សហរដ្ឋអាមេរិកសម្រេច «ប្តូរឈ្មោះទីបញ្ជាការយោធាតំបន់ប៉ាស៊ីហ្វិក ទៅជាឥណ្ឌូ-ប៉ាស៊ីហ្វិក» ដើម្បីភ្ជាប់គ្នារវាងមហាសមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក... - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សហរដ្ឋអាមេរិកសម្រេច «ប្តូរឈ្មោះទីបញ្ជាការយោធាតំបន់ប៉ាស៊ីហ្វិក ទៅជាឥណ្ឌូ-ប៉ាស៊ីហ្វិក» ដើម្បីភ្ជាប់គ្នារវាងមហាសមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក...

31/05/2018
(ឡូសអាន់ជែឡែស)៖ រដ្ឋមន្ត្រីការពារជាតិ​អាមេរិក លោក ចេមស៍ ម៉ាត់ទីស (James Mattis) បានប្រកាសប្ដូរឈ្មោះ​ទីបញ្ជាការកងទ័ព​អាមេរិកប្រចាំ​តំបន់ប៉ាស៊ីហ្វិក ទៅជាទីបញ្ជាការ​កងទ័ពអាមេរិក​ប្រចាំតំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific Command) ដែលជាការភ្ជាប់រវាង​មហាសមុទ្រ​ឥណ្ឌា និង​ប៉ាស៊ីហ្វិក។ នេះបើតាម​​ការចេញ​ផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅ​ព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែឧសភា ឆ្នាំ២០១៨។
ការប្រកាសប្ដូរ​ឈ្មោះថ្មីនេះ ធ្វើឡើង​នៅថ្ងៃពុធ​សប្ដាហ៍នេះ ក្នុងពិធី​មួយរៀបចំ​ឡើងនៅឯមូលដ្ឋានទ័ព​អាមេរិក ភាលហាប៊ឺ ហីកខាម (Pearl Harbor-Hickam) ក្នុងរដ្ឋហាវ៉ៃ។​ ថ្លែងនៅក្នុង​ពិធីនោះ លោក Mattis បានលើកឡើង​យ៉ាងដូច្នេះថា «ដោយសារការទទួលស្គាល់​ការកើនឡើងដ៏ ខ្លាំងនៃការភ្ជាប់​ទំនាក់ទំនង​រវាងមហាសមុទ្រឥណ្ឌា និងមហាសមុទ្រ​ប៉ាស៊ីហ្វិក នៅថ្ងៃនេះយើង​​ប្រកាសប្ដូរឈ្មោះ​ ទីបញ្ជាការ​កងទ័ពអាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក ទៅជាទីបញ្ជាការ​កងទ័ពអាមេរិក​ប្រចាំតំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific Command)​ វិញ។ លើសពីនេះ​ទៅ​ទៀត ការប្ដូរឈ្មោះនេះ​គឺបង្ហាញពីការប្ដេជ្ញាចិត្ត​ដ៏យូរអង្វែង​របស់សហរដ្ឋអាមេរិក​ ចំពោះ​តំបន់ប្រសព្វឥណ្ឌូ-ប៉ាស៊ីហ្វិក»។
គួរជម្រាបថា ទីបញ្ជាការកងទ័ព​អាមេរិកប្រចាំតំបន់​ប៉ាស៊ីហ្វិក​ គឺជាទីបញ្ជាការ​ដ៏ចំណាស់ និងធំបំផុត​មួយក្នុងចំណោម​ទីបញ្ជាការ​ទាំង ០៦ របស់កងទ័ព​អាមេរិក។ ទីបញ្ជាការ​នេះទទួលខុសត្រូវ​លើតំបន់​ឥណ្ឌូ-អាស៊ី-ប៉ាស៊ីហ្វិក ព្រមទំាងមាន​កងទ័ព​អាមេរិក និងស៊ីវិល​ជិត ៣៧៥,០០០នាក់ កំពុងឈរ​ជើងនៅតាមទីតាំង​នីមួយៗ​របស់ខ្លួន ដែលគ្របដណ្ដប់​លើផ្ទៃពាក់កណ្ដាល​នៃផែនដី ដោយលាត​សន្ធឹង ពីផ្ទៃទឹកឆ្នេរ​អាមេរិកភាគខាងលិច​ ដល់ព្រំដែនភាគខាង​ត្បូងនៃមហាសមុទ្រឥណ្ឌា និងពីតំបន់​សមុទ្រនៃទ្វីប​អង់តាក់ទិក​នៅប៉ូលខាងត្បូង រហូតដល់​សមុទ្រអាក់ទិកប៉ូល​ខាងជើង៕