ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន បន្តធ្វើដំណើរទៅសំណេះសំណាលជាមួយកម្មករជាង ២ម៉ឺននាក់នៅខេត្តកំពង់ឆ្នាំង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន បន្តធ្វើដំណើរទៅសំណេះសំណាលជាមួយកម្មករជាង ២ម៉ឺននាក់នៅខេត្តកំពង់ឆ្នាំង

27/06/2018
(កំពង់ឆ្នាំង)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងបាញ់ឆ្ពោះអភិវឌ្ឍវិស័យឧស្សាហកម្មសម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃពុធ ១៥​កើត ថ្ងៃពេញបូណ៌មី ខែបឋមាសាឍ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីសរុបប្រមាណ ២៤,៣៧៥នាក់ មកពីរោងចក្រចំនួន៥ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ជំនួបរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយបងប្អូនកម្មករ កម្មការិនីនៅក្នុងខេត្តកំពង់ឆ្នាំនាថ្ងៃនេះ គឺជាជំនួបលើកទី៤៦ហើយ គិតចាប់តាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧មក។ ជំនួបទាំង ៤៦លើកនេះ មានកម្មករ កម្មការិនីសរុប ៦០៥,២១២នាក់ ដែលបានចូលរួមសំណេះសំណាល ដោយផ្ទាល់ជាមួយសម្តេចតេជោ ហ៊ុន សែន។
ខេត្តកំពង់ឆ្នាំ គឺជាខេត្តទី៦ ហើយដែលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី បន្ទាប់ពីខេត្តកំពង់ចាម កំពង់ស្ពឺ កណ្តាល ស្វាយរៀង និងព្រះសីហនុ។

លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា រោងចក្រសហគ្រាសទាំង៥ ដែលអនុញ្ញាតឲ្យកម្មករ កម្មការិនីអញ្ជើញជួបសំណេះសំណាលជាមួយសម្តេចតេជោនេះ មកពីស្រុកសាមគ្គីមានជ័យចំនួន៣ និងស្រុកកំពង់ត្រឡាចចំនួន២។ រោងចក្រទាំង៥នេះ មានរោងចក្រចំនួន៤ ជារោងចក្រកាត់ដេរសម្លៀកបំពាក់ និងរោងចក្រ១ទៀត ជារោងចក្រផលិតស្បែកជើង ហើយផលិតផលផលិតចេញពីរោងចក្រទាំងនេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។

ខេត្តកំពង់ឆ្នាំង ក៏ជាតំបន់សមរភូមិប្រយុទ្ធដ៏ស្រួចស្រាវមួយផងដែរកាលពីអតីតកាល តែក្រោយពេលសង្គ្រាមត្រូវបានបញ្ចប់ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន បច្ចុប្បន្នខេត្តនេះ បានក្លាយជាតំបន់ដែលមានការអភិវឌ្ឍខាងវិស័យឧស្សាហកម្ម និងកសិកម្មឈានមុខមួយផងដែរ។

លោក អ៉ិត សំហេង បានឲ្យដឹងថា មកដល់ពេលបច្ចុប្បន្នខេត្តកំពង់ឆ្នាំង មានសហគ្រាស គ្រឹះស្ថានចំនួន១៥២ មានកម្មករ និយោជិត ៤៣,៧៧២នាក់ ក្នុងនោះរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងមានចំនួន១៨ មានកម្មករ និយោជិតចំនួន ៤២,១២៦នាក់ ដែលមានប្រាក់ឈ្នួលសរុបជាង ៩៤លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការអភិវឌ្ឍតំបន់នេះ គឺជាជោគជ័យនៃគោលនយោបាយទាក់ទាញវិនិយោគ បង្កើតការងារជូនកម្មករ និយោជិតរបស់រាជរដ្ឋាភិបាល និងជាជោគជ័យក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ, គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា, គោលនយោបាយស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ដែលបាននឹងកំពុងប្រែក្លាយខេត្តកំពង់ឆ្នាំង ទៅជាខេត្តដែលមានការអភិវឌ្ឍសេដ្ឋកិច្ចដូចបណ្តាខេត្តនានាផងដែរ៕