នៅថ្ងៃស្អែក ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល នឹងចាប់ផ្តើមហើយ នៅខេត្តស្វាយរៀង ដោយរំពឹងមានអ្នកចូលរួមជាង២ម៉ឺននាក់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

នៅថ្ងៃស្អែក ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល នឹងចាប់ផ្តើមហើយ នៅខេត្តស្វាយរៀង ដោយរំពឹងមានអ្នកចូលរួមជាង២ម៉ឺននាក់

02/05/2018
(ស្វាយរៀង)៖ នៅថ្ងៃទី៣ ខែឧសភា​ ឆ្នាំ២០១៨ស្អែកនេះ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល នឹងប្រារព្វធ្វើឡើងនៅខេត្តស្វាយរៀង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា។
នៅក្នុងមហាព្រឹត្តិការណ៍ដ៏ធំរបស់ជាតិមួយនេះ ក៏មានអញ្ជើញចូលរួមពី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ របស់ព្រះបរមរាជវាំង ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលជាច្រើនរូបទៀត។
អាជ្ញាធរខេត្តស្វាយរៀង បានអះអាងថា រាជរដ្ឋាភិបាលសម្រេចជ្រើសយកខេត្តស្វាយរៀងជា ទីកន្លែងប្រារព្ធពិធីដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែឧសភា ស្អែកនេះ ស្ថិតនៅទីព្រះស្រែ ក្នុងភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដើម្បីជូនដំណឹងដល់ប្រជាពលរដ្ឋ នៅក្នុងប្រទេស ឲ្យដឹងពីរដូវធ្វើស្រែចម្ការបានមកដល់ និងដើម្បីផ្សងប្រផ្នូល ពីភោគផលកសិកម្ម នាឆ្នាំនេះផងដែរ។
បើតាមអាជ្ញាធរខេត្ត អ្នកចូលរួមនៅក្នុងព្រះរាជពិធីបុណ្យជាតិមួយនេះ នឹងមានជាង២ម៉ឺននាក់។ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ដែលជាព្រះរាជពីធីជាតិដ៏យូរលង់របស់ខ្មែរមកនោះ និងដែលតែងតែធ្វើជារៀងរាល់ឆ្នាំនៅដើមរដូវវស្សា ដើម្បី​​ផ្សងមើលប្រផ្នូល​របស់​ស្រុក​ទេស ជាពិសេសដើម្បីផ្សងមើលពីការដាំដុះ និងការបង្កបង្កើនផលកសិកម្មរបស់ប្រជានុរាស្រ្តនោះ នឹងចូលមកដល់ក្នុងរយៈពេលប្រមាណ២សប្តាហ៍ទៀតប៉ុណ្ណោះ គ្រោងប្រារព្ធឡើងនៅខេត្តស្វាយរៀង។​
សូមបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ ទីព្រះស្រែបានរៀបចំចាក់ខ្សាច់បំពេញ ការតបណ្ដាញទឹក បណ្ដាញអគ្គិសនី និងដាំស្មៅរួចរាល់ ហើយក៏បានរៀបចំស្តង់ពិព័រណ៍ផលិតផលកសិកម្ម និងសិប្បកម្មផងដែរ។ នេះបើតាមការឲ្យដឹងពីមន្រ្តីសាលាខេត្តស្វាយរៀង។

ក្នុងព្រះរាជកម្មវិធីនេះ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ជាស្តេចមាឃ និងលោកជំទាវ ឈុន ណារី ជាមេហូ៕