សម្តេចតេជោ ហ៊ុន សែន៖ ការឃោសនាមិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត គឺរំលោភច្បាប់ប្រទេស - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន៖ ការឃោសនាមិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត គឺរំលោភច្បាប់ប្រទេស

04/05/2018
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨នេះ បានលើកឡើងថា ការឃោសនាមិនឱ្យពលរដ្ឋទៅបោះឆ្នោត គឺរំលោភច្បាប់ប្រទេស។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីបន្ទាប់ពីទណ្ឌិត សម រង្ស៊ី មេចលនាសង្រ្គោះជាតិ នាថ្មីៗនេះបានអំពាវនាវកុំឱ្យប្រជាពលរដ្ឋ ទៅបោះឆ្នោត ដោយលើកឡើងថា ការមិនទៅបោះឆ្នោតគឺគាំទ្រគណបក្សសង្រ្គោះជាតិ ឯការទៅបោះឆ្នោតគាំទ្រគណបក្សកាន់អំណាច។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើ ​Facebook យ៉ាងដូច្នេះថា៖ «ការបោះឆ្នោតនៅថ្ងៃទី២៩ កក្កដា ២០១៨ ខាងមុខនេះគឺសំខាន់ខ្លាំងណាស់។ មាត្រា៣៤ នៃ រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ដែលជាច្បាប់កំពូលរបស់កម្ពុជា គឺបញ្ជាក់ច្បាស់អំពីសិទ្ឋិជាមូលដ្ឋានរបស់ពលរដ្ឋខ្មែរទាំង២ភេទ គឺមានសិទ្ឋិបោះឆ្នោត និងមានសិទ្ឋិឈរឈ្មោះបោះឆ្នោតនៅក្នុងរបបដឹកនាំប្រជាធិបតេយ្យសេរីពហុបក្ស។ ការឃោសនាមិនឱ្យពលរដ្ឋទៅបោះឆ្នោត គឺរំលោភច្បាប់ប្រទេស ដែលបានចែងច្បាស់នៅក្នុងមាត្រា១៤២ នៃច្បាប់ស្តីពីការជ្រើសតាំងតំណាងរាស្រ្ត»។

បើតាម គ.ជ.ប រហូតដល់ពេលនេះ មានគណបក្សចំនួន៣ហើយ ដែលបានចុះបញ្ជីរួចរាល់ ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ក្នុងនោះមាន ១៖ គណបក្សប្រជាជនកម្ពុជា ២៖ គណបក្សសញ្ជាតិកម្ពុជា និង៣៖ គណបក្សយុវជនកម្ពុជា។

ទន្ទឹមនឹងនោះក៏មានគណបក្ស៦ទៀតដែលបានបញ្ជាក់ពីជំហរចុះបញ្ជីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៦ ដោយបានរៀបចំប្រាក់កក់១៥លានរៀល នៅរតនាគាជាតិនៃកម្ពុជា។ សរុបទាំងអស់មានគណបក្សនយោបាយចំនួន២១ កំពុងបំពេញបែបបទ។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណ ប្រទេសជាដៃគូអភិវឌ្ឍន៍ទាំងអស់ដែលបានចូលរួមជួយកសាងកម្ពុជា និងជួយរៀបចំ ព្រមទាំងផ្តល់នូវជំនួយទាំងថវិកា និងបច្ចេកទេសដល់ការរៀបចំការបោះឆ្នោតនៅកម្ពុជា ក្នុងនោះដូចជាប្រទេសជប៉ុន ប្រទេសចិន និងកិច្ចសហការជាមួយប្រទេសរុស្សីជាដើម។ សម្តេចតេជោ ក៏អរគុណដល់ (គ.ជ.ប) ដែលជាស្ថាប័នច្បាប់ និងបច្ចេកទេសរបស់កម្ពុជា ដែលមានសមត្ថភាពក្នុងការរៀបចំការបោះឆ្នោតនៅកម្ពុជា ទទួលបានជោគជ័យ៥លើករួចមកហើយ ចាប់តាំងពីឆ្នាំ ១៩៩៨។

សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណផងដែរ ដល់បងប្អូនជនរួមជាតិដែលមានជំនឿទុកចិត្តលើការដឹកនាំរបស់សម្តេច ហើយតែងតែបោះឆ្នោតឱ្យគណបក្សប្រជាជនគ្រប់អាណត្តិ ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនថែមទៀត៕