ការវាយប្រហារលើប្រព័ន្ធអ៊ីនធឺណិតក្នុងសម័យបច្ចេកវិទ្យាបច្ចុប្បន្ន សឹងតែជាទម្លាប់ការពារខ្លួនជាប្រចាំទៅហើយសម្រាប់អ្នកប្រើប្រាស់។ ផ្អែកតាមការស្រាវជ្រាវចុងក្រោយបង្អស់ពីក្រុមហ៊ុន McAfee បានសង្កត់ធ្ងន់ថា ប្រទេសកូរ៉េខាងជើង កំពុងស្ថិតនៅពីក្រោយការវាយប្រហារ ដ៏ធំនៃដំណើរការឲ្យឈ្មោះ Operation GhostSecret។
ប្រភពពី The Hill បានឲ្យដឹងថា ការវាយលុកនេះនឹងជ្រៀតខ្លួនចូលទៅក្នុងប្រទេសទាំង ១៧ ដែលក្នុងនោះមានទាំងសហរដ្ឋអាមេរិក អង់គ្លេស អាល្លឺម៉ង់ ជប៉ុន និងរុស្ស៊ីជាដើម។ គោលដៅ គឺដើម្បីលួចទាញយកព័ត៌មានទាក់ទងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ប្រព័ន្ធទូរគមនាគមន៍ អង្គការកម្សាន្ត និងសេវាថែទាំសុខភាព។
McAfee សង្កត់ធ្ងន់ទៀតថា ក្រុម Hacker នេះ មកពីទីក្រុងព្យុងយ៉ាង មានសមត្ថភាពខ្លាំងក្នុងការអភិវឌ្ឍន៍ និងប្រើប្រាស់ប្រព័ន្ធវាយប្រហារ ដើម្បីសាយភាយដល់ទូទាំងពិភពលោកក្នុងពេលឆាប់ៗនេះ។
រំឭកថា កន្លងទៅកូរ៉េខាងជើងក៏ធ្លាប់រងការចោទប្រកាន់ជុំវិញការបង្កើតមេរោគ WannaCry ដែលបានបង្កផលប៉ះពាល់ដល់ប្រព័ន្ធប្រើប្រាស់កុំព្យូទ័រជាង ១៥០ ប្រទេស ហើយដំណើរការនៃ GhostSecret នេះសោត ក៏នឹងដើរតាមគន្លងតែមួយ ឬអាចខ្លាំងជាងនេះផងក៏ថាបាន៕
ប្រភព៖ First Post