
ជក់បារីសុខៗ ទម្លាក់កន្ទុយបារីចោល ដូចដុតផ្ទះខ្លួនឯងឆេះហ្មត់!!!
បញ្ចូលដោយ៖ Bunlors - 26/06/2018
ខេត្តព្រៃវែង៖ បុរសម្នាក់ជក់បារីរួច បោះកន្ទុយចោលក្បែរប្រពន្ធរបស់ខ្លួន ដែលកំពុងចាក់សាំង ក៏បង្កឲ្យកើតទៅជាអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅឡើង ផ្អើលដល់អ្នកភូមិ កាលពីវេលាម៉ោង១ និង៤នាទីរសៀល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ នៅភូមិទឹកវិល ឃុំកំពង់ប្រាសាទ ស្រុកពាមជ័រ។
មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ផ្ទះដែលរងនូវគ្រោះអគ្គិភ័យខាងលើនេះ មានទំហំ៤គុណនឹង៨ម៉ែត្រ ធ្វើពីឈើប្រក់ស្លឹក មានម្ចាស់ ឈ្មោះ ឡាំង យាំងមៀង ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិឃុំកើតហេតុខាងលើ។ ក្រៅពីបំផ្លាញផ្ទះអស់ទាំងមូលនោះ គ្រោះអគ្កិភ័យនេះ ក៏បានបំផ្លាញសម្ភារមួយចំនួន រួមមាន ម៉ូតូ២គ្រឿង សាំង២កាន ប្រើងម៉ាស៊ូតកន្លះកាដុង អាគុយ ផ្ទាំងសូឡា និងសម្ភារក្នុងផ្ទះ សរុបជាទឹកប្រាក់អស់១៤លានរៀល។
មន្ត្រីនគរបាលដដែល បានបន្តថា មុនពេលកើតមាននូវគ្រោះអគ្គិភ័យនោះ ម្ចាស់ផ្ទះបានអង្គុយជក់បារី នៅខាងលើផ្ទះ ហើយប្រពន្ធរបស់គាត់កំពុងតែចាក់សាំងនៅខាងក្រោមផ្ទះ។ ប៉ុន្តែបន្ទាប់ពីជក់បារីរួច ជនរងគ្រោះបានទម្លាក់កន្ទុយបារីមកខាងក្រោម ក៏បង្កឲ្យទៅជាគ្រោះអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្ដង។ ទោះជាយ៉ាងណា នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ មិនបានបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះឡើយ។