សម្តេច ហ៊ុន សែន សម្ពោធចំណតផែពហុបំណង នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេច ហ៊ុន សែន សម្ពោធចំណតផែពហុបំណង នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ!!!

26/06/2018
ក្រុងព្រះសីហនុ៖ ចំណតផែពហុបំណងមួយ នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលអាចដឹកទំនិញបាន៥ម៉ឺនតោន ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតិភាពរបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីព្រឹកថ្ងៃច័ន្ទ ទី២៥ មិថុនា, ដោយបង្ហាញពីឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងការឆ្លងកាត់ទំនិញ ដែលកើនឡើងកាន់តែច្រើនឡើងឥតឈប់ឈរ ខណៈនៅសល់តែ ៣៥ ថ្ងៃទៀតប៉ុណ្ណោះ ថ្ងៃបោះឆ្នោតជាតិ២០១៨នឹងមកដល់។

គម្រោងចំណតផែនេះ ត្រូវបានសាងសង់ឡើង ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋា ភិបាលជប៉ុន នូវទឹកប្រាក់សរុបចំនួនប្រមាណ ៧៤លានដុល្លារអាមេរិក តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្នុងក្របខណ្ឌ នៃការអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែពហុបំណងកំពង់ផែក្រុងព្រះសីហនុ រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាល សម្រាប់ទទួលបន្ទុកលើការបង់ពន្ធ និងអាករផ្សេងៗ។
យោងតាមសុន្ទរកថាបើក របស់ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានឲ្យដឹងថា ចំណតផែពហុបំណងនេះ រួមមាន ចំណតផែទំនិញរាយប្រវែង ៣៣០ម៉ែត្រ ជម្រៅទឹក ១៣,៥ម៉ែត្រ, ចំណតផែមូលដ្ឋានផ្គត់ផ្គង់ភស្តុភារសម្រាប់ការរុករកប្រេងប្រវែង ២០០ម៉ែត្រ ជម្រៅទឹក ៧,៥ម៉ែត្រ និងការផ្គត់ផ្គង់នាវាសណ្តោង (Tugboat) ។

សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយណាស់ ដែលបានអញ្ជើញមកចូលរួមក្នុងពិធីសម្ពោធចំណតផែពហុបំណងនេះនិងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ក្នុងការផ្តល់ហិរញ្ញប្បទានសម្ប ទានសាងសង់ចំណតចំណតផែពហុបំណងនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងការបំរើដល់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ក្នុងការដឹកជញ្ជូនទំនិញចេញចូលផ្សេងៗ។
លោកនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា ចំណតផែនេះ គឺជាច្រកទ្វារសេដ្ឋកិច្ចជាតិមួយដ៏សំខាន់សម្រាប់ដោះដូរផលិតផលកសិកម្មនិងកសិ-ឧស្សាហកម្មរបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោក ដោយបានតភ្ជាប់ទៅនឹងផ្លូវជាតិលេខ២, លេខ៣, និង លេខ៤ ព្រមទាំងផ្លូវរថភ្លើង និងជាពិសេសផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដែលគ្រោងនឹងបើកការដ្ឋានសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ។