មេដឹកនាំកំពូលអ៊ីរ៉ង់៖ «ហ្សេរុយសាឡឹម​ជារដ្ឋធានី​​ប៉ាឡេស្ទីន, អាមេរិក-អ៊ីស្រាអែល​បានរួមគ្នា​ប្រព្រឹត្តទង្វើ​ឧក្រិដ្ឋកម្ម បាញ់សម្លាប់​ជនជាតិ​ប៉ាឡេស្ទីន...» - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មេដឹកនាំកំពូលអ៊ីរ៉ង់៖ «ហ្សេរុយសាឡឹម​ជារដ្ឋធានី​​ប៉ាឡេស្ទីន, អាមេរិក-អ៊ីស្រាអែល​បានរួមគ្នា​ប្រព្រឹត្តទង្វើ​ឧក្រិដ្ឋកម្ម បាញ់សម្លាប់​ជនជាតិ​ប៉ាឡេស្ទីន...»

18/05/2018
(តេហេរ៉ង់)៖ មេដឹកនាំកំពូល​​ផុត​លេខរបស់​ប្រទេសអ៊ីរ៉ង់ លោក អាយ៉ាតូលឡាហ៍ អាលី ខាមេណៃ (Ayatollah Ali Khamenei) បាន​និយាយថា សហរដ្ឋអាមេរិក គឺជាអ្នកចូល​ដៃ​ចូលជើង​​ជាមួយអ៊ីស្រាអែល ក្នុងការប្រព្រឹត្ត​ឧក្រិដ្ឋកម្មនា​ពេលថ្មីៗនេះ ប្រឆាំងនឹង​ជនជាតិ​ប៉ាឡេស្ទីន ដោយរូបលោក​ចង់សំដៅទៅលើ​ការ​​សម្លាប់​រង្គាល​ ​លើ​ក្រុម​បាតុករ​ប៉ាឡេស្ទីន នៅតំបន់ព្រំដែន​ហ្គាហ្សា-អ៊ីស្រាអែល កាលពីដើម​សប្តាហ៍នេះ ចំពេល​ដែលទីក្រុង​វ៉ាស៊ីនតោន បើក​សម្ពោធ​ជាស្ថានទូត​ជាផ្លូវការ​នៅទីក្រុង​ហ្សេរុយសាឡឹម។ នេះបើតាម​ការដកស្រង់​ការផ្សាយពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅ​ព្រឹក​ថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ២០១៨។
លោក Khamenei បានថ្លែងថា «ហ្សេរុយសាឡឹម​ គឺជារដ្ឋធានី​របស់​ប៉ាឡេស្ទីន ហើយវានឹង​ត្រូវបានរំដោះ​ចេញពីកណ្តាប់​​ដៃ​របស់សត្រូវ ដោយ​ការជួយ​ពីព្រះជាម្ចាស់»។ ជាមួយគ្នា​នេះ លោក Khamenei បានទទូចឲ្យ​ប្រទេសអ៊ីស្លាម​ទាំងអស់​រួមគ្នា​ក្រោក​ឈរ​​ឡើង​ប្រឆាំង​នឹង​​បទឧក្រិដ្ឋ​ទាំងនេះ។ ក្រៅពី​លោក Khamenei ប្រធានាធិបតី​អ៊ីរ៉ង់ លោក Hassan Rouhani ក៏បានរិះគន់ធ្ងន់ៗ​ចំពោះអ្វីដែល​លោកបាន​ចាត់​ទុកថា ជាការបាត់មាត់​ស្ងាត់ឈឹង​របស់ប្រទេសអារ៉ាប់ ​និងអ៊ីស្លាមមួយ​ចំនួន បន្ទាប់ពីមានការ​សម្លាប់ក្រុមបាតុករប៉ាឡេស្ទីន ដោយ​កងកម្លាំងការពារព្រំដែនអ៊ីស្រា​អែល។
គួរជម្រាបថា កាលពីថ្ងៃចន្ទ​ដើមសប្តាហ៍​នេះ កងទ័ព​អ៊ីស្រាអែល បានបើកការ​វាយប្រហារយ៉ាង​ខ្លាំងក្លា នៅឯតំបន់ Gaza Strip ដោយ​បាន​ធ្វើសកម្មភាព​បាញ់ប្រហារទៅលើ​ជនជាតិប៉ាឡេស្ទីន ដែលនាំគ្នាធ្វើ​បាតុកម្មប្រឆាំង​នឹងការបើកសម្ពោធស្ថានទូត​អាមេរិក នៅហ្សេរុយ​សាឡឹម ដោយផ្តាច់​ជីវិតមនុស្ស៦០នាក់ និងបង្កឲ្យរបួស​ជាច្រើនពាន់នាក់​ទៀត៕​