោះនៅម្តុំនេះគឺចរាចរណ៍កកស្ទះស្ទើររាល់ថ្ងៃ»។
ជាមួយគ្នានេះ នៅអំឡុងពេលសាងសង់ ដើម្បីបញ្ចៀសបញ្ហាកកស្ទះចរាចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំប្រជាពលរដ្ឋម្ចាស់រថយន្តដឹកទំនិញគ្រប់ប្រភេទ និងម្ចាស់រថយន្តដឹកអ្នកដំណើរដែលត្រូវធ្វើចរាចរណ៍ចេញ-ចូលរាជធានីភ្នំពេញ ឆ្លងកាត់ទីតាំងខាងលើត្រូវពង្វាងចរាចរណ៍ដូចខាងក្រោមនេះ៖
១. ចំពោះរថយន្តធ្វើចរាចរណ៍ពីទិសខាងលិច តាមបណ្ដោយផ្លូវជាតិលេខ៤ ចូលរាជធានី ត្រូវធ្វើដំណើរតាមផ្លូវពង្វាងទៅតាមផ្លូវបែកចាន បត់ស្ដាំទៅទិសខាងត្បូង ឬផ្លូវកប់ស្រូវបត់ឆ្វេងទៅទិសខាងជើង។
២. ចំពោះរថយន្តធ្វើចរាចរណ៍មកពីផ្លូវជាតិលេខ៣ ចូលរាជធានីត្រូវធ្វើដំណើរតាមផ្លូវពង្វាង បត់ស្ដាំទៅតាមផ្លូវព្រៃស មុខវត្តស្លែង ឬទៅតាមផ្លូវទួលពង្រ បត់ស្ដាំតាមផ្លូវ ៣០ម៉ែត្រឆ្ពោះទៅផ្លូវចោមចៅ។
៣. ចំពោះរថយន្តធ្វើចរាចរណ៍តាមផ្លូវចោមចៅ ចេញក្រៅរាជធានីទៅផ្លូវជាតិលេខ៣ ត្រូវធ្វើដំណើរតាមផ្លូវទួលពង្រ បត់ឆ្វេងត្រង់ចំណុចស្តុប។
៤. ចំពោះចរាចរណ៍ពីផ្លូវចោមចៅឆ្ពោះទៅផ្លូវជាតិលេខ៤ ត្រូវបានអនុញ្ញាតឲ្យធ្វើចរាចរណ៍ជាធម្មតា៕
