រាជធានីភ្នំពេញ៖ បើគ្មានការប្រែប្រួលនោះទេ សាលាឧទ្ធរណ៍នឹងបើកសវនាការលើបណ្តឹងប្តឹងឧទ្ធរណ៍របស់ជនជាប់ចោទ ជួប សម្លាប់ ដែលសាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត លើករណីបាញ់សម្លាប់លោកបណ្ឌិត កែម ឡី អ្នកវិភាគសង្គម និងនយោបាយ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧លោក លាង សំណាត់ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទ អឿត អាង ហៅ ជួប សម្លាប់ ដាក់ពន្ធនាគារអស់មួយជីវិត ក្រោមការចោទប្រកាន់ពីបទ ឃាតកម្មគិតទុកជាមុន និងការកាន់កាប់អាវុធខុសច្បាប់ ។ នៅពេលសវនាការកាលពីថ្ងៃទី១ ខែមិនា ឆ្នាំ២០១៧ ជួប សម្លាប់ បានសារភាពថា ខ្លួនជាអ្នកបាញ់សម្លាប់ លោក បណ្ឌិត កែម ឡី ដោយសារខឹងលោក កែម ឡី ជំពាក់ប្រាក់មិនសង ហើយអះអាងថា គ្មានអ្នកនៅពីក្រោយខ្នងនៃឃាតកម្មនេះទេ ។
យ៉ាងណាមិញភរិយាលោក កែម ឡី និងមនុស្សមួយចំនួននៅតែយល់ថា ការបាញ់សម្លាប់លោក កែម ឡី គឺជារឿងនយោបាយ ខណៈប្រមុខដឹកនាំរាជរដ្ឋាភិបាលបានអះអាងម្តងហើយម្តងទៀតថា ការស្លាប់របស់លោក កែម ឡី មិនពាក់ព័ន្ធនឹងគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលនោះទេ ព្រោះការស្លាប់របស់លោក កែម ឡី គឺបានធ្វើឲ្យគណបក្សកាន់អំណាចជាអ្នកខាតបង់ធ្ងន់ធ្ងរ ។
ជនជាប់ចោទ អឿត អាង ហៅ ជួប សម្លាប់ អាយុ៣៨ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ក្រោយពីបាញ់សម្លាប់ លោក បណ្ឌិត កែម ឡី កាលពីវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចក្នុងទីតាំងស្តារម៉ាតនៃស្ថានីយប្រេងឥន្ធនៈកាល់តិចបូកគោ ស្ថិតនៅកាច់ជ្រុងមហាវិថីព្រះមុនីវង្ស និងមហាវិថី ម៉ៅសេទុង ក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ។