ស្វែងយល់ពីប្រវត្តិអាស៊ាន ដែលនឹងរៀបចំកិច្ចប្រជុំកំពូលលើកទី៣២ នៅប្រទេស សិង្ហបុរី - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ស្វែងយល់ពីប្រវត្តិអាស៊ាន ដែលនឹងរៀបចំកិច្ចប្រជុំកំពូលលើកទី៣២ នៅប្រទេស សិង្ហបុរី

27/04/2018
(អាស៊ីអាគ្នេយ៍)៖ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថា អាស៊ាន (ASEAN) គឺជាអង្គការថ្នាក់តំបន់មួយ រួមមានប្រទេសនៅអាស៊ីអាគ្នេយ៍ទាំងដប់ជាសមាជិក ត្រូវបានបង្កើតឡើងដើម្បីជួយជំរុញកិច្ចសហប្រតិបត្តិការអន្តររដ្ឋាភិបាល និងជួយសម្រួលការធ្វើសមាហរណកម្មក្នុងចំណោមសមាជិកទាំងអស់។ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នឹងរៀបចំកិច្ចប្រជុំកំពូលលើកទី៣២ នៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី២៥-២៨ ខែមេសា ឆ្នាំ២០១៨ ដោយក្នុងនោះក៏មានវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាចូលរួមផងដែរ ពីថ្ងៃទី២៧-២៨ ខែមេសានេះ។
ឆ្លៀតឱកាសនេះសូមបង្ហាញពីប្រវត្តនៃការបង្កើតអង្គការថ្នាក់តំបន់មួយនេះ៖
* ទីស្នាក់ការកណ្តាល៖ រដ្ឋធានីហ្សាកាតា ប្រទេស ឥណ្ឌូណេស៊ី
* សមាជិកភាព៖ ១០ប្រទេសនៅអាស៊ីអាគ្នេយ៍ (ពីរប្រទេសមិនទាន់ពេញសិទ្ធ)
* ប្រធាន៖ លោក រ៉ូទ្រីហ្កូ ឌូទើតេ
* អគ្គលេខាធិការ៖ លោក ឡឺ លួងមិញ
* ថ្ងៃខែឆ្នាំបង្កើតឡើង៖ ថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧
* ផ្ទៃដីសរុប៖ ៤ ៤៧៩ ២១០ ៥ គីឡូម៉ែត្រការ៉េ
* ចំនួនប្រជាជន៖ ៦០២ ៦៥៨ ពាន់នាក់ (របាយការណ៍ឆ្នាំ២០១១)
* ដង់ស៊ីតេ៖ ១៣៥នាក់ក្នុងមួយ គីឡូម៉ែត្រការ៉េ
* ផលិតផលក្នុងស្រុកសរុប៖ ៣ ៥៧៤សែនកោដិដុល្លារអាមេរិក
* ផលិតផលក្នុងស្រុកសម្រាប់ប្រជាពលរដ្ឋម្នាក់៖ ៥៩៣០ដុល្លារអាមេរិក
* ភាសាផ្លូវការ៖ ភាសាអង់គ្លេស

១៖ ប្រវត្តិ
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បង្កើតឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ ដោយដំបូងឡើយមានប្រទេសចំនួន៥គឺប្រទេស ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហបុរី និងប្រទេសថៃ។ ប្រទេសស្ថាបនិកទាំងនោះ លើកលែងប្រទេសថៃ សុទ្ធសឹងតែជាដែនដីដែលទើបទទួលបានអធិបតេយ្យភាពថ្មីថ្មោងពីនឹមអាណានិគមក្នុងសម័យនោះ។
គួបផ្សំនឹងការចាប់ផ្ដើមនៃសង្គ្រាមត្រជាក់ផង ទើបជំរុញឲ្យប្រទេសទាំងប្រាំរួមគ្នាបង្កើតសមាគមនេះឡើង ដោយមានគោលដៅរួម ជំរុញឲ្យមានសន្តិភាព ស្ថិរភាព កំណើនសេដ្ឋកិច្ច រួមទាំងការអភិវឌ្ឍសង្គម និងវប្បធម៌ ក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ ចាប់ពីឆ្នាំ១៩៨៤ មក ទើបបណ្ដាប្រទេសដទៃប្រាំទៀតក្នុងតំបន់នេះ រួមមាន ប៊្រុយណេ វៀតណាម ឡាវ មីយ៉ាន់ម៉ា និងកម្ពុជា ដែលជាកូនពៅ បានក្លាយជាសមាជិកនៃសមាគមនេះជាបន្តបន្ទាប់។

២៖ អគ្គលេខាធិការដ្ឋានអាស៊ាន
អគ្គលេខាធិការដ្ឋានអាស៊ាន មានមូលដ្ឋាននៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ដែលមានអគ្គលេខាធិការទទួលបន្ទុកសម្របសម្រួល និងអនុវត្តសកម្មភាពនានារបស់អាស៊ាន។ អគ្គលេខាធិការនោះ ត្រូវតែងតាំងដោយកិច្ចប្រជុំកំពូលអាស៊ាន មានអាណត្តិ ៥ឆ្នាំ ត្រូវបានប្តូរវេនគ្នាទៅតាមលំដាប់អក្ខរក្រម នៃឈ្មោះជាភាសាអង់គ្លេស របស់រដ្ឋជាសមាជិក។
ធម្មនុញ្ញអាស៊ានកំណត់ថា ការជ្រើសរើសអគ្គលេខាធិការត្រូវផ្អែកលើលក្ខខណ្ឌដូចជា សុចរិតភាព បទពិសោធន៍ការងារ សមត្ថភាព និងសមភាពយេនឌ័រ។ អគ្គលេខាធិការអាស៊ាន បច្ចុប្បន្នដែលមានអាណត្តិពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ គឺលោក ឡឺ លួងមិញ (Le Luong Minh) ជាអតីតអនុរដ្ឋមន្ត្រីការបរទេសនៃប្រទេសវៀតណាម។ អគ្គលេខាធិការដ្ឋានមានតួនាទីសម្របសម្រួលការអនុវត្តគម្រោង និងសកម្មភាពរបស់អាស៊ាន។

៣៖ ប្រធានអាស៊ាន
មាត្រា៣១ នៃធម្មនុញ្ញអាស៊ានចែងថា «ប្រធានអាស៊ានត្រូវប្ដូរវេនជារៀងរាល់ឆ្នាំតាមលំដាប់អក្ខរក្រមនៃឈ្មោះជាភាសាអង់គ្លេសរបស់រដ្ឋសមាជិក» ហើយរដ្ឋសមាជិក ដែលទទួលបានឋានៈជាប្រធានអាស៊ាននោះ ត្រូវធ្វើជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំមួយចំនួនទៀត។ កន្លងមកប្រទេសកម្ពុជា ធ្លាប់ធ្វើជាប្រធានអាស៊ាន បានចំនួនពីរដង គឺលើកទី១ នៅឆ្នាំ២០០២ និងលើកទីពីរនៅឆ្នាំ២០១២។

៤៖ គោលបំណងនៃការបង្កើតសមាគមនេះឡើង ដូចដែលបានកំណត់នៅក្នុងសន្ធិសញ្ញាអាស៊ាន គោលបំណងរបស់អាស៊ានមានដូចជា៖
* បង្កើនល្បឿនកំណើតសេដ្ឋកិច្ច វឌ្ឍនភាពសង្គម និងការអភិវឌ្ឍវប្បធម៌នៅក្នុងតំបន់
* លើកកម្ពស់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់
* ជំរុញកិច្ចសហប្រតិបត្តិការនិងការឧបត្ថម្ភជួយគ្នាទៅវិញទៅមកដោយមិនរំពឹងផលប្រយោជន៍តបស្នង
* ផ្ដល់ជំនួញដល់គ្នាទៅវិញទៅមកក្នុងទម្រង់ជាការបណ្ដុះបណ្ដាលនិងការស្រាវជ្រាវឧបករណ៍
* កិច្ចសហប្រតិបត្តិការដើម្បីធ្វើឱ្យមានភាពល្អប្រសើរខាងវិស័យកសិកម្មនិងឧស្សាហកម្មដើម្បីលើកកម្ពស់ជីវភាពប្រជាជន
* លើកកម្ពស់ការសិក្សានៅអាស៊ីអាគ្នេយ៍។
* រក្សាមិត្តភាពដើម្បីប្រយោជន៍កិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិដែលមានគោលបំណងដូចគ្នាឬស្រដៀងគ្នា។

៥៖ កិច្ចប្រជុំអាស៊ាន
រាល់ការសម្រេចចិត្តសំខាន់ៗដែលពាក់ព័ន្ធនឹងជោគវាសនារបស់សមាគមអាស៊ាន គឺត្រូវធ្វើដោយកិច្ចប្រជុំកំពូលអាស៊ាន ដែលប្រព្រឹត្តទៅជារៀងរាល់ឆ្នាំនៅប្រទេសដែលមានតួនាទី ជាប្រធានអាស៊ាន។ ក្រៅពីកិច្ចប្រជុំកំពូល នៅមានកិច្ចប្រជុំដទៃទៀត ដូចជាកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីជំនាញតាមផ្នែកជាដើម។

៦៖ សសរស្ដម្ភ
ក្នុងរយៈកាលជិតកន្លះសតវត្សមកនេះ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដំណើរការដោយផ្ដោតលើសសរស្ដម្ភចំនួនបី រួមមាន សហគមន៍សន្តិសុខ-នយោបាយ សហគមន៍សេដ្ឋកិច្ច និងសហគមន៍វប្បធម៌-សង្គម ដែលសហគមន៍ទាំងបីនេះ មានទំនាក់ទំនងគ្នាទៅវិញទៅមក។ យ៉ាងណាក៏ដោយ មានតែសហគមន៍សេដ្ឋកិច្ចអាស៊ានទេ ដែលត្រូវបានមជ្ឈដ្ឋាន ទូទៅស្គាល់ច្រើន ក្រោយពីត្រូវបានមេដឹកនាំប្រទេសក្នុងតំបន់អាស៊ាន បានឯកភាពគ្នាកាលពីឆ្នាំ២០០៧ ថា នឹងប្រែក្លាយតំបន់អាស៊ីអាគ្នេយ៍ឲ្យក្លាយ ជាសហគមន៍សេដ្ឋកិច្ចរួមមួយឲ្យបានត្រឹមឆ្នាំ២០១៥។

៧៖ បញ្ហាប្រឈម
ទោះបីជាយ៉ាងណាក៏ដោយ ដំណើរឆ្ពោះទៅមុខរបស់អាស៊ានត្រូវបានយាយីដោយបញ្ហាមួយចំនួន ទាំងបញ្ហាផ្ទៃក្នុងនៃប្រទេសសមាជិកនីមួយៗ ទាំងបញ្ហារវាងប្រទេសជាសមាជិក ព្រមទាំងរឿងរ៉ាវរវាងប្រទេសសមាជិក និងប្រទេសមិនមែនជាសមាជិក។ ក្នុងចំណោមសមាជិកទាំងដប់នៃអាស៊ាន ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម មានស្ថានភាព សេដ្ឋកិច្ចទាបជាងគេ ប្រៀបធៀបនឹងសមាជិក ៦ផ្សេងទៀត។ ម្យ៉ាងវិញទៀត ប្រទេសជាសមាជិកមួយចំនួននៅមានជម្លោះព្រំដែនរវាងគ្នានៅឡើយ ជាក់ស្ដែងជម្លោះព្រំដែន រវាងកម្ពុជា-វៀតណាម នៅពេលបច្ចុប្បន្ន។ យ៉ាងណាក៏ដោយបញ្ហានេះមិនបានធ្វើឲ្យអាស៊ានឈឺក្បាលខ្លាំងដូចករណីជម្លោះសមុទ្រចិនខាងត្បូងនោះទេ។

រឿងរ៉ាវសមុទ្រចិនខាងត្បូងនេះ បានធ្វើឲ្យទំនាក់ទំនងរបស់ប្រទេសសមាជិកអាស៊ានមួយចំនួនមានភាពល្អក់កករ ហើយបញ្ហានេះតែងក្លាយជាប្រធានបទក្ដៅក្នុងរាល់កិច្ចប្រជុំ កំពូលអាស៊ាន នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទោះយ៉ាងណា សមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ក៏នៅតែជាប្រធានបទដែលអាស៊ានកំពុងយកចិត្តទុកដាក់ខ្លាំង ហើយក៏ជាសសរស្ដម្ភមួយក្នុងចំណោមសសរស្ដម្ភទាំងបី ដែលសម្រេចបានសមិទ្ធផលច្រើនជាងគេ។ ប៉ុន្តែសម្រាប់អ្នកសិក្សាស្រាវជ្រាវពីតំបន់អាស៊ានមួយចំនួន នៅតែយល់ថា ក្ដីស្រមៃមួយនេះ ស្ថិតក្នុងភាពស្រពេចស្រពិលនៅឡើយ ទោះបីរបាយការណ៍របស់អាស៊ានបង្ហាញថា អាស៊ានសម្រេចបាន ៩០% នៃគោលដៅដែលបានកំណត់ក្នុងផែនការ គោចរនៃសសរស្ដម្ភទាំងបីក៏ដោយ៕

៨៖ មូលនិធិ
អាស៊ានត្រូវបានបង្កើតឡើងជាអង្គការមួយនៅឆ្នាំ១៩៦១ ដែលមានឈ្មោះថាសមាគមអាស៊ីអាគ្នេយ៍(ASA) ដែលជាក្រុមមួយដែលមានប្រទេសចូលរួមដូចជា ហ្វីលីពីន ម៉ាឡេស៊ី និងថៃ។ អាស៊ានត្រូវបានបង្កើតឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ នៅពេលដែលរដ្ឋមន្រ្តីការបរទេសនៃប្រទេសចំនួនប្រាំដូចជាឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ បានចុះហត្ថលេខាលើសន្ធិសញ្ញាអាស៊ានដែលត្រូវបានគេស្គាល់ជាទូទៅថា ជាសន្ធិសញ្ញាក្រុងបាងកក៕

ដកស្រង់ចេញពី៖ គេហទំព័រ វីគីភីឌា