ចំណូលនាត្រីមាសទី ១ គិតចាប់ពីខែមករា-មីនា ឆ្នាំ ២០១៨ របស់ក្រុមហ៊ុន Facebook មានការកើនឡើងប្រមាណ ៤៩ ភាគរយ ធៀបនឹងត្រីមាសដដែលនាឆ្នាំ ២០១៧។
យោងតាមរបាយការណ៍ប្រាក់ចំណូលនៃក្រុមហ៊ុនបណ្ដាញសង្គមយក្សមួយនេះ ទទួលបាន ១១,៩៩៦ ពាន់លានដុល្លារ កើនពី ៨,០៣២ ពាន់លានដុល្លារក្នុងពេលដដែល។
ដោយតួលេខនោះមាន ១១,៧៩៥ ពាន់លានដុល្លារ ជាចំណូលទទួលបានពីការផ្សព្វផ្សាយពាណិជ្ជកម្ម បូកផ្សំ ១៧១ លានដុល្លារទៀតបានពីការទូទាត់លើសេវាកម្មដទៃ។ ក្រៅពីនេះ ចំនួនអ្នកប្រើប្រាស់ប្រចាំថ្ងៃគិតត្រឹមខែមីនា ក៏មានការកើនឡើង ១៣ ភាគរយ ធៀបនឹងឆ្នាំទៅ ពោលគឺជាមធ្យមមាន ១,៤៥ ពាន់លាននាក់ និងចំនួនអ្នកប្រើប្រាស់សរុបឈានដល់ ២,២ ពាន់លាននាក់។
ថ្វីបើកម្មវិធី Facebook ចាប់កំណើតដំបូងលើកុំព្យូទ័រ Desktop ប៉ុន្តែចូលមកដល់សម័យបច្ចុប្បន្ន ប្រភពពីរបាយការណ៍ខាងលើ បានសង្កត់ធ្ងន់ថា ចំនួនអតិថិជនធ្វើការផ្សព្វផ្សាយពាណិជ្ជកម្ម មានប្រមាណ ៩១ ភាគរយប្រើប្រាស់លើទូរសព្ទ ធៀបនឹងឆ្នាំទៅដែលមានត្រឹមតែ ៨៥ ភាគរយប៉ុណ្ណោះ៕
ប្រភព៖ AndroidHeadlines
