ក្រសួងមហាផ្ទៃ ​ផ្សព្វផ្សាយប្រកាសអន្ដរក្រសួង ស្ដីពីការគ្រប់គ្រងប្រាក់ចំណូល ពីការផ្ដន្ទាទោសពិន័យជាប្រាក់ លើជនប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌក្នុងច្បាប់ចរាចរណ៍ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្រសួងមហាផ្ទៃ ​ផ្សព្វផ្សាយប្រកាសអន្ដរក្រសួង ស្ដីពីការគ្រប់គ្រងប្រាក់ចំណូល ពីការផ្ដន្ទាទោសពិន័យជាប្រាក់ លើជនប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌក្នុងច្បាប់ចរាចរណ៍

02/05/2018
(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨នេះ បើកកិច្ចប្រជុំផ្សព្វផ្សាយប្រកាសអន្ដរក្រសួង ស្ដីពីការគ្រប់គ្រងប្រាក់ចំណូល ពីការផ្ដន្ទាទោសពិន័យជាប្រាក់ លើជនប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ដែលមានចែងក្នុងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក។

កិច្ចប្រជុំនេះត្រូវបានធ្វើឡើង ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត តេង សាវង្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងមានការចូលរួមពី តំណាងអគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ, តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងស្ថាប័នតុលាការ និងតំណាងស្នងការរាជធានី-ខេត្ត ព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនទៀតផងដែរ។
នាយឧត្តមសេនីយ៍ តេង សាវង្ស បានគូសបញ្ជាក់ថា ប្រកាសអន្ដរក្រសួងរវាងក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានបានរៀបចំឡើងដើម្បីគ្រប់គ្រង និងការបែងចែកប្រាក់ចំណូល ពីការផ្ដន្ទាទោសពិន័យជាប្រាក់លើជនប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ដែលមានចែងក្នុងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ប្រកបដោយគណនេយ្យភាព ស្របតាមនីតិវិធីហិរញ្ញវត្ថុ និងធានាបានការបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ប្រកបដោយសមធម៌។

បើតាមប្រកាសអន្ដរក្រសួង ដែលបានធ្វើឡើងនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ ប្រាក់ចំណូលបានមកពីការផ្ដន្ទាទោសពិន័យជាប្រាក់ ចំពោះជនប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ដែលមានចែងក្នុងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដែលអនុវត្តតាមសេចក្ដីសម្រេចស្ថាពររបស់ សាលាជម្រះក្ដីត្រូវបានគ្រប់គ្រង ដោយក្រសួងមហាផ្ទៃ ដែលជាអាណាប័កដើមខ្សែ។

នាយឧត្តមសេនីយ៍រដ្ឋលេខាធិការ ក៏បានបន្ថែមថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងពាក់ព័ន្ធបានរៀបចំសេចក្ដីប្រកាសពីការបែងចែកប្រាក់ពិន័យនេះឡើង គឺដើម្បីជាការលើកទឹកចិត្តដល់មន្ដ្រីអ្នកអនុវត្តច្បាប់ទាំងអស់ ដែលខិតខំប្រឹងបំពេញការងារតាមមុខជំនាញរបស់ខ្លួន ដោយមានប្រសិទ្ធភាពខ្ពស់ ដូច្នេះហើយសូមមន្ដ្រីអនុវត្តច្បាប់ទាំងអស់ ត្រូវបន្ដខិតខំអនុវត្តច្បាប់ឲ្យស្របទៅតាមវិជ្ជាជីវៈរបស់ខ្លួនឲ្យបានត្រឹមត្រូវ ជៀសវាងមានការថ្នាំងថ្នាក់ ជាមួយពលរដ្ឋជាយកថាហេតុ៕​