ក្រសួងសង្គមកិច្ច និងអង្គការជនពិការជាតិ-អន្ដរជាតិ បើកវគ្គបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពជនពិការ ក្នុងការកែច្នៃផលិតផល ឱ្យមានគុណភាព សម្រាប់ប្រកួតប្រជែង នៅលើទីផ្សារ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្រសួងសង្គមកិច្ច និងអង្គការជនពិការជាតិ-អន្ដរជាតិ បើកវគ្គបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពជនពិការ ក្នុងការកែច្នៃផលិតផល ឱ្យមានគុណភាព សម្រាប់ប្រកួតប្រជែង នៅលើទីផ្សារ

08/05/2018
(ភ្នំពេញ)៖ ក្រុមប្រឹក្សាសកម្មភាពជនពិការកម្ពុជា នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអង្គការជនពិការជាតិ-អន្ដរជាតិ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨នេះ បានបើកវគ្គបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពដល់បងប្អូនជនពិការ ដែលកំពុងប្រកបអាជីវកម្មនៅកម្ពុជា ដើម្បី ផ្ដល់នូវចំណេះដឹង និងជំនាញក្នុងការកែច្នៃផលិតផលឱ្យមានគុណភាព និងស្ដង់ដារខ្ពស់ សម្រាប់ បង្កើននូវប្រាក់ចំណូល និងចូលរួមប្រកួតប្រជែងនៅលើទីផ្សារក្នុងស្រុក និងតំបន់ថែមទៀត។
ក្នុងសិក្ខាសាលាស្ដីពីការគ្រប់គ្រងគុណភាពផលិតផល និងការរៀបចំផែនការយុទ្ធសាស្រ្ដ ទីផ្សារនៃគម្រោងធ្វើឱ្យប្រសើរឡើងសម្រាប់សហគមន៍ នាព្រឹកថ្ងៃទី០៨ ឧសភានេះ នៅសណ្ឋាគារភ្នំពេញ លោក នេត អ៊ុន អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា គម្រោងនេះគឺជាផ្នែកមួយ នៃដំណាក់កាលអនុវត្ដន៍គម្រោងសាកល្បង កែលម្អសហគមន៍ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩ ដើម្បី បង្កើនមុខរបរ ជំនួញអាជីវកម្ម ការចាត់ចែង និងគ្រប់គ្រងទីផ្សារ សម្រាប់ប្រែក្លាយយុទ្ធសាស្រ្ដឱ្យទៅ ជាសកម្មភាពជាក់ស្ដែង ក្នុងការពង្រីកមុខរបរ និងបង្កើនប្រាក់ចំណូល សម្រាប់បងប្អូនជនពិការនៅ កម្ពុជា។
លោក នេត អ៊ុន បានបញ្ជាក់ថា តាមរយៈការបណ្ដុះបណ្ដាលជំនាញនេះ បងប្អូនជនពិការ អាចទទួល បាននូវចំណេះដឹង បច្ចេកវិទ្យា និងជំនាញថ្មីៗ ដើម្បីបង្កើននូវគុណភាព និងរៀបចំឱ្យមានស្ដង់ដារ ផលិតផលរបស់បងប្អូនជនពិការ អាចចូលរួមប្រកួតប្រជែងនៅទីផ្សារក្នុងស្រុក និងតំបន់ថែមទៀត នាពេលអនាគត។
ជាមួយគ្នានោះ លោក ម៉ី សាម៉ីត នាយកប្រតិបត្តិអង្គការមជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យ នៃជនពិការ ភ្នំពេញ បានឱ្យដឹងថា គម្រោងនេះបានផ្ដោតសំខាន់ទៅលើបងប្អូនជនពិការដែលមានអាជីវកម្មរួច ហើយ ដើម្បីបង្កើននូវវិធីសាស្រ្ដ និងជំនាញឱ្យចេះត្រួតពិនិត្យមើលគុណភាពផលិតផល ការរៀបចំ ផែនការយុទ្ធសាស្រ្ដ ក្នុងការគ្រប់គ្រងទីផ្សារ ជំរុញការលក់ផលិតផល និងការកែច្នៃផលិតផល ប្រកប ដោយស្ដង់ដារខ្ពស់។
លោកបានបន្ថែមទៀតថា គម្រោងនេះបានផ្ដល់ការងារជូនដល់ជនពិការ តាម រយៈការបង្កើតគំរូអាជីវកម្ម ការកែច្នៃផលិតផលកសិកម្ម ដូចជាដំណាប់ផ្លែឈើស្ងួត និងនំផ្អែម ដើម្បី បង្កើននូវគុណភាពផលិតផល ឱ្យកាន់តែខ្ពស់ថែមទៀត។
ចំណែក លោក Piroon Laismit នាយកប្រតិបត្ដិមជ្ឈមណ្ឌលអភិវឌ្ឍន៍ពិការភាពក្នុងតំបន់អាស៊ីប៉ាស៊ី ហ្វិក បានលើកឡើងថា គោលដៅចម្បងនៃគម្រោងនេះ គឺលើកកម្ពស់ការអភិវឌ្ឍ និងការធ្វើបរិយាប័ន្ន ពិការភាពនៅក្នុងសហគមន៍ ជាពិសេសធ្វើឱ្យបងប្អូនជនពិការនៅកម្ពុជាបានស្វែងយល់កាន់តែច្រើន និងទទួលបាននូវចំណេះដឹង គំនិតថ្មីៗជាច្រើនដើម្បីយកទៅអនុវត្ដន៍ក្នុងអាជីវកម្មផ្ទាល់ខ្លួន ឱ្យទទួល បានជោគជ័យ។
សូមបញ្ជាក់ថា គម្រោងនេះ មានរយៈពេលពីរឆ្នាំ ដែលអនុវត្ដន៍ចាប់ពីខែឧសភា ឆ្នាំ២០១៧ រហូតដល់ខែមេសា ឆ្នាំ២០១៩ ផ្ដោតសំខាន់ទៅលើការបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពជូនបងប្អូនជនពិការនៅក្នុងរាជធានីភ្នំពេញ ដែលកំពុងតែអាជីវកម្មដល់បងប្អូនជនពិការប្រមាណជាង១០០នាក់ផងដែរ៕