សម្តេច​ហ៊ុនសែន ទៅ​វៀតណាម ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​មហា​អនុតំបន់​មេគង្គ ថ្ងៃទី​៣០-៣១​មីនា​! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេច​ហ៊ុនសែន ទៅ​វៀតណាម ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​មហា​អនុតំបន់​មេគង្គ ថ្ងៃទី​៣០-៣១​មីនា​! ! !

29/03/2018
ភ្នំពេញ​ ៖ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​មហា​អនុតំបន់​មេគង្គ លើក​ទី​៦ ស្រប​ជាមួយ​កិច្ចប្រជុំ​កំពូល​កម្ពុជា លាវ វៀតណាម លើក​ទី​១០ ស្តីពី តំបន់ត្រីកោណ​អភិវឌ្ឍន៍ ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​៣០ ដល់​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។ នេះ​បើតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស​។​

​សេចក្តី​ជូន​ព័ត៌មាន​ចុះ​ថ្ងៃទី​២៧​ខែមីនា ឆ្នាំ​២០១៨ បង្ហាញថា គម្រោង​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ នៅ​ទីក្រុង​ហាណូយ របស់​សម្តេច​តេ​ជោ ហ៊ុនសែន នា​ចុង​សប្តាហ៍​នេះ នឹងធ្វើ​ឡើង តប​តាម​ការអញ្ជើញ​របស់លោក ង្វៀន សួន​ហ្វ៊ុ​ក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។
​ក្រសួងការបរទេស លើកឡើងថា ឥស្សរជន​កម្ពុជា ដែល​នឹង​អញ្ជើញ​អមដំណើរ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី រួមមាន លោក អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក វ៉ា គឹមហុង ទេសរដ្ឋមន្ដ្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​ជាតិ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រ​មាញ់ និង​នេសាទ ព្រមទាំង​សមាជិក​ដទៃទៀត​នៃ​រាជរដ្ឋាភិបាល​កម្ពុជា។​

​សេចក្តី​ជូន​ព័ត៌មាន​ដដែល លើកឡើងថា ក្នុងអំឡុងពេល​កិច្ចប្រជុំ​កំពូល​មហា​អនុតំបន់​មេគង្គ លើក​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ ក្រោម​ប្រធានបទ “​សមិទ្ធផល​រយៈពេល ២៥​ឆ្នាំ នៃ​កិច្ចសហប្រតិបត្តិការ និង​ការកសាង​មហា​អនុតំបន់​មេគង្គ​ប្រកបដោយ​ចីរភាព សមាហរណកម្ម និង​វិបុលភាព​” ថ្នាក់ដឹកនាំ នឹង​អនុម័ត​ជា​ផ្លូវការ​ផែនការ​សកម្មភាព​ទីក្រុង​ហាណូយ ឆ្នាំ​២០១៨-២០២២ និង​ក្របខ័ណ្ឌ​វិនិយោគ​តំបន់ ឆ្នាំ​២០២២​។ សេចក្តីថ្លែងការណ៍​រួម​របស់​កិច្ចប្រជុំ​កំពូល នឹងត្រូវ​ចេញផ្សាយ ផងដែរ​។​

​ក្រសួងការបរទេស បន្ថែមថា នៅក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចប្រជុំ​កំពូល​មហា​អនុតំបន់​មេគង្គ លើក​ទី​៦ សម្តេច​តេ​ជោ ក៏​នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា ក្នុង​កិច្ចប្រជុំ​កំពូល​ធុរកិច្ច​របស់​មហា​អនុតំបន់​មេគង្គ ដែល​ផ្តោតទៅលើ​ភាពជោគជ័យ និង​ការ​ប្រឈម​លើ​វិស័យ​សំខាន់ៗ នៃ​ការអភិវឌ្ឍ​អនុតំបន់​មេគង្គ ផងដែរ​។​

​ក្រសួងការបរទេស បន្តថា ក្នុងអំឡុងពេល​កិច្ចប្រជុំ​កំពូល កម្ពុជា លាវ និង​វៀតណាម លើក​ទី​១០ ស្តីពី តំបន់ត្រីកោណ​អភិវឌ្ឍន៍ ថ្នាក់ដឹកនាំ នឹង​ពិនិត្យ​សមិទ្ធផល នា​ឆ្នាំកន្លងមក នៃ​គំនិត​ផ្ដួចផ្ដើម​នានា ហើយនឹង​កំណត់​ទិសដៅ​អភិវឌ្ឍន៍​នាពេល​អនាគត ក្នុង​វិស័យ​សំខាន់ៗ រួមមាន​កិច្ចសហប្រតិបត្តិការ ក្នុង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ និង​ថាមពល​។ ថ្នាក់ដឹកនាំ នឹង​អនុម័ត​ផែនការ​សកម្មភាព​សម្រាប់​ការតភ្ជាប់​សេដ្ឋកិច្ចកម្ពុជា លាវ វៀតណាម ដល់​ឆ្នាំ​២០៣០ និង​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួម​នៃ​កិច្ចប្រជុំ​កំពូល កម្ពុជា លាវ វៀតណាម លើក​ទី​១០ ស្តីពី​តំបន់ត្រីកោណ​អភិវឌ្ឍន៍​។​

​ក្រសួងការបរទេស បាន​គូសបញ្ជាក់ថា ការអញ្ជើញ​ចូលរួម​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក្នុង​ព្រឹត្តិការណ៍​ទាំងពីរ​នេះ នឹង​ឆ្លុះបញ្ចាំង​នូវ​ការប្តេជ្ញា​របស់​កម្ពុជា ក្នុង​ការលើក​កម្ពស់​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​នៅក្នុង​មហា​អនុតំបន់​មេគង្គ និង​ក្នុង​ក្របខ័ណ្ឌ​កម្ពុជា លាវ វៀតណាម ដើម្បី​ធានា​ឲ្យ​បាន​នូវ​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព នៅក្នុង​តំបន់​។