ខេត្តកំពង់ស្ពឺ ៖ លោកតាវ័យ៦៥ឆ្នាំម្នាក់មានជំងឺប្រចាំកាយមើលមិនសះស្បើយ បានសម្រេចចិត្តចងក ធ្វើអត្តឃាតព្រោះតែមិនចង់ឲ្យកូនៗលំបាកដោយសារខ្លួន។ ទោះជាបែបនេះក្តីកូនៗបានលើកឡើងថា គ្រប់គ្នាមិនដែលព្រងើយកន្តើយនឹងឪពុកឡើយម្នាក់ៗខិតខំជូនគាត់ទៅរកគ្រូពេទ្យមិនថាអស់លុយប៉ុណ្ណាក៏មិនស្តាយដែរ តែចុងក្រោយឪពុកបែរជាសម្រេចចិត្តបញ្ចប់ជីវិតចាកចោលកូន និងចៅទាល់តែបាន។ ប្រភពនគរបាលស្រុកថ្ពងបានឲ្យដឹងថា ករណីអត្តឃាតនេះកើតឡើងនៅថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៣ មេសា ២០១៨ នៅភូមិថ្នល់កែង ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ជនរងគ្រោះឈ្មោះ ឡឹង លី ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។
ប្រភពបន្តថា តាមការសាកសួរសាច់ញាតិ និងកូនចៅ គឺជនរងគ្រោះមានជំងឺឬសដូងបាត ច្រើនឆ្នាំមកហើយ បើទោះជាកូនចៅនាំទៅព្យាបាលយ៉ាងណាក៏មិនជាសះស្បើយដែរ។ មុនពេលកើតហេតុក្រុមគ្រួសារកូនចៅតែងសង្កេតឃើញថា ប៉ុន្មានថ្ងៃចុងក្រោយនេះ ឪពុករបស់ខ្លួនចេះតែពោលថា គាត់មិនចង់រស់នៅយូទេ កុំឲ្យពិបាកកូនចៅអស់លុយកាក់ច្រើន ហើយចេះតែទៅអង្គុយក្រោមដើមស្តៅមួយកន្លែងក្រោយផ្ទះ។ រហូតដល់ថ្ងៃកើតហេតុវេលាម៉ោង១៧ និង៥០នាទីស្រាប់តែបាត់ឪពុកពេលនោះកូនៗបាននាំគ្នាដើររកគ្រប់ច្រកល្ហកតែរកមិនឃើញ ក៏បាននាំគ្នាទៅមើលនៅដើមស្តៅក៏ប្រទះឃើញឪពុកចងកស្លាប់បាត់ទៅហើយ។ បន្ទាប់ពីមានការភ្ញាក់ផ្អើល ក្រុមគ្រួសារក៏រាយការណ៍ទៅសមត្ថកិច្ចដើម្បីមកពិនិត្យកន្លែងកើតហេតុ។
មន្ត្រីនគរបាលមួយរូបបានបញ្ជាក់ប្រាប់ថា ជនរងគ្រោះបានចងកនឹងខ្សែអង្រឹងសំប៉ែត ពណ៌ខៀវ ជាប់មែកដើមស្តៅ កម្ពស់៣ម៉ែត្រ ក្រោយផ្ទះចម្ងាយ៧០ម៉ែត្រ។ សមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះអាចតូចចិត្តដោយសារខ្លួនកើតជំងឺឬសដូងមើលមិនជាសះស្បើយទើបសម្រេចចិត្តធ្វើអត្តឃាតបែបនេះ។ នគរបាលជំបាញបានប្រាប់ផងដែរថា ក្រោយពីពិនិត្យ សពមិនមានស្លាកស្នាមអ្វីផ្សេងទៀតទេ ជំនាញបានរៀបចំឯកសារប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី។