កូរ៉េខាងជើង ចង់ផ្លាស់ប្ដូរព័ត៌មាន និងបទពិសោធន៍ពីវិស័យការងារ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈជាមួយកម្ពុជា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កូរ៉េខាងជើង ចង់ផ្លាស់ប្ដូរព័ត៌មាន និងបទពិសោធន៍ពីវិស័យការងារ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈជាមួយកម្ពុជា

23/03/2018
(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េប្រចាំកម្ពុជា (កូរ៉េខាងជើង) លោក Jang Yung Gon នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ នេះរួចមក លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា កូរ៉េខាងជើងចង់ផ្លាស់ប្ដូរព័ត៌មាន និងបទពិសោធន៍ពីវិស័យការងារ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈជាមួយកម្ពុជា ដោយសារមើលឃើញពីវឌ្ឍនភាពថ្មីៗនៃវិស័យទាំងនេះ ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងអនុវត្ត។
ជំនួបពិភាក្សានេះធ្វើឡើងនៅទីស្ដីការក្រសួងការងារ។ លោករដ្ឋមន្ត្រីជម្រាបជូនទៅលោកអគ្គរដ្ឋទូតថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រទេសកម្ពុជាបន្តរក្សាបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដែលអាចរក្សាបាននូវកំណើនសេដ្ឋកិច្ចជាតិក្នុងអត្រា ៧% ក្នុងមួយឆ្នាំ និងអត្រាមានការងារធ្វើ ៩៩.៣%។
ការរីកចម្រើនទាំងនេះ គឺអាស្រ័យដោយសារការដាក់ចេញនូវគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក ជាពិសេសយុទ្ធសាស្រ្តចតុដំណាក់កាលទី៣។
តាមរយៈការដាក់ចេញនូវគោលនយោបាយបន្ថែមទៀតនាពេលថ្មីៗនេះ រួមមាន៖ គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ២០១៥-២០២៥, គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ និងគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ២០១៧-២០២៥ ដោយក្នុងនោះបានកំណត់យុទ្ធសាស្រ្ត ដើម្បីធានាដំណើរការផ្លាស់ប្តូរកម្លាំង ពលកម្មជំនាញផ្សេងៗ និងបង្កើនល្បើនក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ដើម្បីឲ្យឈានទៅដល់ប្រទេសមួយដែលមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់នាឆ្នាំ២០៣០ និងក្លាយទៅជាប្រទេស អភិវឌ្ឍនាឆ្នាំ២០៥០។

លោកលើកឡើងថា ស្របតាមយុទ្ធសាស្ត្រចតុកោណជំហានទី៣របស់រាជរដ្ឋាភិបាល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាល រយៈពេល៥ឆ្នាំ (២០១៤-២០១៨) របស់ខ្លួន ដែលក្នុងនោះអាទិភាពទី១ គឺការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ដើម្បីធ្វើឲ្យប្រសើរទ្បើងនូវទំនាក់ទំនងវិជ្ជាជីវៈជាមួយគ្រប់ភាគីពាក់ព័ន្ធ បង្កើនផលិតភាព លក្ខខណ្ឌការងារល្អ ប្រាក់ឈ្នួលសមរម្យ មានសុខមាលភាព និងកិច្ចគាំពារសង្គមកាន់តែល្អប្រសើរ ព្រមទាំងការរក្សាបាននូវនិរន្តរភាពនៃវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងការវិនិយោគ។
តាមរយៈការពង្រឹងការអុនវត្តច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីសហជីព រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងធ្វើឱ្យកាន់តែប្រសើរឡើងនូវ៖ ទី១-ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិត ទី២-ធានានូវសិទ្ធិសេរីភាពនៃអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងនិយោជក ទី៣-ជំរុញឱ្យមានសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ ទី៤-រួមចំណែកក្នុងការបង្កើតការងារសមរម្យ និងទី៥- បង្កើនផលិតភាពដើម្បីអភិវឌ្ឍប្រទេសជាតិ និងលើកកម្ពស់ជីវភាពរបស់កម្មករនិយោជិត ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា អនុសញ្ញាលេខ៨៧ និងលេខ៩៨ របស់អង្គការ ILO។

លោកបន្តថា ដោយសារមើលឃើញពីវឌ្ឍនភាពនេះហើយ ទើបកូរ៉េខាងជើងចង់សិក្សាស្វែងយល់បន្ថែមទៀតពីវឌ្ឍនភាពថ្មីៗ នៃវិស័យការងារ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងអនុវត្ត និងការចែករំលែកនូវបទពិសោធន៍ និងផ្លាស់ប្តូរព័ត៌មានមួយចំនួនពីគ្នាទៅវិញទៅមក៕