ក្តៅគគុក! ដូណាល់ ត្រាំ ព្រមាន គីម ជុងអ៊ុន៖ «ចង់មាន​វាសនាដូច ហ្គាដាហ្វី ឬព្រមបោះ​ចោលអាវុធ​នុយក្លេអ៊ែរ...» - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្តៅគគុក! ដូណាល់ ត្រាំ ព្រមាន គីម ជុងអ៊ុន៖ «ចង់មាន​វាសនាដូច ហ្គាដាហ្វី ឬព្រមបោះ​ចោលអាវុធ​នុយក្លេអ៊ែរ...»

18/05/2018
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានធានា​ចំពោះមេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ថា​នឹងអាចបន្ត​កាន់អំណាច បើសិនជាយល់ព្រម​បោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ។ ប៉ុន្តែទន្ទឹមគ្នា លោក ត្រាំ ក៏បានព្រមាន​ដែរថា លោក គីម អាចនឹង​បញ្ចប់​វាសនា ដូចជាអតីត​មេដឹកនាំលីប៊ី លោក មួអាមម៉ា ហ្គាដាហ្វី (Muammar Gaddafi) ក្នុងករណីមិន​បោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ។ នេះបើ​តាមការ ចេញផ្សាយ​ដោយ​សារព័ត៌មាន Al Jazeera នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ២០១៨។
ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បី​ឱ្យជំនួបជាមួយ​លោក គីម ជុងអ៊ុន ធ្វើឡើងតាម​ការគ្រោងទុក លោក ដូណាល់ ត្រាំ បាននិយាយ​នៅថ្ងៃព្រហស្បតិ៍ (ពេលវេលានៅ​អាមេរិក) ថា កូរ៉េខាងជើងនឹង​ទទួលបានការការពារ​យ៉ាងរឹងមំា បើសិនជាជំនួបកំពូលដំណើរការទៅ ប្រកបដោយជោគជ័យ។ «គាត់ (លោក គីម) អាចបន្តស្ថិត​នៅក្នុងប្រទេស និងដឹកនាំប្រទេស​របស់គាត់។ ប្រទេសរបស់គាត់នឹងសម្បូរ ហូរហ៊ារ» នេះគឺជាការលើកឡើង​របស់លោក ត្រាំ ប្រាប់ទៅកាន់​ក្រុមអ្នកសារព័ត៌មាន។
ប៉ុន្តែ​ប្រធានាធិបតី​អាមេរិក​រូបនេះ ក៏បានព្រមានផងដែរថា បើសិនជា​កិច្ចចរចា​បរាជ័យ លោក គីម ជុងអ៊ុន អាចនឹងជួប​ជោគវាសនា​ឈឺចាប់ដូចអតីតមេដឹកនាំ​លីប៊ី លោក Muammar Gaddafi ដែលត្រូវក្រុម​ឧទ្ទាមគាំទ្រ​ដោយ​សហរដ្ឋអាមេរិក ទម្លាក់ពី
អំណាច និងបាញ់សម្លាប់ចោលកាលពី​ឆ្នាំ២០១១។ «ជោគវាសនា​ឈឺចាប់ដូច​ប្រទេសលីប៊ី បង្ហាញថា តើអ្វីនឹងត្រូវកើតឡើង បើសិនជា​យើងមិនអាច​ធ្វើកិច្ចចរចា​មួយទេនោះ»។ នេះគឺជាការ​ព្រមានរបស់លោក ដូណាល់ ត្រាំ។ តែយ៉ាង​នេះក្ដី លោកបញ្ជាក់​ថា គំរូដូចប្រទេសលីប៊ី​មិនមែនជាអ្វីដែល​ចង់ប្រើជាមួយ​កូរ៉េខាងជើង​ឡើយ។
គួរបញ្ជាក់ថា ការលើកឡើង​របស់លោក ដូណាល់ ត្រាំ ធ្វើឡើងបន្ទាប់ពី​កូរ៉េខាងជើង បានព្រមានលុបចោល​ជំនួបកំពូល​រវាងលោក និងលោក គីម ជុងអ៊ុន ដែលគ្រោង​​នឹង​ធ្វើឡើង​នៅថ្ងៃទី១២ ខែមិថុនាខាងមុខនេះ ក្នុងប្រទេស​សិង្ហបុរី ដោយចោទ​ទីក្រុងវ៉ាស៊ីនតោនថា នៅតែបង្ខំឯកតោភាគីឱ្យកូរ៉េខាងជើង​ បោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ ជាពិសេស​គឺការធ្វើសមយុទ្ធយោធា​ជាមួយ​កូរ៉េខាងត្បូង៕