Concept ម៉ូតូ PCX ប្រើម៉ាស៊ីន Hybrid បានបង្ហាញចេញកាលពីចុងឆ្នាំ ២០១៧ ដោយសង្កេតឃើញថាទទួលបានការចាប់អារម្មណ៍ច្រើន។ កត្តានេះជំរុញឲ្យ Honda នឹងផលិតម៉ូតូប្រភេទនេះលក់លើទីផ្សារ ដោយនឹងលក់នៅប្រទេសឥណ្ឌូណេស៊ីមុនគេ។
ក្រុមហ៊ុន PT Astra Honda Motor ដែលជាក្រុមហ៊ុន Honda ប្រចាំប្រទេសឥណ្ឌូណេស៊ី នឹងធ្វើការផលិតម៉ូតូនេះនៅរោងចក្រ Sunter ក្នុងប្រទេសឥណ្ឌូណេស៊ី។ ម៉ូតូ PCX Hyrid នេះ នឹងលក់រាយក្នុងតម្លៃប្រមាណ ២ ៨៧០ ដុល្លារ។
ប្រព័ន្ធម៉ាស៊ីន Hybrid របស់ម៉ូតូ PCX នេះនឹងជួយបន្ថែមកម្លាំងដល់ម៉ាស៊ីនចំណុះ ១៤៩,៣ សេសេ របស់ម៉ូតូ នៅពេលបើកបរក្នុងស្ថានភាពលឿន ដោយមិនមានតួនាទីជួយសន្សំសំចៃប្រេងសាំងដូចប្រព័ន្ធ Hybrid លើរថយន្តនោះទេ។
ម៉ូតូ PCX Hybrid មានប្រភេទបើកបរចំនួន ៣ ដែលអាចផ្លាស់ប្ដូរបានតាមរយៈកុងតាក់នៅខាងឆ្វេងដៃ មានដូចជា "D” សម្រាប់ការបើកបរធម្មតា, “S” សម្រាប់ការបើកបរដែលត្រូវការកម្លាំងខ្លាំង និង មួយទៀត "Idling” ដែលអាចកាត់ផ្ដាច់មុខងារ Idling Stop System។
ចំណុចពិសេសផ្សេងទៀតរបស់ PCX Hybrid មានដូចជាភ្លើងប្រភេទ LED, រន្ធសម្រាប់សាកថ្មទូរសព្ទ, សោវៃឆ្លាត, ប្រព័ន្ធហ្វ្រាំង ABS និង កុងទ័រឌីជីថលសុទ្ធ។
PCX Hybrid នេះរំពឹងថានឹងចេញលក់លើទីផ្សារប្រទេសឥណ្ឌូណេស៊ី នៅអំឡុងពាក់កណ្ដាលឆមាសទីពីរ ឆ្នាំ ២០១៨ នេះ៕
ប្រភព៖ Autocar