សម្តេចតេជោ ហ៊ុន សែន៖ ជំនួយរបស់ចិនមិនត្រឹមតែជំរុញសេដ្ឋកិច្ចនោះទេ តែក៏បានពង្រឹងឯករាជ្យភាពរបស់កម្ពុជាផងដែរ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន៖ ជំនួយរបស់ចិនមិនត្រឹមតែជំរុញសេដ្ឋកិច្ចនោះទេ តែក៏បានពង្រឹងឯករាជ្យភាពរបស់កម្ពុជាផងដែរ

23/03/2018
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមើលឃើញថា ភាពរីកចម្រើនរបស់មហាយក្សចិននាពេលបច្ចុប្បន្ននេះ មិនត្រឹមតែជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋចិនប៉ុណ្ណោះទេ តែក៏កំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍដល់បណ្តាប្រទេសដទៃរួមទាំងកម្ពុជា។ ក្នុងនោះជំនួយរបស់ចិនសម្រាប់កម្ពុជា មិនត្រឹមតែជួយជំរុញកំណើនសេដ្ឋកិច្ចនោះឡើយ តែក៏បានជួយពង្រឹងឯករាជ្យភាពផ្នែកនយោបាយរបស់កម្ពុជាផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងគូសបញ្ជាក់យ៉ាងដូច្នេះក្នុងឱកាសអញ្ជើញបើកការដ្ឋានជួសជុលឡើងវិញផ្លូវជាតិលេខ១១ ប្រវែងជាង ៩៦គីឡូម៉ែត្រ ក្រោមហិរញ្ញប្បទានសម្បទានរបស់រដ្ឋាភិបាលជាង ៩៤លានដុល្លារអាមេរិកនាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨នេះ។

ពីលើវេទិកាបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១១ នៅចំពោះមុខប្រជាពលរដ្ឋរាប់ពាន់នាក់មកពីបណ្តាស្រុកនានាក្នុងខេត្តព្រៃវែង សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមិទ្ធផលនៅកម្ពុជាជាច្រើន ជាពិសេសការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ថ្នល់ រួមទាំងផ្លូវជាតិលេខ១១ផងដែរ មិនអាចធ្វើទៅបានឡើយបើចិនមិនផ្តល់ជំនួយទេនោះ។

ដោយយោងលើហេតុផលនេះ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមើលឃើញថា ភាពរីកចម្រើនរបស់ចិន បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ សម្រាប់ភាពរីកចម្រើនរបស់ប្រទេសដទៃ រួមទាំងកម្ពុជា។ ជាពិសេសជំនួយរបស់ចិន ជាជំនួយស្មោះត្រង់ក្នុងកិច្ចសហប្រតិបត្តិការ មិនជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «បើចិនក្លាយទៅជាប្រទេសអ្នកមាន និងឥរិយាបទការទូតរបស់គាត់នៅក្នុងភាពជាអ្នកជិតខាងល្អ នៅក្នុងភាពជាអ្នកគោរព ឯករាជ្យភាព អធិបតេយ្យភាព នឹងជួយដល់ប្រទេសដទៃ យើងនឹងទទួលបានពីការអភិវឌ្ឍរបស់ចិន។ ចិន មិនដែលនាំកងទ័ពឆ្លងកាត់ទៅប្រទេសណាទេ នេះជាប្រវត្តិសាស្ត្រនៅក្នុងប្រទេសចិន។ ដូច្នេះយើងមិនគួរព្រួយបារម្ភណាមួយពាក់ព័ន្ធការរីកធំធាត់នៅក្នុងប្រទេសចិនទេ ផ្ទុយទៅវិញក្នុងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយយើងស្វាគមន៍ និងកោតសរសើរចំពោះការរីកលូតលាស់របស់ប្រទេសចិន ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការជួយប្រទេសចិនខ្លួនឯង និងជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសដៃ»។

សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានអះអាងដែរថា ជំនួយរបស់ចិនមកកាន់ប្រទេសកម្ពុជា មិនត្រឹមតែជាចំណែកអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជានោះទេ តែក៏បានជួយពង្រឹងនូវឯករាជ្យភាពខាងផ្នែកនយោបាយរបស់កម្ពុជាផងដែរ។

សម្តេចបានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំសូមបញ្ជាក់ថា ការជួយរបស់ចិនវាមិនមែនគ្រាន់តែជួយការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជាប៉ុណ្ណោះទេ ក៏ប៉ុន្តែវាបានជួយពង្រឹង ឯករាជ្យភាពខាងនយោបាយរបស់កម្ពុជាយើងផង។ ចំណុចនេះមានសារៈសំខាន់ខ្លាំងណាស់ ដែលខ្ញុំ ព្រះករុណាខ្ញុំ ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជន មានកុងសង់ស៊ីសក្នុងនយោបាយទៅលើទំនាក់ទំនងជាមួយសាធារណរដ្ឋប្រជាមានិតចិន»។

បើទោះបីយ៉ាងណាសម្តេចនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជំហរការទូតរបស់សម្តេចដែរថា កម្ពុជាត្រូវការចងទំនាក់ទំនងគ្រប់បណ្តាប្រទេសទាំងអស់គ្រាន់តែត្រូវមើលថា មិត្តល្អ គឺមិត្តដែលជួយគ្នាក្នុងក្រ។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកចិត្តជាមិត្តភក្តិមួយដែលធ្វើច្រើន និយាយតិច ខុសពីបណ្តាប្រទេសមួយចំនួននិយាយ ច្រើនតែធ្វើតិចទៅវិញ។

ក្នុងកិច្ចសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលធ្វើឡើងនៅចំពោះមុខឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក ស្យុង ព័រ ផងនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានមោទនភាព ដែលបានបន្តទំនាក់ទំនងគ្រប់ជ្រុងជ្រោយជាមួយចិនបន្តវេនពីសម្តេច នរោត្តម សីហនុ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសូមប្រសិទ្ធិពរជូនចំពោះចំណងមិត្តភាពកម្ពុជា និងចិន ស្ថិតស្ថេរគង់វង្សជាអមតៈ។

«ខ្ញុំពិតជាមានមោទនភាពដោយសារបានរួមចំណែកក្នុងឋានៈជារដ្ឋអធិបតេយ្យមួយបន្តវេនពីព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ដែលព្រះអង្គបានកសាង ទំនាក់ទំនងជាមួយ សាធារណរដ្ឋប្រជាមានិតចិនតាំងពីអតីតកាល។ ឥឡូវនេះក្រោមព្រះរាជកិច្ចដឹកនាំព្រះករុណ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី រួមជាមួយខ្ញុំព្រះករុណា ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យើងបានលើកកម្ពស់កម្រិតទំនាក់ទំនងនេះជាប្រចាំចាប់តាំពីឆ្នាំ២០១០មក ទំនាក់ទំនងនេះ បានក្លាយជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលជាចំណុចពិសេសមួយនាំទៅដល់ការបង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមក»។ នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។

សូមបញ្ជាក់ថា ទំនាក់ទំនងផ្លូវការកម្ពុជា-ចិន ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨។ ទំនាក់ទំនងបានធ្វើឡើងរយៈពេលតែ ៣ឆ្នាំប៉ុណ្ណោះ បន្ទាប់ពីព្រះបរមរតនកោដ្ឋ ព្រះកុរណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ បានជួបដោយផ្ទាល់ជាមួយនាយករដ្ឋមន្រ្តីចិន លោក ចូវ អ៉ីនឡាយ ក្នុងទីក្រុងបានឌុង ប្រទេសឥណ្ឌូនេស៊ី ក្នុងពេលចូលរួមសន្និសីទមិនចូលបក្សសម្ព័ន្ធនាខែមេសា ឆ្នាំ១៩៥៥។

ទំនាក់ទំនងដែលត្រូវអភិវឌ្ឍន៍ឡើងជាបន្តបន្ទាប់រហូតក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០១០កន្លងទៅនេះ ចិនបានក្លាយ ជាប្រទេសដែលផ្តល់ជំនួយ និងប្រាក់កម្ចីច្រើនជាងគេនៅកម្ពុជា ហើយក៏ជាប្រទេសមានទុនវិនិយោគធំជាងគេនៅកម្ពុជាផងដែរ។

ដោយមិនរាប់ពីជំនួយ និងកម្ចីលើវិស័យផ្សេងៗនោះ ប្រទេសចិនបានផ្តល់ជំនួយរាប់ពាន់លានដុល្លារអាមេរិក សម្រាប់អភិវឌ្ឍន៍លើការសាងសង់ប្រព័ន្ធហេដ្ឋារចនា សម្ព័ន្ធផ្លូវ ស្ពាន ថ្នល់នៅកម្ពុជា។ របាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា មកដល់បច្ចុប្បន្ននេះ គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការ និងជំនួយឥតសំណងរបស់មិត្តចិន បានសាងសង់រួចមានចំនួន ២៣ខ្សែ មាប្រវែងសរុប ២,៣០១គីឡូម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ១,៣០០លានដុល្លារអាមេរិក។

គម្រោងកំពុងសាងសង់មានចំនួន ០៦ខ្សែ មានប្រវែងប្រមាណ៦០០គីឡូម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ៤៩០លានដុល្លារអាមេរិក។

គម្រោងត្រៀមសាងសង់ក្នុងឆ្នាំ២០១៨នេះ មានចំនួន ០២គម្រោង គឺគម្រោងផ្លូវជាតិលេខ៣ និងផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលមានប្រវែងសុរប ១៨៧ គីឡូម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ ៤៨៣លានដុល្លារអាមេរិក ។

ស្ពានធំៗដែលបានសាងសង់រួចមានចំនួន ០៧ស្ពាន មានប្រវែងសរុប ៦,៨២៤ម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ២១៦លានដុល្លារអាមេរិក និងស្ពានកំពុងសាងសងចំនួន០១ គឺស្ពានឆ្លងកាត់ទន្លេមេគង្គ ស្ទឹងត្រង់-ក្រូចឆ្នា ។ សរុបគម្រោងដែលប្រើប្រាស់ហិរញ្ញប្បទានសហ ប្រតិបត្តិការ និងជំនួយឥតសំណងរបស់មិត្តចិន ដែលបានសាងសង់រួច កំពុងសាងសង់ និងត្រៀមសាងសង់ មានទឹកប្រាក់ប្រមាណ ២,៥៥៣លានដុល្លារអាមេរិក៕