ប្រទេសចិន៖ ក្រសួងការពារប្រទេសចិន កាលពីថ្ងៃទី២៧ ឧសភា បានបន្តឹងសំឡេងប្រឆាំងនឹងវត្តមាន នាថ្ងៃនោះរបស់នាវាចម្បាំងអាមេរិក២គ្រឿង នៅក្បែរប្រជុំកោះមួយដែលមានជម្លោះរវាងចិន និងបណ្ដាប្រទេសជិតខាង។
ក្រសួងនេះនិយាយថា អធិបតេយ្យភាពរបស់ចិនត្រូវគេចំអកឡកឡឺយ ដោយនាវាចម្បាំងទាំង២គ្រឿងរបស់អាមេរិក ចូលក្នុងដែនទឹកចិនគ្មានការអនុញ្ញាត។ ក្នុងសេចក្ដីប្រកាសខ្លីមួយក្រសួងការពារប្រទេសចិន និយាយថា ការព្រមាននានាត្រូវបានធ្វើ ចំពោះនាវាទាំង២គ្រឿងនេះ។
យោងតាមប្រភពទាំងឡាយរបស់រ៉យទ័រថា ប្រតិបត្តិការរបស់កងម៉ារីនអាមេរិកនេះ ត្រូវបានគ្រោងធ្វើតាំងពីយូរមកហើយ ប៉ុន្តែត្រូវបានធ្វើប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយការលុបចោលការអញ្ជើញរបស់អាមេរិក ឲ្យចិនទៅចូលរួមក្នុងសមយុទ្ធយោធា រួមក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។
សហរដ្ឋអាមេរិកអះអាងថា នោះជាបេសកកម្មដើម្បីការពារសេរីភាព នៃការធ្វើនាវាចរណ៍ក្នុងតំបន់នេះ ប្រឈមមុខនឹងឆន្ទៈចិនចង់ត្រួតត្រាតំបន់ប្រជុំកោះ PARACEL ជាប្រជុំកោះដែលរួមកោះតូចៗ និងថ្មប៉ប្រះទឹក ក្នុងសមុទ្រចិនខាងត្បូង។
កងទ័ពចិនបានបញ្ជូនទៅកាន់ទីនោះ បណ្ដាយន្តហោះដែលចាប់ឃើញបណ្ដានាវាបរទេស ហើយស្នើឲ្យចាកចេញ។ អ្នកនាំពាក្យក្រសួងការពារប្រទេសចិន លោក WU QIAN ចាត់ទុកវត្តមានរបស់នាវាចម្បាំង អាមេរិកទាំងនេះថា ជាការរំលោភបំពានជាក់ស្ដែងលើអធិបតេយ្យភាពដែនដីចិន ដែលបំផ្លាញទំនុកចិត្តគ្នារវាងកងទ័ពនៃប្រទេសទាំង២។
បណ្ដាសារព័ត៌មានរាយការណ៍នាពេលមុននេះថា នាវាអាមេរិក២គ្រឿង គឺនាវាពិឃាតUSS HIGGING និងនាវា USS ANTTETAM បានបើកកាត់ដែនទឹកក្បែរប្រជុំកោះ PARACEL ដែលចិនត្រួតត្រាចាប់តាំងពីឆ្នាំ១៩៧៤មក ហើយវៀតណាមទាមទារអធិបតេយ្យភាពលើប្រជុំកោះនេះដែរ៕
