ភ្នំពេញ ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ១៧ មីនា បានផ្ញើសារអបអរសាទរលោក ស៊ី ជីនពីង ដែលទើបតែត្រូវបានសភាប្រជាជនចិនសម្រេចបោះឆ្នោតជាឯកច្ឆ័ន ឲ្យបន្តធ្វើជាប្រធានាធិបតីចិនអាណត្តិថ្មីទៀត។ លោក ហ៊ុន សែន បានគូសបញ្ជាក់ថា លោកបានត្រៀមខ្លួនរួចហើយ ដើម្បីបន្តធ្វើការងារយ៉ាងជិតស្និទជាមួយលោក ស៊ី ជីនពីង ខណៈអ្នកវិភាគប្រចាំតំបន់បានមើលឃើញថា ទំនាក់ទំនង កម្ពុជា-ចិន នឹងបន្តរឹងមាំនៅក្នុងរយៈពេល១០ឆ្នាំទៅមុខទៀត។
គឺបន្ទាប់ពីសភាប្រជាជនចិន បានសម្រេចបោះឆ្នោតជាឯកច្ឆន្ទឲ្យលោក ស៊ី ជីនពីង បន្តធ្វើជាប្រធានាធិបតីចិនជាថ្មី កាលពីថ្ងៃទី ១៧ មីនារួចមក ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន ក៏បានផ្ញើសារអបអរសាទរភ្លាមៗដែរ។ ពីកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី ដែលកំពុងប្រព្រឹត្តទៅនៅឯទីក្រុងស៊ីដនីប្រទេសអូស្ត្រាលី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា លោកបានត្រៀមខ្លួនរួចហើយ ដើម្បីបន្តធ្វើការងារជាមួយលោក ស៊ី ជីនពីង ក្នុងភាពជិតស្និទ្ធ ដើម្បីពង្រឹងមិត្តភាព និងលើកស្ទួយភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ឲ្យឈានឡើងខ្ពស់មួយកម្រិតថែមទៀត។ នៅក្នុងសារលិខិតដដែលនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជានិងចិនមានទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើរ និងមានកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ ហើយកំពុងរីកចម្រើនលើវិស័យនានាជាច្រើនទៀត។ ហើយការប្រាស្រ័យទាក់ទងគ្នាយ៉ាងស្អិតល្មួត និងការផ្លាស់ប្តូរទស្សនកិច្ចដ៏មមាញឹកនៃថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងបណ្តាឆ្នាំថ្មីៗនេះ វាបានពង្រឹងឲ្យកាន់តែរឹងមាំថែមទៀត នូវស្មារតីសាមគ្គីភាពរវាងប្រជាជាតិទាំងពីរ។ នេះបើតាមសារលិខិតរបស់លោក ហ៊ុន សែន។
គួរជំរាបជូនថា នៅមួយសប្តាហ៍ បន្ទាប់ពីសភាប្រជាជនចិនបានអនុម័តការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយបានលប់ចោលនូវការកំណត់អាណត្តិប្រធានាធិបតីចិន តែ២អាណត្តិមកនោះ នៅថ្ងៃសៅរ៍ ទី១៧ មីនា សភាប្រជាជនចិនដដែល ក៏បានសម្រេចបោះឆ្នោតជាឯកច្ឆន្ទក្នុងសំឡេង ២៩៧០ តែងតាំង លោក ស៊ី ជីនពីង ឲ្យបន្តតំណែងធ្វើជាប្រធានាធិបតីចិនអាណត្តិថ្មីបន្តទៀត។ តាមរយៈរដ្ឋធម្មនុញ្ញថ្មីរបស់ចិន លោក ស៊ី ជីនពីង អាចធ្វើប្រធានាធិបតីចិនអស់មួយជីវិត។
លោកឈាង វណ្ណរិទ្ធ នាយករងនៃវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាយុទ្ធសាស្ត្រ បានចាត់ទុកលិខិតអបអរសាទររបស់ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន ថា មិនមែនត្រឹមតែជាលិខិតបែបការទូតប៉ុណ្ណោះទេ តែវាក៏បានបង្ហាញពីទំនាក់ទំនងរវាងបុគ្គលនិងបុគ្គលផងដែរ។ អ្នកវិភាគប្រចាំតំបន់រូបនេះ បានមើលឃើញថា ទំនាក់ទំនង កម្ពុជា-ចិន នឹងបន្តរឹងមាំនៅក្នុងរយៈពេល១០ឆ្នាំទៅមុខទៀត។ ពោលគឺបន្ទាប់ពីការប្តេជ្ញាចិត្តកាន់អំណាច១០ឆ្នាំទៅមុខទៀតរបស់លោក ហ៊ុន សែន និងការបន្តពង្រឹងកាន់អំណាចរបស់លោក ស៊ី ជីនពីង។