ក្លឹប Negeri Sembilan បានបង្ហោះសារមួយនៅលើបណ្ដាញសង្គម Instagram ដោយបញ្ជាក់ថាពួកគេបានរកកីឡាករជំនួស ប្រាក់ មុន្នីឧត្តម បានហើយ។
ដោយនេះបញ្ជាក់បានថា ក្លឹបម៉ាឡេស៊ីមួយនេះអាចនឹងដកខ្សែប្រយុទ្ធ ប្រាក់ មុន្នីឧត្តម ចោលហើយ។ ប្រសិនបើវាជាការពិតមែន នោះ ប្រាក់ មុន្នីឧត្តម ក្លាយជាកីឡាករទី៣ដែលត្រូវក្លឹបម៉ាឡេស៊ីផ្ដាច់កុងត្រាមុនពេលកំណត់។
នៅចាំបានថា មុន្នីឧត្តម ផ្ទាល់ធ្លាប់បង្ហើបខ្លួនចង់ចាកចេញពីក្លឹបនេះដែរ នៅរដូវកាលដោះដូរកីឡាករ ព្រោះថារូបគេបារម្ភខ្លាចបាត់បង់ទម្រង់លេង ប្រសិនបើបន្ដនៅក្លឹបម៉ាឡេស៊ីនេះទៀត។
នៅចាំបានថា កាលពីប៉ុន្មានសប្ដាហ៍មុន កែវ សុខផេង និង វឌ្ឍនាកា ក៏ត្រូវបានក្លឹបនៅម៉ាឡេស៊ីបញ្ចប់កុងត្រាកណ្ដាលទីដូច ប្រាក់ មុន្នីឧត្តម នេះដែរ។ ការបញ្ចប់នេះ ត្រូវបានគ្រូបង្វឹកនៅម៉ាឡេស៊ីបញ្ជាក់ថា ពួកគេលេងមិនទាន់ដល់កម្រិតដែលចង់បាន៕