ប្រទេសម៉ាឡេស៊ី៖ អាជ្ញាធរម៉ាឡេស៊ីរាយការណ៍នាថ្ងៃទី២៨ ឧសភា ថា បានចាប់រឹបអូសគ្រឿងញៀនមេតំហ្វេតាមីនយ៉ាងច្រើនដល់ជិត1,2តោន ដែលមានតម្លៃ៧១លានរីនហ្គីត ប្រមាណជា១៥លានអឺរ៉ូ ដែលដាក់ក្នុងកញ្ចប់តែទាំងឡាយមកពីមីយ៉ាន់ម៉ា។ ហើយមនុស្ស៦នាក់បានត្រូវចាប់ខ្លួន។
អគ្គនាយកគយម៉ាឡេស៊ីលោក SUBROMANIAN THOLASY ថ្លែងទៅកាន់ក្រុមអ្នកកាសែតថា គ្រឿងញៀនទាំងនេះស្ថិតក្នុងកុងតឺន័រមួយមកពីទីក្រុងរ៉ង់ហ្គូន អតីតរដ្ឋធានីមីយ៉ាន់ម៉ា ដែលដឹកមកដល់កំពង់ផែ PORT KLANG ស្ថិតនៅជិតទីក្រុងគូឡាឡាំពួរ។
នេះជាការចាប់បានគ្រឿងញៀនយ៉ាងច្រើនបំផុតនៃប្រវត្តិសាស្ត្ររបស់យើង បើគិតពីតម្លៃ និងទម្ងន់។ ទំនិញដែលចាប់បានកាលពីថ្ងៃទី២២ ឧសភានោះ ត្រូវបានចុះការប្រកាសថា ជាផលិតផលស្បៀងមកឲ្យក្រុមហ៊ុន ពាណិជ្ជកម្មម៉ាឡេស៊ីមួយមានមូលដ្ឋាននៅជាយក្រុងគូឡាឡាពួរ។ គ្រឿងញៀនទាំងនេះដាក់ក្នុងកញ្ចប់តែពណ៌លឿងមាសទាំងឡាយត្រូវបានបង្ហាញដល់បណ្ដាអ្នកកាសែត នៅការិយាល័យប្រឆាំងគ្រឿងញៀនរបស់គយ ឯនីឡៃ ជិតក្រុងគូឡាឡាំពួរ ចំណែកជនជាតិមីយ៉ាន់ម៉ា៣នាក់ និងជនជាតិម៉ាឡេស៊ី៣នាក់ ត្រូវចាប់ខ្លួន។
ការរត់ពន្ធមេតំហ្វេតាមីននៅអាស៊ីអាគ្នេយ៍មានការកើនឡើងខ្លាំង ជាពិសេសមកពីមីយ៉ាន់ម៉ា៕
