ព្រះមហាក្សត្រ ចេញព្រះរាជសារអំពាវនាវ ឱ្យជនរួមជាតិខ្មែរ ទៅបោះឆ្នោតនៅខែកក្កដាខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ព្រះមហាក្សត្រ ចេញព្រះរាជសារអំពាវនាវ ឱ្យជនរួមជាតិខ្មែរ ទៅបោះឆ្នោតនៅខែកក្កដាខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា

05/06/2018
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជសារមួយអំពាវនាវ ឱ្យជនរួមជាតិខ្មែរទាំងអស់ ទៅបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។ នេះបើយោងតាម ព្រះរាជសារដែលបណ្តាញព័ត៌មាន VOB News ទទួលបាន នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨។

ក្នុងព្រះរាជសារ ព្រះមហាក្សត្រ បានមានព្រះបន្ទូលយ៉ាងដូច្នេះថា «ជនរូបជាតិ ជាទីគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុត! ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។ ក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវជាឱឡារិក ជូនជនរួមជាតិ អ្នកមានសិទ្ធិបោះឆ្នោតទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ដើម្បីការអភិវឌ្ឍ និងការរីកចម្រើនរុងរឿង ថ្កើនថ្កានលើគ្រប់វិស័យ»។
ព្រះអង្គមានព្រះបន្ទូលទៀតថា ការបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ គឺជាការបោះឆ្នោតជាទូទៅ ជាសកល ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និងដោយភាពសម្ងាត់ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ ដូច្នេះសូមកុំឲ្យមានការព្រួយបារម្ភ ពីការគាបសង្កត់ ការគំរាមកំហែង ឬសម្លុតពីជនណាម្នាក់ ឬបក្សនយោបាយណាមួយឲ្យសោះ។

ព្រះអង្គមានព្រះបន្ទូល ជំរុញឱ្យជនរូមជាតិទាំងអស់ ប្រើសិទ្ធិសេរីភាព បោះឆ្នោតទៅតាមសតិសម្បជញ្ញៈរបស់ខ្លួនម្នាក់ៗ ដែលមានទំនុកចិត្តលើបេក្ខជនណាម្នាក់ គណបក្សនយោបាយណាមួយ ដោយសេរី៕