លោក ដូណាល់ ត្រាំ «នៅតែ​គាំទ្រពេញ​ទំហឹង ចំពោះ​សិទ្ធិប្រើប្រាស់​កាំភ្លើង​ក្នុង​ប្រទេស» ដរាបណា​លោក​នៅជា​ប្រធានាធិបតី... - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក ដូណាល់ ត្រាំ «នៅតែ​គាំទ្រពេញ​ទំហឹង ចំពោះ​សិទ្ធិប្រើប្រាស់​កាំភ្លើង​ក្នុង​ប្រទេស» ដរាបណា​លោក​នៅជា​ប្រធានាធិបតី...

05/05/2018
(អាមេរិក)៖ ប្រធានាធិបតី​អាមេរិកបាន​បញ្ជាក់​សាជាថ្មី អំពីការគាំទ្រ​យ៉ាងក្លៀវក្លា​​របស់លោក ចំពោះសិទ្ធិ​នៃការកាន់កាប់​កាំភ្លើង​របស់​ប្រជា​ពលរដ្ឋ​អាមេរិក ទោះបីជា​ប្រទេសមួយនេះ​ធ្លាប់ជួបប្រទះ​សោកនាដកម្ម​ ស្លាប់ជីវិតមនុស្សរង្គាលអស់​ជាច្រើនលើក​ច្រើនសា ដែល​បង្ក​​ឡើង​ដោយ​កាំ​ភ្លើង​​យ៉ាងណាក្តី។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសៅរ៍ ទី០៥ ខែឧសភា ឆ្នាំ២០១៨។
ថ្លែងក្នុងជំនួប​ប្រចាំឆ្នាំ​ នៃសមាគមអ្នកការពារ​ការកាន់​អាវុធ​អាមេរិក (NRA) នៅឯ​មជ្ឈមណ្ឌលសន្និសីទ​ក្នុងទីក្រុង ដលឡាស់ (Dallas) នៃរដ្ឋតិចសាស់ លោក ដូណាល់ ត្រាំ បានលើក​ឡើងដូច្នេះ​ថា «សិទ្ធិនៃការកាន់​កាប់អាវុធ​​របស់អ្នកទាំងអស់ ដែលជាសិទ្ធិ​មូលដ្ឋានទីពីរ​នៅក្នុងរដ្ឋ​ធម្មនុញ្ញ​​​អាមេរិក ធ្លាប់ស្ថិត​ក្រោមការ​វាយប្រហារ ប៉ុន្តែសិទ្ធិនេះ​នឹងពុំត្រូវទទួល​ការយាយីទៀតជា​ដាច់ខាត ដរាបណា​ខ្ញុំនៅតែជា​ប្រធានាធិបតី​របស់​​អ្នក​»។
ដើម្បីគាំទ្រទស្សន​របស់ខ្លួន លោក ត្រាំ បានលើក​ឡើងពីករណី​នៅឯមន្ទីរពេទ្យ​មួយកន្លែង ក្នុងទីក្រុងឡុងដ៍​ចក្រភពអង់គ្លេស ដែល​មាន​​ការ​ហាមឃាត់​ការប្រើប្រាស់​កាំភ្លើង ប៉ុន្តែអំពើហិង្សា​នៅតែបន្ត​កើតមាន ដោយសារ​តែឧក្រិដ្ឋជន បានងាក​ទៅប្រើប្រាស់​កាំបិតវិញម្តង។

គួរជម្រាបថា ជុំវិញគោល​ជំហរនេះ ​ក្រុមសកម្មជនគាំទ្រ​ការរឹតបន្តឹងការប្រើប្រាស់​កាំភ្លើង​ បានចោទ​លោក ដូណាល់ ត្រាំ ថា កំពុងឱនក្បាល​​ដាក់សមាគម NRA ជាជាងព្យាយាម​រិះរកវិធីដើម្បី​ដោះស្រាយអំពើ​ហិង្សា បង្ក​ឡើងដោយកាំភ្លើង​នៅក្នុងប្រទេស។ ជោគជ័យរបស់​លោក​​ក្នុងការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ កាលពីឆ្នាំ២០១៦ គឺមានការចូលរួម​ចំណែកយ៉ាង​ធំធេង ពីក្រុមអ្នកកាន់កាប់កាំភ្លើង​នៅអា​មេ​រិក និងគាំទ្រ​របស់​សមាគមនេះ គឺចាំបាច់ជា​ខ្លាំងសម្រាប់ក្រុម​មន្រ្តីបក្ស​សាធារណរដ្ឋ នៅក្នុងការ​បោះឆ្នោតពាក់​កណ្តាលអាណត្តិ ដែល​នឹង​ប្រព្រឹត្ត​ទៅនាខែវិច្ឆិកា​ខាងមុខ៕​