ក្រុមហ៊ុនផលិតគ្រឿងតុបតែងទូរសព្ទ Olixar បានជឿជាក់យ៉ាងខ្លាំងថា iPhone SE 2 ជំនាន់ក្រោយរបស់ក្រុមហ៊ុន Apple នឹងប្រើរចនាបថអេក្រង់ពេញផ្ទៃគែមសងខាង គួបផ្សំស្នាមឆកកណ្តាលដូចគន្លងនៃ iPhone X ហើយគ្មានប៊ូតុង Home។ ប្រភពទទួលបានពីរោងចក្រប្រទេសចិន ក៏ជំរុញឲ្យក្រុមហ៊ុនខ្លួនសម្រេចបើកលក់ Screen Protector តាមរចនាបថខាងលើជាបណ្តើរៗ។
រាយការណ៍បន្ថែមពី 9to5mac ដែល Olixar ផ្តល់ឲ្យក៏សង្កត់ធ្ងន់ជុំវិញតួខ្លួនផ្នែកខាងមុខថាជា iPhone X ទំហំតូច រីឯផ្នែកចំហៀងប្រើសារធាតុអាលុយមីញ៉ូមដូច SE បច្ចុប្បន្ន និងខាងក្រោយរក្សាលោហធាតុដូច iPhone 5។
ប៉ុន្តែស្នាមឆកនៅផ្នែកកណ្តាលមានបណ្តោយតែ ១,៨៧ សង់ទីម៉ែត្រ សមាមាត្រទៅនឹងវិមាត្រខ្លួន ១២,១ x ៥,៥ សង់ទីម៉ែត្រ ម្ល៉ោះហើយបច្ចេកវិទ្យា Face ID អាចនឹងមិនគាំទ្របានឡើយ ជាកត្តាធ្វើឲ្យ SE ម៉ូឌែលឆ្នាំ ២០១៨ ទំនងអាចប្រើប្រព័ន្ធសុវត្ថិភាពត្រឹមវាយបញ្ចូល PIN កូដមួយជម្រើសគត់។
យ៉ាងណាមិញជុំវិញការបង្ហាញខ្លួនប្រភពច្បាស់ការក៏ធ្លាប់បង្ហើបថានឹងអាចធ្វើទៅបានក្នុងអំឡុងខែឧសភានេះ ឬត្រូវពន្យារពេលដល់ព្រឹត្តិការណ៍ WWDC 2018 ក្នុងពាក់កណ្តាលខែក្រោយ។
ប្រភព៖ iclarified
