កម្ពុជា-មីយ៉ាន់ម៉ា បន្តរួមគ្នាផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ នៅរាជធានីបុរាណអង្គរ-បាហ្គាន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កម្ពុជា-មីយ៉ាន់ម៉ា បន្តរួមគ្នាផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ នៅរាជធានីបុរាណអង្គរ-បាហ្គាន

26/04/2018
(ភ្នំពេញ)៖ សកលលោកទាំងមូលពិតជាបានដឹងច្បាស់ហើយថា កម្ពុជាធ្លាប់អារ្យយធម៌ដ៏រុងរឿងខ្លាំងក្លាពីសម័យមហានគរ ដែលមានរាជធានីដ៏ធំមួយនៅតំបន់អង្គរ ខេត្តសៀមរាប ចំណែកមីយ៉ាន់ម៉ា ឬភូមានោះ ក៏ជាប្រទេសធ្លាប់អារ្យធម៌រុងរឿងពីបុរាណផងដែរ នោះគឺចក្រភពបាហ្គាន ដែលមានរាជធានីនៅតំបន់បាហ្គានបច្ចុប្បន្ន ហើយសព្វថ្ងៃនេះ រាជធានីបុរាណទាំងពីរនេះ គឺជាតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រដ៏ទាក់ទាំញបំផុត។
ហេតុដូច្នេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា សហការជាមួយរដ្ឋាភិបាលសហភាពមីយ៉ាន់ម៉ា បន្តរួមគ្នាផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍តំបន់ប្រវត្តិសាស្ត្រទាំងពីរនេះ ដើម្បីឲ្យប្រជាជនទាំងពីរបានស្គាល់ពីតំបន់ទេសចរណ៍ និងប្រាង្គប្រាសាទនានាពីគ្នាវិញទៅមក និងបន្តផ្សព្វផ្សាយហួសទៅកាន់ទីផ្សារទេសចរណ៍ប្រទេសទីបី។

កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ក៏បានជួបពិភាក្សាការងារជាមួយលោក យូ អូញមួង រដ្ឋមន្ត្រីក្រសួងសណ្ឋាគារ និងទេសចរណ៍មីយ៉ាន់ម៉ា នៅខេត្តសៀមរាបម្ដងមកហើយដែរ ហើយក៏មានការចុះហត្ថលេខាជាមួយគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការនានាលើវិស័យទេសចរណ៍ កម្ពុជា-មីយ៉ាន់ម៉ា ទៀតផង។
នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨នេះ ក្រុមការងារតំណាងក្រសួងទេសចរណ៍នៃប្រទេសទាំងពីរ បានបន្តជួបពិភាក្សាការងារជាមួយគ្នាជាលើកទី២ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ក្រោមវត្តមានលោក ហោ មុនីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា ដើម្បីជំរុញការអនុវត្តផែនការសកម្មភាពស្ដីពី កិច្ចសហប្រតិបត្តិការទេសចរណ៍ ឆ្នាំ២០១៧-២០២០ ដែលធ្លាប់បានចុះហត្ថលេខាជាមួយគ្នា កាលពីអំឡុងពេលជួបគ្នាលើកទី១ នៅខេត្តសៀមរាប។
លោក ហោ មុនីរ័ត្ន បានឲ្យដឹងថា កិច្ចប្រជុំការងាររួមគ្នាកម្ពុជា-មីយ៉ាន់ម៉ានេះ គឺជាសូចនាករដ៏សំខាន់មួយ ដែលបានបង្ហាញពីស្មារតីនៃកិច្ចសហប្រតិបត្តិការប្រកបដោយមិត្តភាព ក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ឲ្យកាន់តែរីកចម្រើនឡើង និងផ្ដល់នូវប្រយោជន៍ដល់ប្រទេសទាំងពីរ កម្ពុជា-មីយ៉ាន់ម៉ា៕