លោក ត្រាំ ចោទ​ប្រកាន់​អង្គការ OPEC ថា​ជំរុញ​តម្លៃ​ប្រេង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក ត្រាំ ចោទ​ប្រកាន់​អង្គការ OPEC ថា​ជំរុញ​តម្លៃ​ប្រេង

14/06/2018
(ក្រុង​ប៉េកាំង)៖ ប្រធានា​ធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ​កាល​ពី​ថ្ងៃ​ពុធ​​បាន​ចោទ​ប្រកាន់​អង្គការ​​ប្រទេស​​នាំ​ចេញ​ប្រេង​ OPEC ថា​​ជំរុញ​ឲ្យ​តម្លៃ​ប្រេង​កើន​ឡើង​ ​ដែល​នេះ​ជា​​​​ការ​រិះ​គន់​ថ្មី​មួយ​​ទៅ​លើ​កិច្ច​ព្រម​ព្រៀង​​របស់​​បណ្តា​ប្រទេស​ទាំងនេះ​ក្នុង​ការ​ដាក់​កម្រិត​លើ​​ការ​ផលិត​ប្រេង។

លោក​បាន​សរសេរ​នៅ​លើបណ្តាញ​សង្គម​​ Twitter ថា៖ «​តម្លៃ​ប្រេង​គឺ​ខ្ពស់​ពេក អង្គការ OPEC ជា​អ្នក​​ធ្វើ​ឲ្យវា​កើនឡើង​​ខ្ពស់​ម្តង​ទៀត​។ មិន​ល្អ​ទេ!»
លោក ​ត្រាំ​ ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​មុន​ពេល​ចាក​ចេញ​ពី​អាមេរិក​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​របស់ G7។ 
តម្លៃ​ប្រេង​បាន​​កើន​ឡើង​ខ្ពស់​​បំផុត​កាល​ពី​ចុង​ខែ​ឧសភា ដោយ​ឡើង​ដល់​តម្លៃ ​៨០ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ក្នុង​កិច្ច​សន្យា​អនាគត​សម្រាប់​ប្រេង​ប្រភេទ Brent និង ​៧២,២៤ ​ដុល្លារ​​នៅ​ក្នុង​កិច្ច​សន្យា​អនាគត​សម្រាប់ ប្រេង​ប្រភេទ​​​​ West Texas Intermediate។

ក្រុម​ពាណិជ្ជ​​ករ​​កំពុងរង់ចាំ​មើល​លទ្ធផល​កិច្ច​ប្រជុំរបស់​​​​រដ្ឋ​មន្រ្តី​ក្រសួង​ប្រេង​មក​ពីប្រទេសជា​​សមាជិក​របស់​អង្គការ OPEC ដែល​នឹង​រៀបចំធ្វើឡើង​​នៅ​ថ្ងៃ​ទី​២២​ ខែ​មិថុនា ​នៅ​ទីក្រុង​វីយែន​ ប្រទេ​ស​អូទ្រីស។

​កាល​ពី​ខែ​មេសា ​រដ្ឋ​មន្រ្តី​ក្រសួង​ថាម​ពល​របស់​ប្រទេស​​អារ៉ាប៊ីសាអូឌីត​ លោក Khaled al-Faleh បាន​ថ្លែង​ថា ទីផ្សារ​សាកល​​មាន​សមត្ថ​ភាព​ទទួល​យក​​តម្លៃ​ប្រេង​កាន់តែ​ខ្ពស់​​ ដែល​សម្តី​នេះ​បាន​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម ភ្លាម​ៗ​ពី​លោក ត្រាំ។

​លោក ​ត្រាំ បាន​សរសេរ​នៅ​លើបណ្តាញសង្គម​ Twitter ​កាល​ពី​ថ្ងៃ​ទី ​២០ ខែ​មេសា​ថា៖ «​​​ជា​មួយ​នឹង​​បរិមាណ​ប្រេង​ច្រើន​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​នៅ​គ្រប់​ទី​កន្លែង​ រួម​ទាំង​កប៉ាល់​​ដែល​ផ្ទុក​ប្រេង​ពេញ​​នៅសមុទ្រ​ ​តម្លៃ​ប្រេង​មាន​តម្លៃ​ខ្ពស់​ណាស់​ជា​លក្ខណៈ​សប្បនិម្មិត​!​ ​មិន​ល្អ ​នឹង​មិន​អាច​ទទួល​យក​បាន!»

អ្នក​ផលិត​ប្រេងដែលជា​សមាជិក និងមិនមែនជា​សមាជិក​របស់​អង្គការ​ OPEC ​ បាន​ចុះ​កិច្ច​ព្រម​ព្រៀង​​មួយ​កាល​ពី​ឆ្នាំ​ ២០១៦ ​ដើម្បីកាត់​បន្ថយ​​​​ផលិត​កម្ម​​​​ប្រេង​​ចំនួន​​ ១,៨ ​លាន​បារ៉ែល​​ក្នុង​មួយ​ថ្ងៃ​ដើម្បី​កាត់​បន្ថយ​ការ​ផ្គត់​ផ្គង់​ប្រេង​សាកល។

​កិច្ច​ព្រម​ព្រៀង​​​ដែល​នឹង​ផុត​សុពល​ភាព​នៅ​ចុង​ឆ្នាំ ​២០១៨ ​​នេះ​ បាន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​បង្កើន​តម្លៃ​ប្រេង​​ខ្ពស់​ជាង ​៧០​ ដុល្លារ​ក្នុង​មួយ​បារ៉ែល​​ពី​តម្លៃ​ថោក​ជាង ​៣០​ ដុល្លារ​ក្នុង​មួយ​បារ៉ែល​កាល​ពី​ដើម​ឆ្នាំ​ ២០១៦៕