ការសម្រេចចិត្តរបស់កូរ៉េខាងជើង កើតមានឡើងបន្ទាប់ពីលោក គីម ជុងអ៊ុន បានលើកឡើងពីសំណើដ៏គួរឱ្យភ្ញាក់ផ្អើលជុំវិញការប្ដូរ ម៉ោងតំបន់ឱ្យត្រូវគ្នាជាមួយកូរ៉េខាងត្បូងវិញ នៅអំឡុងកិច្ចប្រជុំកំពូលអន្តរកូរ៉េជាមួយលោក មូន ជែអ៊ីន កាលពីថ្ងៃសុក្រសប្ដាហ៍មុន។ថ្លែងនៅក្នុងបទអត្ថាធិប្បាយរបស់ខ្លួន KCNA បានគូសបញ្ជាក់យ៉ាងដូច្នេះថា «សភាប្រជាជនកូរ៉េខាងជើងបានអះអាងថា ការសម្រេចចិត្តប្ដូរម៉ោងឱ្យត្រូវគ្នានឹងទីក្រុងសេអ៊ូល គឺជាការអនុវត្តដំណាក់កាលដំបូងសម្រាប់ការផ្សះផ្សា និងឯកភាពរវាងកូរ៉េទាំងពីរ... ហើយលើសពីនេះទៅទៀត លោក គីម ជុងអ៊ុន យល់ថា វាគឺជារឿងឈឺចាប់ដែលទីក្រុងព្យុងយ៉ាង និងទីក្រុងសេអ៊ូលមានម៉ោងខុសគ្នា ដូច្នេះលោកស្នើឱ្យកូរ៉េខាងត្បូង និងកូរ៉េខាងជើងមានម៉ោងដូចគ្នា មុននឹងធ្វើអ្វីមួយផ្សេងៗទៀត»។
គួររំលឹកថា កាលពីខែសីហា ឆ្នាំ២០១៥ កូរ៉េខាងជើងបានសម្រេចិត្តប្ដូរម៉ោងយឺតជាងកូរ៉េខាងត្បូង ៣០នាទី ពោលគឺជាពីដំបូងឡើយ ម៉ោងរវាងប្រទេសទាំងពីរ គឺស្ថិតនៅក្នុងល្វែងម៉ោងដូចគ្នា (លើសម៉ោងសកលោក ៩ម៉ោង)។ ប៉ុន្តែដើម្បីលុបចេញនូវមរតកបន្សល់ទុកពីអាណានិគមជប៉ុន (ឆ្នាំ១៩១០-១៩៤៥) នៅលើឧបទ្វីបកូរ៉េ ទើបកូរ៉េខាងជើងកាលណោះ បានប្ដូរល្វែងម៉ោងយឺតជាងកូរ៉េខាងត្បូង ៣០នាទីវិញគឺ (លើសម៉ោងសកល ៨៖៣០នាទី) វិញ៕