នាយករដ្ឋមន្រ្តីនៃកម្ពុជា ស្នើឲ្យបងប្អូនបញ្ចប់រឿងពោតដែលកំពុងល្បីកក្រើកពេញ Facebook ខណៈលោក ផែង វណ្ណៈ និង ខាន់ ច័ន្ទសុផល រងការព្រមាន

(កំពង់ធំ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃនេះ បានព្រមានដល់ លោក ផែង វណ្ណៈ និង លោកខាន់ ច័ន្ទសុផល ជាអ្នកសកម្មក្នុងការផ្សព្វផ្សាយ តាមបណ្តាញសង្គម Facebook ដែលបន្តផ្សព្វផ្សាយញុះញង់រឿងអាស្រូវ ព្រះសង្ឃឆាន់ពោត នៅខេត្តបន្ទាយមានជ័យ ដែលនាំឱ្យអាប់ឱនយ៉ាងខ្លាំងដល់តម្លៃ ព្រះពុទ្ធសាសនា និងតម្លៃនារីខ្មែរ។

ថ្លែងក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៦ ប្រវែង ២៦៤.៥៣ គ.ម ចាប់ពីថ្នល់កែង ខេត្តកំពង់ចាម ដល់ អង្គ្រង ខេត្តសៀមរាប នៅព្រឹកថ្ងៃចន្ទ ទី១១ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យបញ្ឈប់ ការផ្សព្វផ្សាយរឿងព្រះសង្ឃឆាន់ពោតស្ងោ នៅខេត្តបន្ទាយមានជ័យតទៅទៀត ជាពិសេសនៅលើបណ្តាញសង្គម Facebook តែម្តង។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះអំពាវនាវ រឿងដែលកើតនៅបន្ទាយមានជ័យ បញ្ហាពោតស្ងោពោតដុតនេះ ខ្ញុំសូមអំពាវនាវ សូមឱ្យបញ្ចប់រឿងនេះបានទេ ដើម្បីការពារតម្លៃព្រះពុទ្ធសាសនា និងការពារដល់តម្លៃស្រ្តីខ្មែរ រឿងមនុស្សតែ២នាក់សោះបង្កើតឡើងរញ្ជួយមេឃ រញ្ជួយផែនដី»។
សម្តេចតេជោ ហ៊ុន សែន បានរិះគន់លោក ផែង វណ្ណៈ និង លោក ខាន់ ច័ន្ទសុផល ដែលទៅបង្កើតរឿងនេះបន្តទៀតឱ្យកាន់តែធំឡើង ដោយម្នាក់ទៅសម្ភាសអតីត លោក ចៅអធិកាដែលប្រព្រឹត្តខុសសង្ឃវិន័យ និងម្នាក់ទៀត ដែលទៅសម្ភាសភាគីខាងនារី ដែលរងភាពអាម៉ាសរួចទៅហើយ។

សម្តេចបានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «បើអស់លោក នៅតែបន្តរបៀបនេះ គឺអស់លោក មិនខំរំងាប់អធិករទេ ហើយរឿងបុគ្គល២នាក់ ធ្វើឱ្យកក្រើកមេឃរញ្ជួយដី តើវាមានផលចំណេញអ្វីទៅ ខាងព្រះសង្ឃ ក៏ត្រូវបានទទួលវិន័យរួចទៅហើយ ឯខាងស្រ្តីក៏បានទទួលភាពអាម៉ាស់ច្រើនណាស់ទៅហើយ។ តើខ្ញុំអាចសុំបានទេ អស់លោកអ្នកលេងហ្វេសប៊ុកទាំងឡាយ បង្ករឿងដល់ណាទៀត»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ព្រះពុទ្ធសាសនាកម្ពុជា មិនមែនត្រូវអាប់ឱន ដោយសារតែសង្ឃ១អស់ ឬ២អង្គទេ ហើយស្រ្តីខ្មែរទាំងអស់ ក៏មិនបានខូចកិត្តិយស ដោយសារតែការប្រព្រឹត្តខុសរបស់នារីម្នាក់ ឬ២នាក់ដែរ។
ដោយសំដៅលើ លោកផែង វណ្ណៈ និងលោកខាន់ ច័ន្ទសុផល ដែលមានឈ្មោះ នៅក្នុងក្របខណ្ឌយោធា សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តទៀតថា «តើខ្ញុំអាចសុំបានទេ ពីមន្រ្តីយោធាទាំងពីរនេះ បើសុំមិនបានទេ ជម្រើសដែលសេសសល់ មានតែដេញចោលពីជួរកងទ័ព ឱ្យទៅធ្វើអ្នក Facebook តែម្តងទៅ កុំឱ្យវានៅក្នុងកងទ័ព វាចង្រៃទ័ពតទៅទៀត»។
ក្រៅពីលើកឡើងពាក់ព័ន្ធនឹងរឿងផ្សព្វផ្សាយរឿង លោកសង្ឃ ឆាន់ពោតនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្តីបន្ទោសទៅ លោក ផែង វណ្ណៈ ដែលអន្តរាគមន៍ រឿងបើកផ្លូវកណ្តាលផ្សារ នៅខេត្តសៀមរាបផងដែរ ហើយចំពោះរឿងនេះ លោក ផែង វណ្ណៈ ក៏បានសុំទោស សម្តេចចំពោះរឿងនេះផងដែរ៕

នាយករដ្ឋមន្រ្តីនៃកម្ពុជា ស្នើឲ្យបងប្អូនបញ្ចប់រឿងពោតដែលកំពុងល្បីកក្រើកពេញ Facebook ខណៈលោក ផែង វណ្ណៈ និង ខាន់ ច័ន្ទសុផល រងការព្រមាន នាយករដ្ឋមន្រ្តីនៃកម្ពុជា ស្នើឲ្យបងប្អូនបញ្ចប់រឿងពោតដែលកំពុងល្បីកក្រើកពេញ Facebook ខណៈលោក ផែង វណ្ណៈ និង ខាន់ ច័ន្ទសុផល រងការព្រមាន Reviewed by Laiheang Vobfm on 6/11/2018 Rating: 5
Powered by Blogger.