សម្ដេចតេជោ ហ៊ុន សែន រំលឹកដល់ប្រជាពលរដ្ឋថា គណបក្សប្រជាជនកម្ពុជា មានលេខរៀងទី២០ ក្រោមគេបំផុត ដែលមានរូបផ្លាកសញ្ញា «ទេវតាបាចផ្កា»

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុ​ន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨នេះ បានរំលឹកដល់ប្រជាពលរដ្ឋថា គណបក្សប្រជាជនកម្ពុជា គឺនៅខាងស្តាំដៃ, ជួរទី២, មានលេខរៀងទី២០ ក្រោមគេបំផុត ដែលមានរូបផ្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា «ទេវតាបាចផ្កា» ប្រអប់គូសសញ្ញាគាំទ្រ និងឈ្មោះគណបក្សប្រជាជនកម្ពុជា។ នេះបើតាមការចុះផ្សាយលើ Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨នេះ។
គណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំគ្រប់គ្រងប្រទេសជិត៤០ឆ្នាំមកហើយនោះ បានទទួលលេខរៀងទី២០ នៅក្នុងការចាប់ឆ្នោតជ្រើសរើសលេខរៀង គណបក្សនយោបាយសម្រាប់រៀបចំក្នុងបញ្ជី ឈ្មោះបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០១៨ នេះ។ ចំពោះលេខរៀងទី២០នេះ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ជាលេខរៀង ងាយចាំ ងាយគិត និងងាយគូស។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើ Facebook យ៉ាងដូច្នេះថា៖
ថ្ងៃបោះឆ្នោតផ្លូវការ គឺកាន់តែខិតជិតមកដល់ហើយ គឺនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។ តាមធម្មតា មុននឹងការបោះឆ្នោតមកដល់ គឺគ្រប់គណបក្សនយោបាយទាំងអស់ នឹងចូលរួមឃោសនាបោះឆ្នោត ក្រោមការត្រួតពិនិត្យរបស់ គ.ជ.ប ចាប់ពីថ្ងៃទី៧ កក្កដា ដល់ ២៧ កក្កដា ២០១៨ ដែលមានចំនួន២១ថ្ងៃគត់។

នៅក្នុងទម្រង់សន្លឹកឆ្នោតថ្មីជាផ្លូវការ ដែលបានរៀបចំដោយ គ.ជ.ប គឺបងប្អូនអាចឃើញឈ្មោះគណបក្សនយោបាយទាំងអស់រៀបជា២ជួរ គឺជួរខាងឆ្វេងដៃ ដែលមានលេខរៀងពី លេខ១-១០ និងជួរខាងស្តាំដៃ ដែលមានលេខរៀងពីលេខ ១១-២០។

គណបក្សប្រជាជនកម្ពុជា គឺនៅខាងស្តាំដៃ, ជួរទី២, លេខរៀងទី២០ ក្រោមគេបំផុតដែលមានរូប ផ្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា (ទេវតាបាចផ្កា), ប្រអប់គូសសញ្ញាគាំទ្រ, និងឈ្មោះគណបក្សប្រជាជនកម្ពុជា។ របៀបគូសន្លឹកឆ្នោត គឺ គ.ជ.ប បានលើកទឹកចិត្តឲ្យអ្នកបោះឆ្នោតគូសសញ្ញាធិក នៅក្នុងប្រអប់បួនជ្រុងទ្រវែង។

អរគុណបងប្អូនប្រជាពលរដ្ឋ សមាជិកសមាជិកា ក្មួយៗយុវជន និងកូនក្មួយកម្មករកម្មការនីទាំងអស់ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនគ្រប់ៗ អាណត្តិកន្លងមកនេះ និងនៅថ្ងៃទី ២៩ កក្កដា ២០១៨ ខាងមុខនេះ។ សូមជូនពរបងប្អូនជនរួមជាតិ បានសប្បាយរីករាយ ជាមួយក្រុមគ្រួសារក្នុងថ្ងៃសម្រាកចុងសប្តាហ៍គ្រប់ៗគ្នា៕
សម្ដេចតេជោ ហ៊ុន សែន រំលឹកដល់ប្រជាពលរដ្ឋថា គណបក្សប្រជាជនកម្ពុជា មានលេខរៀងទី២០ ក្រោមគេបំផុត ដែលមានរូបផ្លាកសញ្ញា «ទេវតាបាចផ្កា» សម្ដេចតេជោ ហ៊ុន សែន រំលឹកដល់ប្រជាពលរដ្ឋថា គណបក្សប្រជាជនកម្ពុជា មានលេខរៀងទី២០ ក្រោមគេបំផុត ដែលមានរូបផ្លាកសញ្ញា «ទេវតាបាចផ្កា» Reviewed by Laiheang Vobfm on 6/03/2018 Rating: 5
Powered by Blogger.