ក្នុងវ័យ ៣៤ ឆ្នាំ នាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក Mark Zuckerberg បានប្រឈមមុខនឹងបញ្ហាជាច្រើនដូចជាការបែកធ្លាយទិន្នន័យអ្នកប្រើប្រាស់និងកំណើននៃព័ត៌មានក្លែងក្លាយ។ ប៉ុន្តែក្រឡេកទៅទំហំចំណូលរបស់បុរសសញ្ជាតិអាមេរិករូបនេះ ហាក់ពុំទាន់ឃើញមានការធ្លាក់ចុះនៅឡើយ។
ផ្អែកតាម Forbes ទ្រព្យសម្បត្តិរបស់លោក Mark មានប្រហែល ៧៤ ពាន់លានដុល្លារ ពោលគឺមានន័យថាក្នុងមួយថ្ងៃលោកអាចទទួលចំណូលប្រហែល ៥,៩៧ លានដុល្លារ។ ចំណូលនេះជាប់ចំណាត់ថ្នាក់ទី ២ បើធៀបនឹង CEO ក្រុមហ៊ុន Amazon លោក Jeff Bezos ដែលជាមធ្យមទទួលចំណូលប្រហែល ៦,៨ លានដុល្លារក្នុងមួយថ្ងៃ។
មិនខុសពីគន្លងជោគជ័យរបស់ស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates ដែលជាប់ឈ្មោះជាបុរសវ័យក្មេងមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតក្នុងឆ្នាំ ១៩៨៧ ទាំងស្ថិតក្នុងអាយុ ៣១ ឆ្នាំ ប៉ុន្តែមកទល់បច្ចុប្បន្នក្នុងអាយុ ៦២ ឆ្នាំ លោក Gates អាចរកបានប្រហែល ៤ លានដុល្លារប៉ុណ្ណោះប្រចាំថ្ងៃ ធៀបនឹង Warren Buffett អាយុ ៨៧ ឆ្នាំ រកបាន ២,៧ លានដុល្លារ។
ទំហំចំណូលនេះសោត Zuckerberg ទទួលបានពីការលក់ភាគហ៊ុន Facebook ប្រមាណ ៣,៣៨ ពាន់លានដុល្លារកាលពី ៦ ខែមុន ប៉ុន្តែលោកក៏ធ្លាប់ប្រកាសកាលពីខែកញ្ញាក្នុងគម្រោងលក់ភាគហ៊ុន ៧៥ លានហ៊ុនបន្ថែមទៀត (ប្រហែល ១២,៨ ពាន់លានដុល្លារ) ក្នុងរយៈពេល ១៨ ខែបន្ទាប់។
ប្រភព៖ CNBC