សម្តេចតេជោ ហ៊ុន សែន ប្រកាសពីការដំឡើងប្រាក់ខែជូនមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធម្តងទៀតនៅខែមេសា​ និងឧបត្ថម្ភបន្ថែមម្នាក់ៗ៥ម៉ឺនរៀល ក្នុងឱកាសបុណ្យឆ្នាំខ្មែរ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន ប្រកាសពីការដំឡើងប្រាក់ខែជូនមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធម្តងទៀតនៅខែមេសា​ និងឧបត្ថម្ភបន្ថែមម្នាក់ៗ៥ម៉ឺនរៀល ក្នុងឱកាសបុណ្យឆ្នាំខ្មែរ

01/03/2018
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨នេះ បានប្រកាសអំពីការបន្តដំឡើងប្រាក់ខែជូនមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នៅខែមេសា​ខាងមុខនេះម្តងទៀត ជាមួយនឹងការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមម្នាក់ៗ ៥ម៉ឺនរៀលទៀត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។

សម្តេចតេជោ ហ៊ុន បញ្ជាក់ថា ការដំឡើងប្រាក់ខែជូនមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធនេះ នឹងត្រូវបើកឲ្យបានមុនចូលឆ្នាំខ្មែរ ដើម្បីឲ្យពួកគាត់យកទៅប្រើប្រាស់ក្នុងឱកាសបុណ្យឆ្នាំថ្មី។
ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញ កាត់ឫស្សសីមាព្រះវិហារ និងសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានានៅក្នុងវត្ត «ជ័យមង្គល» ហៅវត្តជ្រៃ ស្ថិតនៅឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «នៅសល់តែមួយខែទៀតប៉ុណ្ណោះប្រាក់ខែនឹងឡើងទៀតហើយ...ខែមករាកន្លងទៅគឺឡើងប្រាក់បៀវត្សមូលដ្ឋាន ឯដល់ខែមេសា មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធទាំងអស់នឹងឡើង នូវប្រាក់បំណាច់មុខតំណែង ហើយត្រូវតែបើកឲ្យបានមុនចូលឆ្នាំ ដើម្បីយកលុយទៅចូលឆ្នាំ បូកបន្ថែមទៅដល់មន្ត្រីរាជការទាំងអស់ រាប់តាំងពីឃុំ ភូមិទទួលបាននូវប្រាក់ឧបត្ថម្ភម្នាក់៥ម៉ឺនរៀល បន្ថែមទៀតចូលឆ្នាំម៉ាសប្បាយ កុំខ្វល់អាណាជាប់គុក មិនជាប់គុកអី ខ្វល់រឿងរាំវង់»។

សូមជម្រាបថា ដើម្បីចូលរួមលើកកម្ពស់កម្រិត ជីវភាពរបស់មន្ត្រីរាជការ គ្រូពេទ្យ គ្រូបង្រៀន និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ (យោធា នគរបាល និងអាវុធហត្ថ) ឲ្យកាន់តែមានជីវភាពធូរធានោះ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ឲ្យមានការដំឡើង ប្រាក់បៀវត្ស២ដងក្នុង១ឆ្នាំ ដោយលើកទី១ ដំឡើងនៅខែមករា និងលើកទី២ នៅខែមេសា មុនបុណ្យចូលឆ្នាំខ្មែរ។

ការដំឡើងប្រាក់បៀវត្សលើកទី១ នៅខែមករា ឆ្នាំ២០១៨ គឺជាការដំឡើង អត្រាកំណើន១២% នៃមូលដ្ឋានប្រាក់បៀវត្ស និងការដំឡើងលើកទី២ នៅខែមេសា មុនចូលឆ្នាំខ្មែរ ដែលជាការដំឡើងប្រាក់ បំណាច់មុខងារ។

អ្នកនាំពាក្យក្រសួងមុខងារសាធារណៈ លោក យក់ ប៊ុនណា ធ្លាប់បានបញ្ជាក់ប្រាប់ Fresh News ឲ្យដឹងថា សម្រាប់ការដំឡើងប្រាក់ប្រៀវត្សជូនមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធលើកទី២ នៅខែមេសា មុនចូលឆ្នាំខ្មែរមាន៖

១៖ ប្រាក់បៀវត្សមន្ត្រីរាជការស៊ីវិល ផ្នែករដ្ឋបាលថ្នាក់ទាបបំផុត នឹងត្រូវកើនឡើងដល់ ១,០១៤,៤៥០រៀល ចាប់ពីខែមេសា ឆ្នាំ២០១៨
២៖ ប្រាក់បៀវត្សគ្រូបង្រៀន កម្រិតទាបបំផុត នឹងត្រូវកើនឡើងដល់ ១,១១៤,៤៥០រៀល ចាប់ពីខែមេសា ឆ្នាំ២០១៨
៣៖ ប្រាក់បៀវត្សគ្រូពេទ្យ កម្រិតទាបបំផុត នឹងត្រូវកើនឡើងដល់ ១,១១៤,៤៥០រៀល ចាប់ពីខែមេសា ឆ្នាំ២០១៨
៤៖ ប្រាក់បៀវត្សនគរបាលជាតិ ថ្នាក់ទាបបំផុត នឹងត្រូវកើនឡើងដល់ ១,០៩៨,៩២៨រៀល ចាប់ពីខែមេសា ឆ្នាំ២០១៨
៥៖ ប្រាក់បៀវត្សយោធា (កងទ័ព) ថ្នាក់ទាបបំផុត នឹងត្រូវកើនឡើងដល់ ១,០៣៥,០២៨រៀល ចាប់ពីខែមេសា ឆ្នាំ២០១៨

បៀវត្សអប្បបរមារបស់យោធិន និង មន្ត្រីនគរបាលជាតិ គឺគិតបញ្ចូលទាំង ប្រាក់ហូបប្រចាំថ្ងៃ និងរបបអង្ករប្រចាំខែគិតជាសាច់ប្រាក់។

គួរបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជាញឹកញយធ្លាប់បានអះអាង និងសន្យាចំពោះមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធថា នៅឆ្នាំ២០១៨ មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នឹងមានប្រាក់បៀវត្សទាបបំផុត១លានរៀន។ ដូច្នេះការសន្យានេះ គឺពិតធ្វើបានប្រាកដមែន មិនមែនសន្យាខ្យល់នោះទេ៕