លោក ពូទីន៖ «វាមិនសមហេតុផលទាល់តែសោះ ដែលចោទថា រុស្ស៊ីជា​អ្នកលួចបំពុល អតីតមន្ត្រី​ចារកម្ម​សម្ងាត់...» - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក ពូទីន៖ «វាមិនសមហេតុផលទាល់តែសោះ ដែលចោទថា រុស្ស៊ីជា​អ្នកលួចបំពុល អតីតមន្ត្រី​ចារកម្ម​សម្ងាត់...»

19/03/2018
(ម៉ូស្គូ)៖ ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀ ពូទីន បាននិយាយថា វាមិនសមហេតុ​សមផល​ទាល់តែសោះ ដែល​​ប្រទេស​​មួយចំនួនគិតថា រដ្ឋាភិបាល​ទីក្រុងម៉ូស្គូ ជាអ្នកនៅពីក្រោយ​ការដាក់ថ្នាំបំពុល​ ដើម្បីសម្លាប់អតីត​មន្រ្តីចារកម្ម​រុស្ស៊ី គឺលោក Sergei Skripal រួម​ជាមួយ​និងកូនស្រី​របស់លោក ដែលទាំងពីរនាក់​ឪពុក និងកូន នាខណៈ​ពេលនេះ កំពុងបន្តស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរខ្លាំង នៅឯមន្ទីរពេទ្យ​​ក្នុង​​ចក្រភព​អង់គ្លេស។ នេះបើតាមការចេញ​ផ្សាយដោយ​សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី១៩ ខែមីនា ឆ្នាំ​២០១៨។
អាជ្ញាធរអង់គ្លេសបានអះអាងថា លោក Skripal និងកូនស្រី ត្រូវបានគេបំពុល​ដោយប្រើសារធាតុគីមី​ កាលពីសម័យសូវៀត​មាន​ឈ្មោះថា Novichok ហើយរដ្ឋមន្រ្តី​ការបរទេស​អង់គ្លេស លោក Boris Johnson នាថ្ងៃអាទិត្យ​ដដែល បាននិយាយថា រុស្ស៊ីបាននិង​កំពុងស្តុកទុកសារ​ធាតុគីមី​ដ៏កាចសាហាវនេះ ព្រមទាំងស្រាវជ្រាវ​ថា តើអាវុធបែបនេះ អាចត្រូវយកទៅ​ប្រើប្រាស់​តាមរបៀបណា​ខ្លះ ដើម្បីធ្វើ​ឃាតមនុស្ស។
យ៉ាងណាមិញ នៅក្នុងការធ្វើអត្ថាធិប្បាយ​លម្អិតលើកដំបូង​បំផុត​ជុំវិញរឿងនេះ លោក ពូទីន បានលើក​ឡើងថា ប្រទេសរុស្ស៊ី ត្រូវបានគេ​ចោទ​​ប្រកាន់ទាំង​យល់ច្រឡំ។ លោក​ប្រធានាធិបតីរុស្ស៊ី បានប្រាប់ក្រុម​អ្នកសារព័ត៌មាន​ថា លោកបានដឹង​អំពីសោកនាដកម្ម​ នៅចក្រភព​​អង់គ្លេសនេះ តាមរយៈប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ហើយអ្វីដែលលោក​នឹកឃើញដំបូងគេ​នោះគឺថា ប្រសិនបើថ្នាំពុល​ជាប្រភេទយោធា ​​ដូច​ទៅនឹងអាជ្ញាធរអង់គ្លេសអះអាង​មែននោះ ជនរងគ្រោះ​ច្បាស់ជាបានស្លាប់​នៅហ្នឹងកន្លែងបាត់​ទៅហើយ។

លោក ពូទីន បានបន្តថា ម៉្យាងវិញទៀត រុស្ស៊ីពុំមានសព្វាវុធ​បែបនេះឡើយ ដោយខ្លួនបាន​កម្ទេចរាល់អាវុធគីមី​ទាំងអស់ ដែលរុស្ស៊ីធ្លាប់​មាន​នៅក្រោមការ​ត្រួតពិនិត្យរបស់​បណ្តាអង្គការ​អន្តរជាតិ។ ដោយឡែកទោះ​បីជាមានភាពតានតឹង​នឹងគ្នាជុំវិញបញ្ហានេះក្តី លោក វ៉្លាឌីមៀ ពូទីន​ បានបញ្ជាក់ថា ទីក្រុងម៉ូស្គូត្រៀម​ខ្លួនជានិច្ច ដើម្បីសហការ​ជាមួយទីក្រុង​ឡុងដ៍។

គួរជម្រាបថា ជុំវិញការលួច​បំពុលអតីតមន្រ្តីចារកម្មរុស្ស៊ី​នៅលើទឹកដីចក្រភព​អង់គ្លេសនេះ រដ្ឋាភិបាល​ទីក្រុងឡុងដ៍ បានសម្រេច​បណ្តេញ​​មន្រ្តីទូតរុស្ស៊ី ២៣នាក់ នៅទីក្រុងឡុងដ៍ ឲ្យទៅប្រទេស​ដើមវិញ ខណៈជាការសងសឹក​ទីក្រុងម៉ូស្គូ បានសម្រេច​បណ្តេញទូតអង់គ្លេស​ ​ក្នុង​ចំនួន​ដូចគ្នាចេញពី​ប្រទេស​វិញ៕