NOCC គ្រោង​​ចំណា​យ ៦០ ទៅ ៧០ម៉ឺន​ដុល្លារ ដើម្បី​​រៀប​ចំ​​ពិ​ធី​​បើក-បិទ​​កីឡា​ជាតិ លើក​ទី​២ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

NOCC គ្រោង​​ចំណា​យ ៦០ ទៅ ៧០ម៉ឺន​ដុល្លារ ដើម្បី​​រៀប​ចំ​​ពិ​ធី​​បើក-បិទ​​កីឡា​ជាតិ លើក​ទី​២

27/02/2018
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈនេះ បានបើកកិច្ចប្រជុំបច្ចេកទេសជាមួយភាគីពាក់ព័ន្ធផ្សេងៗ ដើម្បីជជែកពីគម្រោងរៀបចំពិធីបើក-បិទព្រឹត្តិការណ៍កីឡាជាតិ លើកទី២ ដែលជាបន្ទុករបស់ខ្លួន នៅទីស្នាក់ការ NOCC គ្រាដែលស្ថាប័នកីឡាកំពូលមួយនេះ គ្រោងនឹងចំណាយថវិកាចន្លោះពី ៦០ម៉ឺនដុល្លារ ទៅ ៧០ម៉ឺនដុល្លារ ដើម្បីរៀបចំពិធីបើក-បិទព្រឹត្តិការណ៍ ២ឆ្នាំម្ដងនេះ ឲ្យកាន់តែកក្រើក និងអស្ចារ្យជាងមុន។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានបញ្ជាក់ថា ទំហំចំណាយរៀបចំពិធីបើក-បិទកីឡាជាតិឆ្នាំនេះ ត្រូវកើនឡើងស្ទើរទ្វេដង ព្រោះលើកមុនការចំណាយអស់ប្រមាណ ៤០ម៉ឺនដុល្លារប៉ុណ្ណោះ។ ជុំវិញការបង្កើនខ្ទង់ចំណាយដ៏ច្រើនបែបនេះ ដោយសារការសម្ដែងរបស់ក្រុមកីឡា ក្រុមសិល្បៈ និងក្រុមយុវជនផ្សេងៗ មានចំនួនកើនឡើងច្រើនរហូតដល់ជាង ៥,០០០នាក់ គ្រាដែលការសម្តែងបច្ចេកវិទ្យាភ្លើងពណ៌ និងការបាញ់កាំជ្រួចជាដើម សុទ្ធតែត្រូវរៀបចំស្របតាមស្ដង់ដារអន្ដរជាតិ ដោយក្រុមហ៊ុនមកពីប្រទេសចិនទៀតផង។
ប៉ុន្ដែបច្ចុប្បន្ន NOCC ទើបរកបានប្រភពចំណូលពីអ្នកឧបត្ថម្ភត្រឹម ៤០ម៉ឺនដុល្លារប៉ុណ្ណោះ។ តែទោះជាបែបនេះក្ដី លោកបានប្ដេជ្ញាចិត្តស្វែងរកប្រភពចំណូលឲ្យបានគ្រប់ ដើម្បីឈានទៅសម្រេចគោលដៅ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។ លោកបញ្ជាក់ថា «ឈានដល់ដំណាក់កាលនេះ ការរៀបចំមិនអាចធ្លាក់ថយក្រោយបានទេ ហេតុនេះគណៈកម្មការរៀបចំបានប្ដេជ្ញាចិត្តយ៉ាងមុតមាំ ដោយអ្នកធ្វើត្រូវបន្ដធ្វើ រីឯអ្នករកប្រភពចំណូល ត្រូវបន្ដស្វែងរកការឧបត្ថម្ភបន្ថែមទៀត»។

អគ្គលេខាធិការដដែលបន្ដថា ទោះបីកម្ពុជាមិនមានដើមទុនច្រើន ដើម្បីរៀបចំព្រឹត្តិការណ៍មួយឲ្យធំសម្បើម ឬអស្ចារ្យ តែយើងនឹងរៀបចំតាមលទ្ធភាព ប្រកបដោយប្រសិទ្ធភាពដែលអាចទទួលយកបាន ដើម្បីជាបទពិសោធន៍ សម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលគោលដៅសំខាន់ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាជាតិ ឬ National Games រៀងរាល់ ២ឆ្នាំម្ដង។ ដូច្នេះលោកបានជំរុញដល់គ្រប់ភាគីពាក់ព័ន្ធ ដែលត្រូវចូលរួមសម្ដែងក្នុងពិធីបើក-បិទ ត្រូវព្យាយាមធ្វើឲ្យបានល្អតាមផ្នែករៀងៗខ្លួន។
សូមបញ្ជាក់ថា កីឡាជាតិ លើកទី២ ឆ្នាំនេះ គ្រោងធ្វើឡើងចាប់ពីថ្ងៃទី២៥ ខែឧសភា រហូតដល់ថ្ងៃទី០៥ ខែមិថុនា ដោយមាន ២៧ប្រភេទកីឡាចូលរួម ស្មើនឹង ២៧២វិញ្ញាសា ក្នុងនោះរួមមានប្រភេទកីឡាបាល់ទាត់, បាល់ទះ, បាល់បោះ, អត្តពលកម្ម, ប៉េតង់, វាយសី, វាយកូនបាល់, ចំបាប់, វាយកូនឃ្លីលើតុ, តេក្វាន់ដូ WTF, ហែលទឹក, ល្បុក្កតោ, កាយសម្ព័ន្ធ, ប្រដាល់សកល, សូរិនស្ស៊ិកាំប៉ូ, តេក្វាន់ដូ ITF, ការ៉ាតេ, ប្រដាល់គុនខ្មែរ, យូដូ, ទ្រីយ៉ាត្លុង, វ៉ូវីណាម, បេស្បល, ប្រណាំងកង់, សីដក់, បាញ់កាំភ្លើង, បាល់ឱប និងកីឡាសូហ្វតិន្នីស៕