(ទីក្រុងប៉េកាំង)៖ កាលពីថ្ងៃសៅរ៍ ប្រទេសចិនបានឆ្លើយតបនឹងជម្លោះពាណិជ្ជកម្មជាមួយ សហរដ្ឋអាមេរិក ដោយដាក់ពន្ធលើផលិតផលអាមេរិកចំនួន៣៤ប៊ីលានដុល្លារ រួមមាន សណ្តែកសៀង រថយន្តអគ្គិសនី និងស្រាវីស្គី ។
រដ្ឋាភិបាលចិននិយាយថា ពួកគេដាក់ពន្ធតាមទ្រង់ទ្រាយដែលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសដាក់ពន្ធលើផលិតផលចិនកាលពីថ្ងៃសុក្រ ខណៈមានជម្លោះលើផលលើសពាណិជ្ជកម្ម និងគោលនយោបាយបច្ចេកវិទ្យាចិន ។ អាជីវករនៅក្នុងប្រទេសទាំងពីរ ជាពិសេស នៅសហរដ្ឋអាមេរិក កំពុងព្រួយបារម្ភកាន់តែខ្លាំងឡើងថា ជម្លោះនេះអាចធ្វើឱ្យកំណើនសេដ្ឋកិច្ចពិភពលោកកាន់តែតានតឹងថែមទៀត ។ ក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសចិនមិនចង់ឱ្យមានសង្គ្រាមពាណិជ្ជកម្មទេ ប៉ុន្តែចិនត្រូវតែឆ្លើយតបវិញយ៉ាងរឹងមាំ ។ ចិននឹងបញ្ចប់កិច្ចព្រមព្រៀងដែលមានគោលដៅកាត់បន្ថយផលលើសពាណិជ្ជកម្មរាប់ប៊ីលានដុល្លារ ដោយទិញកសិផល បន្ថែមពីអាមេរិក ដូចជា ឧស្ម័នធម្មជាតិ និងផលិតផលផ្សេងទៀត។
សហរដ្ឋអាមេរិក និងចិន មានទំនាក់ទំនងពាណិជ្ជកម្មដ៏ធំបំផុតនៅលើពិភពលោក ប៉ុន្តែទំនាក់ទំនងជាផ្លូវការកាន់តែមានភាពតានតឹង ដោយសារតែមានបណ្តឹងពីយុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្មរបស់ចិនថា ប្រទេសនេះល្មើសនឹងការធ្វើពាណិជ្ជកម្មសេរី និងប៉ះពាល់ដល់ក្រុមហ៊ុនអាមេរិក ។
យោងតាមក្រសួងហិរញ្ញវត្ថុចិន ប្រទេសចិននឹងដាក់ពន្ធបន្ថែម២៥% ចាប់ពីថ្ងៃទី៦ ខែកក្កដា ទៅលើផលិតផលរបស់សហរដ្ឋអាមេរិកចំនួន៥៤៥មុខ រួមមាន សណ្តែងសៀង រថយន្តអគ្គិសនី ទឹកក្រូចស្រស់ ស្រាវីស្គី បង្កង ត្រីសាម៉ុន និងបារីស៊ីហ្គា ។ អាហារ និងកសិផលទាំងនេះភាគច្រើនប៉ះពាល់ដល់អ្នកគាំទ្រលោកប្រធានាធិបតី ដូណាល់ ត្រាំ ច្រើនជាងគេ ។ ក្រុងប៉េកាំងហាក់ដូចជាព្យាយាមកាត់បន្ថយផលប៉ះពាល់មកលើសេដ្ឋកិច្ចរបស់ខ្លួន ដោយជ្រើសរើសផលិតផលជំនួស និងនាំចូលពីអ្នកផ្គត់ផ្គង់ដទៃដូចជា ប្រទេសប្រេស៊ីល ឬអូស្ត្រាលី ៕
