ក្រុមប្រឹក្សា​សន្តិសុខ UN ទាមទារ​ឲ្យមីយ៉ាន់ម៉ា​ទទួលខុស​ត្រូវ ចំពោះអំពើ​ហិង្សា​​លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា... - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្រុមប្រឹក្សា​សន្តិសុខ UN ទាមទារ​ឲ្យមីយ៉ាន់ម៉ា​ទទួលខុស​ត្រូវ ចំពោះអំពើ​ហិង្សា​​លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា...

10/05/2018
(យូអិន)៖ ក្រុមប្រឹក្សា​សន្តិសុខ​ នៃអង្គការ​សហប្រជាជាតិ (UNSC) បានទាមទារ​ឲ្យមានការបក​ស្រាយ​ហេតុផល ក៏ដូចជាការ​ទទួលខុសត្រូវ​ចំពោះអំពើ​ហិង្សាប្រឆាំងនឹង​ក្រុមជនជាតិ​ម៉ូស្លីមរ៉ូហ៊ីងយ៉ា នៅក្នុង​រដ្ឋរ៉ាឃីន (Rakhine) ចាប់តាំងពី​ខែសីហា ឆ្នាំ២០១៧។ នេះបើ​តាម​ការ​ដក​ស្រង់ការ​ផ្សាយចេញពី​ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែឧសភា ឆ្នាំ២០១៨។
សេចក្តី​ថ្លែងការណ៍​របស់ UNSC បានលើកឡើង​យ៉ាងដូច្នេះថា «សមាជិក​របស់ក្រុមប្រឹក្សា​សន្តិសុខ ដោយផ្អែកលើ​សារៈសំខាន់នៃ​ការ​ស៊ើប​អង្កេតដោយ​មានតម្លាភាព​ ទៅលើ​ករណីរំលោភ​បំពាន​សិទ្ធិមនុស្ស សូមទទូច​ឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា បំពេញនូវការប្តេជ្ញា​របស់ខ្លួន​​ដែល​បាន​លើកឡើងពី​ខាងដើម ក្នុងការតាមវែក​រកមុខជន​ដៃដល់ នៃអំពើហិង្សា​នៅរដ្ឋរ៉ាឃីន រួមមានទាំង​​ការបំពាន និងប្រើហិង្សាផ្លូវភេទ​ ព្រមទាំង​​​ហិង្សា​ប្រឆាំង​លើកុមារ»។
សេចក្តីថ្លែងការណ៍​ខាងលើនេះ ត្រូវបានធ្វើឡើង​បន្ទាប់ពីក្រុម​មន្រ្តី UNSC បានធ្វើដំណើរ​ទៅកាន់មីយ៉ាន់​ និងបង់ក្លាដែស កាលពីចន្លោះ​ថ្ងៃទី​២៨ ខែមេសា រហូតដល់​ថ្ងៃទី០១ ខែឧសភា ហើយ​ក្រុមមន្រ្តី UN បានធ្វើទស្សនកិច្ច​ទៅកាន់ជំរុំជនភៀស​ខ្លួននៅឯ​ទីក្រុង ខូស បាហ្សា (Cox's Bazar) របស់​បង់ក្លាដែស ជាទីដែលពួកគេ​បានជួប និងសួរសុខទុក្ខជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា។
គួរជម្រាបថា បើតាមតួលេខ​របស់ UN ជនជាតិរ៉ូហ៊ីងយ៉ា​ប្រហែល ៧០០,០០០នាក់ បានរត់ភៀសខ្លួនឆ្លង​ព្រំដែនចូលទៅកាន់​ប្រទេសបង់​ក្លា​ដែស ក្រោយពីអំពើហិង្សា​ទ្រង់ទ្រាយធំ​បានផ្ទុះឡើង នៅរដ្ឋរ៉ាឃីន កាលពីខែសីហា​ឆ្នាំទៅមិញ។ ជុំវិញ​បញ្ហានេះ កាលពីវិច្ឆិកា​ឆ្នាំដដែល​​ រដ្ឋាភិបាល​មីយ៉ាន់ម៉ា និង​បង់ក្លាដែស ក៏បានចុះកិច្ច​ព្រមព្រៀង​​ស្តីពីការធ្វើ​មាតុភូមិនិវត្តន៍​ ​ជនភៀសខ្លួនទាំង​នោះវិញ​ផងដែរ ប៉ុន្តែមក​ទល់ពេល​នេះ ដំណើរការ​នៃរឿងនេះ​ពុំទាន់បានប្រព្រឹត្ត​ទៅនៅ​ឡើយទេ៕