រុស្ស៊ី ត្រៀម​បង្ហាញ​សមត្ថភាព​ក្នុង World Cup រាត្រី​នេះ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រុស្ស៊ី ត្រៀម​បង្ហាញ​សមត្ថភាព​ក្នុង World Cup រាត្រី​នេះ

14/06/2018
(ក្រុងម៉ូស្គូ)៖ ក្រុម​ម្ចាស់ផ្ទះ​រុស្ស៊ី កំពុងតែ​ស្ថិតក្រោម​សម្ពាធ​ដ៏​ធំ ដើម្បី​បង្ហាញ​ពី​សមត្ថភាព​របស់​ខ្លួន ខណៈ​ដែល​ពួកគេ​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ការ​ប្រកួត​បើក​ឆាក​នៃ​យុទ្ធនាការ World Cup នៅ​រាត្រី​ថ្ងៃនេះ​ជាមួយ​នឹង​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អារ៉ាប៊ីសាអ៊ូឌីត ក្នុងការ​ប្រកួត​មួយ​រវាង​ក្រុម​ប្រទេស ២ ដែល​មាន​ចំណាត់​ថ្នាក់​ទាប​ជាង​គេ​បំផុត​ក្នុង​ព្រឹត្តិការណ៍​នេះ។
កីឡាករ​នៃក្រុម​បាល់​​​​​ទាត់​ជម្រើស​ជាតិ​រុស្ស៊ី ហ្វឹកហាត់​ត្រៀម​សម្រាប់​ការប្រកួត World Cup ថ្ងៃ​នេះ​​។ 

ក្រុម​របស់លោក Stanislav Cherchesov នឹងធ្វើ​ដំណើរ​ទៅកាន់​ទីលាន​នៃ​កីឡដ្ឋាន Luzhniki ដែល​អាច​ផ្ទុក​អ្នក​ទស្សនា​បាន ៨ ម៉ឺន​នាក់ និង​ជាទី​លាន​ប្រវត្តិសាស្ត្រ​របស់​រុស្ស៊ី ក្នុង​នាម​ជា​ក្រុម​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ ៧០ ក្នុង​ពិភពលោក ដោយ​តាម​ពី​ក្រោយ​គូ​ប្រជែង​ស្ថិត​ក្នុង​ពូល A អារ៉ាប៊ីសាអ៊ូឌីត ៣ ចំណាត់​ថ្នាក់ ហើយ​រុស្ស៊ី ក៏​មិន​ស្គាល់​ឈ្នះ​សោះ​ផង​ដែរ​ក្នុង​រយៈពេល ៨ ខែ​កន្លង​មក​នេះ។ ការ​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ ក្នុង​ទីក្រុង​ម៉ូស្គូ ជាមួយ​នឹង​ក្រុម​ជម្រើស​ជាតិ​តួកគី កាល​ពី​សប្តាហ៍​មុន បាន​ធ្វើ​ឲ្យ​អតីត​អ្នក​ចាំទី​អន្តរជាតិ​រុស្ស៊ី​លោក Cherchesov ក្លាយជា​អ្នក​ចាត់ការ​ទូទៅ​របស់​រុស្ស៊ី ឬ​សហភាព​សូវៀត​ដំបូង​គេ ក្នុង​ការ​មិន​ស្គាល់​ឈ្នះ​សោះ​ក្នុងការ​ប្រកួត ៧ លើក​ជាប់ៗ​គ្នា ក្នុង​នោះ ៤ ប្រកួត​បញ្ចប់​ដោយ​ការ​ចាញ់។

រុស្ស៊ី​បាន​ចំណាយ​ប្រាក់​ច្រើន​ជាង ១៣ ពាន់​លាន​ដុល្លារ​អាមេរិក ទៅ​លើ​ការ​ត្រៀម​លក្ខណៈ​ផ្សេងៗ​សម្រាប់​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ ហើយ​លោក​ប្រធានា​ធិបតី Vladimir Putin បាន​អំពាវនាវ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​សាមគ្គី​គ្នា ខណៈ​ដែល​ពួកគេ​សម្លឹង​រក​ការ​ឆ្លង​ឲ្យ​ផុត​ពូល​ដែល​ក៏មាន​ក្រុម​ជម្រើស​ជាតិ​អ៊ុយរូហ្គាយ និង​អេហ្ស៊ីប ផង​ដែរ​នោះ។ លោក Putin បាន​ឲ្យ​ដឹង​ថា៖ «នៅ​ពេល​ដែល​ក្រុម​នេះ​មាន​ការ​បារម្ភ​ខ្លាំង ខ្ញុំ​ត្រូវ​តែ​ដឹង​ថា ជា​អកុសល ក្រុម​របស់​យើង​មិន​បាន​សម្រេច​នូវ​លទ្ធផល​ធំៗ​ឡើយ​ក្នុង​ពេល​ថ្មីៗ​នេះ»។

លោក​បាន​បន្ថែមទៀតថា៖ «ប៉ុន្តែ យើង​ពិតជា​មានការ​រំពឹងទុក​ខ្ពស់ ដូច​រាល់​អ្នកគាំទ្រ និង​អ្នក​ស្រឡាញ់​កីឡា​បាល់ទាត់​រុស្ស៊ី​ទាំង​អស់​ដែរ។ យើង​រំពឹង​ទុក​ថា ក្រុម​នេះ​នឹង​លេង​ប្រកប​ដោយ​ភាព​ថ្លៃថ្នូរ ហើយ​សម្រាប់​ពួកគេ វា​ជា​ការ​បង្ហាញ​ភាព​ជា​កីឡា​បាល់ទាត់​សម័យ​ទំនើប និង​ចាប់​អារម្មណ៍ ហើយ​ត្រូវ​ប្រយុទ្ធ​ដល់​ទី​បំផុត»។



Igor Akinfeev ដែលជា​កីឡាករ​បាល់ទាត់​ដ៏​គួរ​ឲ្យ​ទទួលស្គាល់​បំផុត​របស់​រុស្ស៊ី និង​ជា​អ្នក​ចាំទី​ជម្រើស​ទី ១ អស់​រយៈពេល​ច្រើន​ជាង ១ ទសវត្សរ៍​កន្លង​មក​នេះ ទទួល​ស្គាល់​ថា មិត្ត​រួម​ក្រុម​របស់គេ​ត្រូវ​តែ​បង្ហាញ​ពី​ភាព​ខ្លាំង​លើ​គូ​ប្រកួត​របស់​ខ្លួន។ ក្រោយ​ពី​ចាញ់​ក្រុម​ជម្រើស​ជាតិ​អូទ្រីស ១-០ កាល​ពី​ខែ​មុន ដែល​កាល​នោះ រុស្ស៊ី មិន​មាន​ឱកាស​ស៊ុត​បាល់​សំដៅ​ទី សូម្បី​តែ ១ លើក Akinfeev បាន​ឲ្យ​ដឹង​ថា៖ «ក្រុម​នេះ​ត្រូវ​តែ​បង្ហាញ​សមត្ថភាព និង​លេង​ឲ្យ​ល្អ។ ប្រសិន​បើ​ពួកគេ​មិន​អាច​ធ្វើ​បាន ពិន្ទុ​នឹង​មិន​មាន​ការ​ផ្លាស់ប្តូរ​ឡើយ»។

Akinfeev ដែលជា​ប្រធាន​ក្រុម​របស់​រុស្ស៊ី បាន​លេង​ការប្រកួត​ជាច្រើន​សម្រាប់​ក្លិប និង​ប្រទេស​របស់​គេ ពោល​គឺ​ច្រើន​ជាង​អតីត​អ្នក​ចាំទី​ដ៏​ឆ្នើម​ជំនាន់​សហភាព​សូវៀត​គឺ Lev Yashin និង Rinat Dasayev ទៅ​ទៀត។

ប៉ុន្តែ ការពឹងផ្អែក​របស់​ក្រុម​ទៅលើ​អ្នកចាំទី​វ័យ ៣២ ឆ្នាំ​រូបនេះ ដែល​បាន​លេង​ការ​ប្រកួត​ក្របខ័ណ្ឌ Champions League ៤៣ ប្រកួត ប៉ុន្តែ មិន​បាន​ការពារ​មិន​ឲ្យ​មាន​គ្រាប់​បាល់​ចូល​ទី​របស់​ខ្លួន​សូម្បី​តែ ១ លើក​រហូត​ដល់ ១១ ឆ្នាំ​នោះ បង្ហាញ​ពី​កម្រិត​នៃ​ឱកាស​របស់​ក្រុម​ម្ចាស់​ផ្ទះ​មួយ​នេះ​រួច​ជា​ស្រេច។

នេះ​គឺជា​ការបង្ហាញ​ខ្លួន​ជា​លើក​ទី ៤ របស់​រុស្ស៊ី ក្នុង​យុទ្ធនាការ World Cup ចាប់​តាំង​ពី​ការ​បែក​បាក់​សហភាព​សូវៀត ខណៈ ពួកគេ​មិន​ធ្លាប់​ឆ្លង​ផុត​វគ្គ​ចែក​ពូល​សោះ។ អារ៉ាប៊ីសាអ៊ូឌីត នឹង​ត្រូវ​បង្ហាញ​ខ្លួន​ជា​លើក​ទី ៥។ ការ​ប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង ១០ យប់៕