ភ្នំពេញ ៖ «ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា នៅតែមានភាពវិជ្ជមាន ប៉ុន្តែអាចប្រឈមនឹងហានិភ័យនៃការធ្លាក់ចុះ។ ហានិភ័យម៉ាក្រូសេដ្ឋកិច្ច និងហានិភ័យនានា ដូចមានក្នុងរបាយការណ៍កាលពីឆ្នាំ ២០១៧ បានបង្ហាញថាភាពមិនប្រាកដប្រជាក្នុងផ្នែកនយោបាយ ធ្វើឲ្យអតិថិជន និងអ្នកវិនិយោគបាត់បង់ទំនុកចិត្ត។» នេះគឺជាសម្រង់សម្តីក្នុងសេចក្តីថ្លែងការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បន្ទាប់ពីក្រុមបុគ្គលិកជំនាញរបស់ស្ថាប័ននេះ ដែលដឹកនាំដោយលោក Jarkko Turunen បានមកបំពេញទស្សនកិច្ច នៅទីក្រុងភ្នំពេញ ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦មីនាកន្លងទៅនេះ។
នៅក្នុងដំណើរទស្សនកិច្ចមួយសប្តាហ៍ដែលមានការជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ធនាគារជាតិនៃកម្ពុជា និងទីភ្នាក់ងារសាធារណៈផ្សេងៗជាច្រើន ក្រុមបុគ្គលិកជំនាញការរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ IMF អាចធ្វើការវាយតំលៃបានថា សេដ្ឋកិច្ចកម្ពុជា មានភាពវិជ្ជមានជាមួយនឹងកំណើនផលិតផលសរុបក្នុងស្រុក (GDP) ប្រមាណ ៧ភាគរយដដែល។ យ៉ាងណាមិញ ស្ថាប័ននេះ បានសំណូមពរឲ្យមានការផ្តោតលើការគ្រប់គ្រងហានិភ័យម៉ាក្រូសេដ្ឋកិច្ច ការការពារនិរន្តរភាពសេដ្ឋកិច្ច និងកំណែទម្រង់សារពើពន្ធ ដើម្បីទ្រទ្រង់ដល់ភាពរឹងមាំនៃកំណើននេះជាបន្តទៀត។
ក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃទី ១៧មីនា ក្រុុមជំនាញ IMF បានបង្ហាញពីកិច្ចពិភាក្សា ជុំវិញការអភិវឌ្ឍន៍ និងទស្សនវិស័យនៃសេដ្ឋកិច្ចកម្ពុជា ដោយគូសបញ្ជាក់ថា សេដ្ឋកិច្ចរបស់កម្ពុជាបន្តកើនឡើងក្នុងរង្វង់ ៧ភាគរយ តាមរយៈការគាំទ្រកាន់តែច្រើនលើការចំណាយក្នុងផ្នែកសាធារណៈ ភាពរឹងមាំនៃវិស័យសំណង់ និងសកម្មភាពនានាក្នុងវិស័យទេសចរណ៍។ ចំណែកអតិផរណាវិញ បានធ្លាក់ចុះ ២ភាគរយ ក្នុងខែមករាឆ្នាំ ២០១៨ ខណៈឱនភាពគណនីចរន្ត ត្រូវបានប៉ាន់ប្រមាណថា នៅតែមានស្ថេរភាព ក្នុងរង្វង់ ៨.៤ភាគរយ នៃផលិតផលក្នុងស្រុកសរុប GDP ក្នុងឆ្នាំ ២០១៧ ហើយទុនបម្រុងបរទេស បានបន្តកើនឡើង រហូតដល់ ៨.៩ពាន់លានដុល្លារ ក្នុងខែមករា ឆ្នាំ ២០១៨។
ចំពោះកំណើនឥណទានរបស់ធនាគារវិញ បានកើនឡើងបន្តិចដល់ទៅ ១៧.២ភាគរយ ក្នុងខែមករាឆ្នាំ ២០១៨ ប៉ុន្តែកំណើនឥណទានក្នុងសកម្មភាពអចលនទ្រព្យ និងសំណង់ បានបន្តកើនឡើងក្នុងល្បឿនលឿន ជាងឥណទានក្នុងវិស័យផ្សេងៗទៀត។
តាមសេចក្តីថ្លែងការណ៍ដដែល ក៏មានការបញ្ជាក់ថា ឱនភាពទូទៅរបស់រដ្ឋាភិបាល ត្រូវបានប៉ាន់ប្រមាណថា កើនឡើងដល់ ២.៦ភាគរយនៃចំនួន GDP ក្នុងឆ្នាំ ២០១៧ ខណៈកំណើនប្រាក់ចំនូលនៅតែបន្តកើន ច្រើនជាងកំណើនប្រាក់ចំណាយ។ ចំពោះបំណុលសាធារណៈវិញ នៅតែមានកម្រិតទាប គឺត្រឹម ៦,៦៧១លានដុល្លារ ដែលស្មើនឹងប្រហែល ៣០ភាគរយនៃចំនួន GDPសរុប គិតត្រឹមចុងឆ្នាំ ២០១៧។
គួររម្លឹកជូនថា កាលពីសប្តាហ៍មុនធនាគារពិភពលោក World Bank ក៏ទើបបានចេញផ្សាយរបាយការណ៍មួយ ដោយវាយតំលៃថា កម្ពុជា គឺជាប្រទេសដែលមានចំណូលមធ្យមទាប ខណៈលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ធ្លាប់បាននិយាយថា កម្ពុជាមានគម្រោងក្នុងដៃជាច្រើន ដែលអាចធ្វើឲ្យសេដ្ឋកិច្ចបន្តកើនឡើងក្នុងរង្វង់ ៧ភាគរយនៅឆ្នាំ ២០១៨។ ហើយគម្រោងនេះក៏នឹងធ្វើឲ្យផលិតផលក្នុងស្រុកសរុប GDP មានតំលៃកើនឡើងដល់ទៅ ២៤.៥ពាន់លានដុល្លារផងដែរ។