ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវឱ្យកម្មករធ្វើការខុសច្បាប់ នៅថៃ អាចមករកធ្វើការក្នុងប្រទេសវិញ ព្រោះកម្ពុជាកំពុងត្រូវការកម្លាំងពលកម្ម - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវឱ្យកម្មករធ្វើការខុសច្បាប់ នៅថៃ អាចមករកធ្វើការក្នុងប្រទេសវិញ ព្រោះកម្ពុជាកំពុងត្រូវការកម្លាំងពលកម្ម

10/05/2018
(បាវិត-ស្វាយរៀង)៖ ថ្លែងចេញពីខេត្តស្វាយរៀង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ បានអំពាវនាវឱ្យកម្មករ-កម្មការិនី ដែលកំពុងធ្វើការនៅប្រទេសថៃ អាចត្រឡប់មកធ្វើការនៅក្នុងប្រទេស ព្រោះនៅក្នុងស្រុកកំពុងត្រូវការកម្លាំងពលកម្ម។

ការមានប្រសាសន៍ខាងលើនេះ របស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃព្រសហ្បតិ៍ ១១រោច ខែពិសាខ សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្តេចតេជោ បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត ២ម៉ឺននាក់ នៅទីតាំងតំបន់សេដ្ឋកិច្ចពិសេស​ អ៉ិនធើវៀ អូតូម៉ូបាល អ៉ិនដាសស្រ្ទី ខមផ្លេកស៍ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង។
កម្មករ-កម្មការិនីក្នុងខេត្តស្វាយរៀង ដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយនេះ មកពីរោងចក្រ សហគ្រាសចំនួន៣២ ក្នុងនោះមកពីរោងចក្រ សហគ្រាសនៅតំបន់សេដ្ឋកិច្ចពិសេសតាយសេងចំនួន ២៤រោងចក្រ, តំបន់សេដ្ឋកិច្ចពិសេសនាគរាជ​ចំនួន ៤រោងចក្រ​ និងតំបន់សេដ្ឋកិច្ចពិសេសសានតុង​ចំនួន ​៤រោងចក្រ​។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា «ឥឡូវនេះបងប្អូនកម្មករ កម្មការិនី ដែលទៅធ្វើការនៅប្រទេសក្រៅ ជាពិសេសទៅប្រទេសថៃ ដោយទៅធ្វើការខុសច្បាប់នៅទីនោះត្រឡប់មកវិញក៏អាចធ្វើមករកការងារធ្វើនៅក្នុងប្រទេសបាន ដែលពេលនេះយើងកំពុងខ្វះកម្មករហើយ»។

ជាមួយគ្នានេះសម្តេចតេជោ បានមានប្រសាសន៍បន្តថា គ្រាន់តែសណ្ឋាគារមួយ គឺត្រូវការកម្លាំងកម្មករជិត១០០០នាក់ ក៏ប៉ុន្តែឥឡូវនេះនៅខ្វះខាតកម្លាំងកម្មករប៉ុន្មានរយនាក់ទៀត ឯណោះទាំងនេះដោយសារកំណើនការងារនៅក្នុងប្រទេសកំពុងត្រូវការយ៉ាងខ្លាំង ហើយក៏ទទួលបានប្រាក់ខែខ្ពស់រហូតជាង២០០ដុល្លារ និងធ្វើការនៅក្នុងម៉ាស៊ីនត្រជាក់ នៅតែរកកម្លាំងពលកម្មមិនគ្រប់ទៀត។ ទទឹមនឹងនេះ ចំការកៅស៊ូ, ចំការម្រេច និងកសិដ្ឋានកសិកម្មមួយចំនួនកំពុងតែខ្វះកម្លាំងកម្មករធ្វើការ ក៏ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនបែរជានាំគ្នា ធ្វើចំណាក់ស្រុកទៅប្រទេសថៃ ដោយប្រថុយ ប្រថានទៅវិញ ព្រោះគិតថាទទួលបានប្រាក់បៀរវត្សខ្ពស់ជាងនៅក្នុងស្រុក ក៏ប៉ុន្តែវាមិនប្រាកដថាទទួលបានផលខ្ពស់នោះទេ ព្រោះត្រូវការលើថ្លៃចំណាយខ្ពស់លើម្ហូបអាហារ និងកន្លែងស្នាក់នៅ។

ថ្លែងចេញពីលើវេទិការសម្តេចតេជោ ក៏បានក្រើនរំលឹកដល់ក្មួយៗកម្មករ កម្មការិនីទាំងអស់ត្រូវខិតខំធ្វើការ និងត្រូវចងចាំថាមិនឱ្យមានក្រុមណាមួយ ឬមនុស្សណាម្នាក់មកបំផ្លិចបំផ្លាញ សន្តិភាពដែលកម្ពុជាកំពុង​តែមាននៅក្នុងពេលបច្ចុប្បន្ននេះជាដាច់ខាត ហើយមានតែសន្តិភាពប៉ុណ្ណោះ ដែលអាចនាំមកនូវការអភិវឌ្ឍបាន ឪពុក ម្តាយ ជីដូន ជីតា របស់ក្មួយៗបានជួបប្រទះរឿងសោកនាដកម្មច្រើនណាស់ នៅក្នុងអតីតកាល មានក្មួយៗខ្លះមិនទាន់ស្គាល់មុខជីដូន ជីតារបស់ខ្លួននោះទេ ព្រោះត្រូវបានក្រុម ប៉ុល ពត កាប់សម្លាប់យ៉ាងរង្គាល់។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ងាយស្រួលណាស់ក្នុងការរក្សាសន្តិភាព ស្ថិរភាពនយោបាយ គឺត្រូវបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា តែមួយគត់​ ដើម្បីធានារក្សាសន្តិភាព និងដើម្បីបន្តដឹកនាំនាវាកម្ពុជា ទៅរកការអភិឌ្ឍលើគ្រប់វិស័យរហូតមកដល់សព្វថ្ងៃនេះ ជាពិសេសកុំជឿលើការញុះញង់ បំភ័ន្តការពិត ក្នុងន័យបំផ្លិចបំផ្លាញកម្ពុជាឱ្យខ្ទីចខ្ទីដូចអតីតកាល៕