សារព័ត៌មានបរទេសផ្សាយកាលពីពេល ថ្មីៗកន្លងមកថា កូនកំលោះ ក្រមុំនៅក្រុងឌូបៃមួយគូដែលទើបរៀបការបានរយៈពេល១៥នាទី ខាងប្ដីក៏សុំលែងលះ ព្រោះខឹងឪពុកក្មេកសុំបណ្ណាការគ្រប់ចំនួន ធ្វើឲ្យគេមានអារម្មណ៍ថាជាការមើលងាយ និងអាម៉ាស់មុខ។
ពីដំបូងខាងកូនកំលោះយល់បានព្រមផ្ដល់បណ្ណាការដល់ក្រុមគ្រួសារកូនក្រមុំជាទឹកប្រាក់១០០.០០០ដឺហេមអេមីរ៉ាតអារ៉ាប់រួម ឬប្រហែល៣មឺុនដុល្លារ ប៉ុន្តែនៅមុនពិធីផ្ដល់ឲ្យត្រឹមពាក់កណ្ដាល និងពាក់កណ្ដាលទៀតនឹងផ្ដល់ជូនក្រោយពីចប់ពិធីរៀបអាពាហ៍ពិពាហ៍ ដោយមិនបានគិតថាឪពុករបស់កូនក្រមុំទាមទារយកភ្លាមទេ ប៉ុន្តែគាត់បានទារនៅក្នុងពេលចុះបញ្ជីរៀបអាពាហ៍ពិពាហ៍ ។ ពេលនោះកូនកំលោះមិនបានយកប្រាក់ជាប់តាមខ្លួន ប៉ុន្តែទុកនៅក្នុងរថយន្តដែលចតនៅខាងក្រៅ ប្រសិនដើរទៅយកត្រូវចំណាយពេល៥នាទី ។ ឪពុកក្មេកមិនឲ្យកូនប្រសាដើរទៅយកទេ ត្រូវយកមកកន្លែងចុះបញ្ជីអាពាហ៍ពិពាហ៍ដោយឲ្យបងប្អូនយកមកឲ្យ ចំណែកកូនប្រសាត្រូវនៅទីនោះ ហាមចាកចេញ ។
ត្រង់ចំណុចនេះធ្វើឲ្យកូនប្រសាមានអារម្មណ៍ថាខ្លួនហាក់ដូចជាត្រូវឳពុកក្មេកមើលស្រាល និងអាម៉ាស់មុខ ទើបកើតមានកំហឹង ហើយសុំលែងលះ ភ្លាមៗតែម្ដង រួមទាំងបញ្ជាក់ប្រាប់ឪពុកក្មេកថាមិនត្រូវការកូនស្រីរបស់គាត់ទេក្រោយពីរៀបការរួចបាន១៥នាទី ៕
