Huawei Mate RS Porsche Design ជាស្មាតហ្វូនកំពូលមួយដែល Huawei រួមដៃគ្នាផលិតជាមួយក្រុមហ៊ុន Porsche Design។
ពេលនេះក្រុមហ៊ុន Porsche Design បានចេញមុខបញ្ជាក់ថា Mate RS មិនមានក្បាលឆក ដោយសារខ្លួនបានប្រាប់ទៅ Huawei កុំឲ្យដាក់ក្បាលឆកនេះ តាំងពីការចាប់ផ្ដើមដំបូងមកម្ល៉េះ។
Porsche Design បាននិយាយថា ក្បាលឆកនេះអាចរំខានដល់ការឌីហ្សាញស្មាតហ្វូនទាំងមូល ដោយបានងាកមកប្រើអេក្រង់ OLED ទំហំ ៦ អ៊ីញដែលមានរាងកោងសងខាងដូចជាអេក្រង់ Galaxy S9 វិញ។
Mate RS ជាមានបំពាក់នូវទ្រនាប់ស្កេនម្រាមដៃពីរ ដោយផ្នែកខាងមុខមានទ្រនាប់ស្កេនលើផ្ទៃអេក្រង់ផ្ទាល់តែម្ដង និងមានមួយទៀតនៅផ្នែកខាងក្រោយ។ ចំពោះការបន្ថែមទ្រនាប់ស្កេនម្រាមនៅផ្នែកខាងក្រោយនេះ ជាគំនិតរបស់ Huawei ដោយយល់ថា ទ្រនាប់ស្កេនលើផ្ទៃអេក្រង់ ជាបច្ចេកវិទ្យាថ្មីហើយអតិថិជនអាចនឹងមិនទម្លាប់នឹងការប្រើប្រាស់វា។
គួរដឹងថា Mate RS Porsche Design ជាស្មាតហ្វូនកំពូលមានកាមេរ៉ាខាងក្រោយ ៣ គ្រាប់ ដែលមានតម្លៃចន្លោះពី ២ ១០០ ទៅ ២ ៦០០ ដុល្លារឯណោះ៕
ប្រភព៖ PhoneArena
