ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជាដែលកំពុងតែកាន់អំណាច បានអះអាងថា ថ្ងៃស្អែក ខ្លួននឹងទៅចុះឈ្មោះមុនគេនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ខណៈគ.ជ.ប បើកទ្វារទទួលចុះបញ្ជីគណបក្សនយោបាយសម្រាប់ការបោះឆ្នោតជាតិចាប់ពីថ្ងៃទី៣០ខែមេសាដល់ថ្ងៃទី១៤ខែឧសភាខាងមុខ។ ក្រៅពីគណបក្សកាន់អំណាច គណបក្សនយោបាយថ្មីៗមួយចំនួនទៀតក៏ត្រៀមខ្លួនយកសំណុំឯកសារទៅចុះបញ្ជីនៅ គ.ជ.ប ដែរ លើកលែងតែអតីតគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការរំលាយចោលទៅហើយ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រាប់អ្នកសារព័ត៌មានថា គណបក្សកាន់អំណាចបានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការទៅចុះឈ្មោះដើម្បីចូលរួមការបោះឆ្នោត ឲ្យបានមុនគេបង្អស់នៅ គ.ជ.ប។ ជាមួយគ្នានេះលោករំពឹងថា នឹងមានគណបក្សនយោបាយច្រើនទៀត ក៏ទៅចុះឈ្មោះចូលរួមប្រកួតនៅឆ្នាំនេះដែរ បើទោះបីជាអតីតគណបក្សសង្រ្គោះជាតិ ចាត់ទុកថា ការបោះឆ្នោតនេះគ្មានន័យនិងមិនឆ្លុះមិនបញ្ចាំងពីឆន្ទៈរបស់ពលរដ្ឋក៏ដោយ។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានអះអាងថា មន្រ្តីរបស់គណបក្សដែលទើបបង្កើតឡើងជិតមួយឆ្នាំនេះ នឹងទៅអង្គុយចាំនៅមាត់ទ្វារ គ.ជ.ប ជាស្រេចនៅថ្ងៃចន្ទ។ ពោលឲ្យតែ គ.ជ.ប បើរភ្លែត នឹងដាក់ពាក្យចូលភ្លាមតែម្តង។ តែគណបក្សនេះមិនមានលទ្ធភាពដាក់បេក្ខជនបានគ្រប់មណ្ឌលនោះទេ។ នេះបើតាម លោក ពេជ្រ ស្រស់។
រីឯគណបក្សហ្វ៊ុនស៊ិនប៉ិច បានអះអាងថា ខ្លួនកំពុងតែមូរដៃអាវ មូរជើងខោ ត្រៀមចុះស្ទូង មានន័យ ខ្លួនប្រាកដនឹងចូលរួមបោះឆ្នោតនេះ ដោយនិយាយថា គណបក្សនេះជាកម្លាំងធំទី២បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា។ នេះបើតាម លោក ញេប ប៊ុនជិន អ្នកនាំពាក្យ។
សម្រាប់គណបក្សប្រជាធិបតេយ្យមូលដ្ឋានវិញ ត្បិតតែមកដល់ពេលនេះនៅមិនប្រកាសជាផ្លូវការថាចូលបោះឆ្នោតក៏ពិតមែន តែលោក សាម អ៊ិន អ្នកនាំពាក្យគណបក្សនេះ បានបញ្ជាក់ពីជំហរចុងក្រោយថា គណបក្សថ្មីនេះនឹងចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ខែកក្កដា បន្ទាប់ពីជ្រើសបេក្ខជនឈរឈ្មោះនៅគ្រប់មណ្ឌលរួចរាល់។ ប៉ុន្តែលោកថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មិនទាន់ទៅចុះឈ្មោះនៅថ្ងៃចន្ទនោះទេ ដោយរង់ចាំការសម្រេចពីថ្នាក់ដឹកនាំនៅថ្ងៃទី៦ខែឧសភា ជាមុនសិន។
ដោយឡែក គណបក្សអំណាចខ្មែរ បានប្រកាសថា នឹងមិនចូលរួមបោះឆ្នោតថ្នាក់ជាតិនៅខែកក្កដាខាងមុនទេ។ ការបដិសេធ ដោយគណបក្សអំណាចខ្មែរ អះអាងថា មកពី គ្មានអាជ្ញាកណ្តាលឯករាជ្យ និងការធ្វើវិសោធនកម្មច្បាប់ដកហូតអាសនៈរបស់បក្សជាប់ឆ្នោតដែលផ្ទុយនឹងឆន្ទៈប្រជាពលរដ្ឋ។បើតាម គ.ជ.ប មានគណបក្សនយោបាយចំនួន៣៧ ត្រូវបានក្រសួងមហាផ្ទៃទទួលស្គាល់ថាស្របច្បាប់ ខណៈគណបក្សចំនួន៦៧ត្រូវបានលុបឈ្មោះចោល។