តាមប្រភពពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា (Anti Cyber Crime Department) បានឲ្យដឹងថា ករណីមានអ្នកជួបប្រទះបញ្ហាដូចជា ការលួច(Hack) យក Facebook Account ឬការបោកប្រាស់តាមប្រព័ន្ធបណ្ដាញសង្គមផ្សេងៗ អាចមកដាក់ពាក្យបណ្ដឹងនៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យារៀងរាល់ម៉ោងធ្វើការចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៥ រសៀល ទីតាំងនៅក្នុងក្រសួងមហាផ្ទៃ មហាវិថីព្រះនរោត្តម ខណ្ឌចំការមន អគារ L។
ការ hack យកគណនីលើបណ្តាញសង្គម Facebook កំពុងក្តៅគគុកនៅពេលនេះ។ ថ្មីៗនេះមានបុគ្គលល្បីៗក៏ដូចជាស្ថាប័នព័ត៌មានមួយចំនួនរងការវាយប្រហារពីក្រុម Hack ចូលលុកលុញគណនីដោយបានផ្សព្វផ្សាយព័ត៌មានរសើបៗ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ចេញសារជូនដំណឹងមួយ ដើម្បីជួយដោះស្រាយបើសិនជនរងគ្រោះជួបករណីការ Hack គណនីដែលបង្កការរំខាននិងនាំប៉ះពាល់សុវត្ថិភាពប្រើប្រាស់ ប្រសិនបើអ្នកជួបបញ្ហាត្រូវទៅកាន់ទីតាំងខាងលើដោយផ្ទាល់ ឬអាចទាក់ទងទៅកាន់លេខ 023726822៕
ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
