សម្រាប់លោក Mark Zuckerberg ភាពជោគជ័យនៃការកាន់កាប់បណ្ដាញសង្គមយក្សកើតមានដោយសារពីរចំណុចគឺ ការផ្ដល់សិទ្ធ និង ការអនុញ្ញាតឲ្យបុគ្គលិកធ្វើរឿងដែលលោកមិនយល់ស្រប។
ក្នុងបទសម្ភាសន៍នៅវិទ្យុ Freakonomics កាលពីថ្មីៗនេះ ស្ថាបនិករូបនេះលើកឡើងថា ៖ "របៀបធ្វើការនៅ Facebook គឺផ្ដល់ឲ្យនូវសេរីភាពដល់វិស្វកររបស់ពួកយើង ឲ្យធ្វើអ្វីដែលពួកគេចង់ធ្វើ។ ខ្ញុំគិតថារឿងដែលសំខាន់បំផុតនោះគឺការឲ្យសេរីភាពបុគ្គលិកលើការធ្វើកិច្ចការអ្វីមួយ ហើយយើងមិនគួរលូកដៃចូលការងាររបស់ពួកគេនោះទេ"។
ចំណុចសំខាន់មួយទៀតនោះគឺ ការអនុញ្ញាតឲ្យបុគ្គលិកធ្វើរឿងដែល Mark អាចនឹងមិនឯកភាពជាមួយ។ Mark បានបកស្រាយដូចនេះថា ៖ "វានឹងធ្វើឲ្យបុគ្គលិកកាន់តែមានគំនិតច្នៃប្រឌិត ហើយបុគ្គលិកនឹងមានអារម្មណ៍ថាពួកគេនៅមានសមត្ថភាពអាចសាកល្បងអ្វីថ្មី ហើយអាចធ្វើបានល្អទៀតផង”។
មហាសេដ្ឋីវ័យ ៣៤ ឆ្នាំរូបនេះ បង្ហាញថាបានរៀនបន្តិចម្ដងពីវិធីសាស្ត្រនៃការដឹកនាំបណ្ដាញសង្គមយក្ស ចាប់តាំងពីពេលនៅជា Startup មានអ្នកធ្វើការត្រឹម ១០ នាក់ រហូតដល់បច្ចុប្បន្នមានបុគ្គលិកជាង ២ ម៉ឺននាក់៕
ប្រភព៖ CNBC
