ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងព័ត៌មាន និងក្រសួងមហាផ្ទៃ បានសម្រេចចាប់ដៃធ្វើការរួមគ្នា ដើម្បីគ្រប់គ្រងការផ្សព្វផ្សាយតាមគេហទំព័រ និងបណ្ដាញទំនាក់ទំនងសង្គម ដែលដំណើរការតាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា។ កិច្ចសហការនេះ ធ្វើឡើងតាមរយៈប្រកាសអន្ដរក្រសួង ចុះថ្ងៃទី២៨ឧសភា ដែលវិទ្យុបារាំងអន្ដរជាតិទទួលបាននាថ្ងៃចន្ទ ទី០៤មិថុនានេះ។
ប្រកាសរួមគ្នានៃក្រសួងទាំង៣ មានគោលដៅ ប្រឆាំង ទប់ស្កាត់ រាល់ការផ្សព្វផ្សាយរាល់ខ្លឹមសារព័ត៌មាន ឬសារជាអក្សរ សំឡេង វីដេអូ និងទម្រង់ផ្សេងៗទៀត នៅតាមគេហទំព័រនិងបណ្ដាញសង្គមក្នុងប្រទេសកម្ពុជា ដែលមានចេតនាបង្កជាចលាចល។ ជាចលាចល បណ្ដាលឲ្យអន្តរាយដល់វិស័យការពារជាតិ សន្តិសុខជាតិ ទំនាក់ទំនងជាមួយប្រទេសដទៃ សេដ្ឋកិច្ចជាតិ សណ្ដាប់ធ្នាប់សារធារណៈ ការរើសអើង និងវប្បធម៌ ប្រពៃណីជាតិ។បើតាមប្រកាសអន្ដរក្រសួងកម្រាស់៤ទំព័រដដែល ស្ថាប័ននិងអង្គភាពជំនាញនីមួយៗត្រូវបំពេញកាតព្វកិច្ចតាមភារកិច្ចរៀងៗខ្លួន និងត្រូវសហការគ្នា ដើម្បីសម្រេចឲ្យបាននូវគោលដៅខាងដើម។
ក្នុងនោះ ក្រសួងព័ត៌មានត្រូវគ្រប់គ្រងព័ត៌មានដែលផ្សព្វផ្សាយតាមប្រព័ន្ធអេឡិចត្រូនិក, ចាត់វិធានការចំពោះប្រព័ន្ធផ្សព្វផ្សាយតាមអេឡិចត្រូនិកណា ដែលមានច្បាប់អនុញ្ញាត តែផ្សព្វផ្សាយលើ្មសច្បាប់, ព្រមទាំងផ្ដល់ព័ត៌មានដល់ក្រសួងប្រៃសណីយ៍ ឲ្យចាត់វិធានការបិទប្រព័ន្ធផ្សព្វផ្សាយតាមអេឡិចត្រូនិកដែលបើកអាជីវកម្មដោយខុសច្បាប់ ឬផ្សាយព័ត៌មានដោយចេតនាដើម្បីបង្កចលាចលនៅក្នុងសង្គម។ចំណែកក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ត្រូវចាត់វិធានការតឹងរ៉ឹងចំពោះក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិត ដែលកំពុងធ្វើអាជីវកម្មដោយគ្មានច្បាប់អនុញ្ញាត, តម្រូវឲ្យក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិតទាំងអស់ មានកម្មវិធីសុហ្វវ៉ែ និងបំពាក់ឧបករណ៍គ្រប់គ្រងអ៊ីនធឺណិត ដើម្បីងាយស្រួលច្រោះ Filter ឬ រាំងខ្ទប់ Block ចំពោះគណនី ឬទំព័រលើបណ្ដាញសង្គមណា ដែលធ្វើអាជីវកម្មឬផ្សព្វផ្សាយខុសច្បាប់។
ក្រសួងប្រៃសណីយ៍ ក៏ត្រូវស្នើសុំកិច្ចសហការពីក្រសួង និងស្ថាប័នពាក់ព័ន្ធ ទាំងជាតិនិងអន្ដរជាតិ ដើម្បីរាំងខ្ទប់ ឬបិទគេហទំព័រ ឬទំព័របណ្ដាញសង្គមណា ដែលធ្វើអាជីវកម្មខុសច្បាប់ ឬផ្សព្វផ្សាយល្មើសច្បាប់។រីឯក្រសួងមហាផ្ទៃវិញ មានភារកិច្ចសិក្សា ស្រាវជ្រាវ ស្វែងរក និងឈានទៅបង្ក្រាបគេហទំព័រនិងបណ្ដាញសង្គមណា ដែលផ្សព្វផ្សាយល្មើសច្បាប់ បង្កចលាចល អាចបណ្ដាលឲ្យអន្តរាយដល់វិស័យការពារជាតិ សន្តិសុខជាតិ និងទំនាក់ទំនងជាមួយប្រទេសដទៃ ក៏ដូចជាសណ្ដាប់ធ្នាប់សាធារណៈ ការរើសអើង វប្បធម៌និងប្រពៃណីជាតិ។ជាការកត់សម្គាល់ ប្រកាសអន្ដរក្រសួង ស្ដីពីការគ្រប់គ្រងការផ្សព្វផ្សាយតាមគេហទំព័រនិងបណ្ដាញសង្គមនេះ ត្រូវបានរៀបចំធ្វើឡើងស្របពេលដែលបណ្ដាញសង្គមកំពុងត្រូវបានពេញនិយមប្រើប្រាស់នៅកម្ពុជា។
ថ្មីៗនេះ បទល្មើសនៅតាមបណ្ដាញសង្គម ពិសេសការផ្សព្វផ្សាយព័ត៌មានដែលអាជ្ញាធរអះអាងថា បង្កចលាចល មានចំនួនកើនឡើងគួរឲ្យកត់សម្គាល់ ខណៈជនប្រព្រឹត្តល្មើស ត្រូវចោទប្រកាន់និងផ្ដន្ទាទោសជាបន្តបន្ទាប់ក្រោមអំណាចក្រមព្រហ្មទណ្ឌកម្ពុជា។